បទសម្ភាសន៍ VOA៖ ផលិតករភាពយន្ត "Angkor Awakens" ថា៖ កម្ពុជាបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរសំខាន់មួយ
ខ្សែភាពយន្តឯកសារដែលមានចំណងជើងថា “Angkor Awakens: A Portrait of Cambodia” ដែលជាភាសាខ្មែរថា៖ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ជាខ្សែភាពយន្តរំជួលចិត្ត ដែលរៀបរាប់អំពីដំណើរប្រវត្តិរបស់ប្រទេសកម្ពុជាតាំងពីសម័យបុរាណកាលរហូតមកទល់នឹងសម័យបច្ចុប្បន្នកាល និងផ្ដោតជាពិសេសលើប្រទេសកម្ពុជាសម័យទំនើប ដែលជាសម័យដែលប្រជាពលរដ្ឋខ្មែរប្រឹងប្រែងដើម្បីបំភ្លេចរបបខ្មៅងងឹតរបស់ពួកខ្មែរក្រហម។ ភាពយន្តនេះត្រូវបានដឹកនាំ និងផលិតដោយលោក Robert H. Lieberman ដែលជាអ្នកនិពន្ធប្រលោមលោក អ្នកថតខ្សែភាពយន្ត និងជាសាស្ត្រាចារ្យមួយរូបនៃមហាវិទ្យាល័យរូបវិទ្យានៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក។ ភាពយន្តឯកសារដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦នេះ មានគោលបំណងចង់ឲ្យទស្សនិកជនមានការចាប់អារម្មណ៍លើប្រទេសកម្ពុជា។ ខ្សែភាពយន្តនេះបានផ្ដល់ឱកាសឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈ បញ្ចេញមតិយោបល់ចំពោះសង្គម និងអនាគតរបស់ប្រទេសកម្ពុជា។ នាពេលថ្មីៗនេះ លោក Lieberman បានផ្ដល់កិច្ចសម្ភាសន៍ដល់លោក ភី សុភាដា នៃ VOA ខ្មែរ អំពីខ្សែភាពយន្តនេះ និងអំពីដំណើរវិវត្តន៍របស់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សូមស្តាប់បទសម្ភាសន៍នេះក្នុងខ្លឹមសារជាភាសាខ្មែរទាំងស្រុងដូចតទៅ៕