ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ត្រូវ​បញ្ជូន​ពី​កូរ៉េ​ខាង​ជើង​មក​កាន់​កូរ៉េ​ខាង​ត្បូង


លោក​ឧត្ដមសេនីយ៍ Vincent Brooks មេបញ្ជាការ​នៃ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ និង​ទី​បញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​នៅ​ក្នុង​ពិធី​សម្ភោធ​ទីស្នាក់ការ​កណ្តាល​របស់​​ទីបញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោក​ឧត្ដមសេនីយ៍ Vincent Brooks មេបញ្ជាការ​នៃ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ និង​ទី​បញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​នៅ​ក្នុង​ពិធី​សម្ភោធ​ទីស្នាក់ការ​កណ្តាល​របស់​​ទីបញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​បាន​ដឹក​ជញ្ជូន​ក្តារមឈូស​ចំនួន ៥៥ ដែល​ដាក់​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ​កាល​ពី​ជាង ៦ ទសវត្សរ៍​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​បាន​បញ្ជាក់​ក្នុង​សំណេរ​ដើម​ថា៖ «យន្តហោះ C-17 របស់​កង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ដែល​ដឹក​ជញ្ជូន​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​បាន​ចាកចេញ​ពី​ទីក្រុង Wonsan ប្រទេស​កូរ៉េ​ខាង​ជើង។ យន្តហោះ​នេះ​ត្រូវ​បាន​អម​ដំណើរ​ដោយ​ទាហាន​នៃ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​អ្នក​ជំនាញ​ខាង​បច្ចេកទេស​នៃ​ទីភ្នាក់ងារ​ទទួល​ខុស​ត្រូវ​កិច្ចការ​រុករក​ទាហាន​អាមេរិកាំង​ដែល​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម។ យន្តហោះ ​C-17 នេះ បាន​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស Osan នៅ​ជិត​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​នៅ​ទី​នោះ ពិធី​ផ្លូវការ​នៃ​ការ​បញ្ជូន​អដ្ឋិធាតុ​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ​សីហា​ខាង​មុខ​នេះ»។

លោក​ឧត្ដមសេនីយ៍ Vincent Brooks មេបញ្ជាការ​នៃ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ និង​ទី​បញ្ជាការ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «វា​ជា​បេសកកម្ម​ដ៏​ជោគជ័យ​មួយ បន្ទាប់ពី​មាន​ការ​សម្របសម្រួល​ដ៏​ទូលំទូលាយ។ ឥឡូវ​នេះ យើង​នឹង​រៀបចំ​ផ្ដល់​កិត្តិយស​ដល់​ទាហាន​អាមេរិកាំង​ដែល​បាន​ស្លាប់ មុន​ពេល​បញ្ជូន​អដ្ឋិធាតុ​របស់​ពួកគេ​ទៅ​កាន់​សហរដ្ឋ​អាមេរិក»។

ថ្ងៃ​សុក្រ​ទី ២៧ ខែ​កក្កដា​នេះ គឺ​ជា​ខួប​លើក​ទី ៦៥ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​បញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣ ដែល​ជា​សង្គ្រាម​មួយ​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​បែក​ជា​ពីរ​មក​ទល់​សព្វថ្ងៃ​នេះ៕

XS
SM
MD
LG