អ្នកជំនាញថា ការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកជាផ្នែកមួយនៃមធ្យោបាយឃោសនាដ៏រលូនរបស់រុស្ស៊ី
រដ្ឋាភិបាលរុស្ស៊ីបានបង្កើតមធ្យោបាយឃោសនាគ្រប់ផ្នែក ហើយការប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជះឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម គឺគ្រាន់តែជាឧទាហរណ៍មួយនៃការគំរាមកំហែងប្រភេទថ្មីដែលពិភពលោកកំពុងប្រឈមសព្វថ្ងៃតែប៉ុណ្ណោះ។ អ្នកវិភាគមួយក្រុមបានធ្វើការពិនិត្យពិច័យផ្នែកផ្លូវច្បាប់លើសារ Twitter និងសារ Facebook ក្លែងក្លាយចំនួនរាប់សែន ដែលត្រូវបានគេចោទប្រកាន់ថា បានសម្របសម្រួលដោយរដ្ឋាភិបាលក្រុងមូស្គូ។ លោក Henry Ridgwell នៃ VOA រាយការណ៍ពីទីក្រុងឡុង ចក្រភពអង់គ្លេសមកថា កិច្ចការរបស់ក្រុមអ្នកវិភាគទាំងនោះធ្វើឡើងក្រោយការចោទប្រកាន់ជាផ្លូវការទៅលើបុគ្គលរុស្ស៊ីចំនួន ១៣ នាក់ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៣ ដែលរងការចោទប្រកាន់ថាបានព្យាយាមជ្រៀតជ្រែកចូលក្នុងនយោបាយរបស់សហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕