បទសម្ភាសន៍ VOA៖ ខ្សែភាពយន្ត«ហាងនំដូណាត់»បង្ហាញពីជីវិតម្ចាស់ហាងជាពលរដ្ឋខ្មែរអាមេរិកាំង
របរលក់នំដូណាត់គឺជារបរដ៏មានប្រជាប្រិយភាពមួយសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាតែម្តង។ ហាងលក់នំដូណាត់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគច្រើនគឺជារបស់ពលរដ្ឋខ្មែរអាមេរិកាំង។ ជាក់ស្តែង លោក អ៊ាត សំអាត ដែលបានធ្វើអន្តោប្រវេសន៍មកដល់ទឹកដីសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨១ បានបើកហាងលក់នំដូណាត់មួយនៅក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្សែជីវិតរបស់លោកត្រូវបានលាតត្រដាងនៅក្នុងភាពយន្តឯកសារមួយដែលមានចំណងជើងថា «Donut Shop» ឬជាភាសាខ្មែរហៅថា «ហាងនំដូណាត់»។ ខ្សែភាពយន្តនេះនឹងដាក់បញ្ចាំងនៅក្នុងកម្មវិធី Phnom Penh International Film Festival ក្នុងអំឡុងថ្ងៃទី២១ដល់ថ្ងៃទី៣០ខែវិច្ឆិកានេះ។ នាង ហុង ចិន្តា នៃ VOA បានសម្ភាសលោក សំអាត តាមទូរស័ព្ទពីទីក្រុង Oakland អំពីខ្សែភាពយន្តឯកសារនេះ និងជោគជ័យនៃការប្រកបរបរលក់នំដូណាត់របស់លោក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៕