ការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីកាន់តែរីកធំ ខណៈលោក ត្រាំ ត្អូញត្អែរអំពី«ការធ្វើទុក្ខបុកម្នេញ»
ការស៊ើបអង្កេតទៅលើលទ្ធភាពនៃការឃុបឃិតគ្នារវាងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ និងរុស្ស៊ី បានកើនឡើងកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ។ កន្លងមក មានការឆ្លើយទទួលកំហុសកាន់តែច្រើនពីអ្នកជាប់ទាក់ទងមួយចំនួន និងមានការចោទប្រកាន់ជាផ្លូវការលើជនជាតិរុស្ស៊ីចំនួន១៣នាក់ ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។ បើទោះជាលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយ ក៏ការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីនេះ អាចក្លាយជាបញ្ហាចម្បងមួយនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីក្នុងឆ្នាំនេះ។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិនៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួល៕