បទសម្ភាសន៍VOA៖ មេដឹកនាំខ្មែរក្រោមនៅអាមេរិកថា មន្ត្រីអាមេរិកាំងអាណិតខ្មែរក្រោមដែលរងទុក្ខទោសនៅវៀតណាម
មេដឹកនាំខ្មែរកម្ពុជាក្រោមម្នាក់ក្នុងសហរដ្ឋអាមេរិក គឺលោក ប្រាក់ សេរីវុឌ្ឍ បានស្នើសុំឲ្យមន្ត្រីស.រ.អា ជួយធ្វើអន្តរាគមន៍បន្តដើម្បីឲ្យវៀតណាម បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោមបានជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិកមន្ត្រីទីភ្នាក់ងារ អន្តរសាសនា សមាជិកព្រឹទ្ធសភាផងដែរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសប្តាហ៍នេះ។ លោកថា ក្រុមមន្ត្រីអាមេរិកាំងដែលលោកបានជួបមានការអាណិតអាសូរ ដល់ពលរដ្ឋខ្មែរក្រោមដែលរងទុក្ខទោសទាំងនោះ ហើយអះអាងថា នឹងធ្វើការអំពីរឿងរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរក្រោមទាំងនោះ។ ជំនួបទាំងនេះធ្វើឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចក្នុងប្រទេសអឺរ៉ុបកាលពីសប្តាហ៍មុន ដើម្បីជួបប្រជុំជាមួយនឹងសមាជិកអង្គការនៃប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ឬ ហៅកាត់ថា យូ.អិន.ភី.អូ (UNPO)។ VOA នឹងជួបសម្ភាសន៍ជាមួយអាជ្ញាធរ វៀតណាមដើម្បីសុំការបំភ្លឺបើមានការអនុញ្ញាត។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក ប្រាក់ សេរីវុឌ្ឍ កាលពីថ្ងៃអង្គារ៍ទី២៧ ខែមីនា ឆ្នាំ ២០១៨៕