បទសម្ភាសន៍ VOA៖ កម្ពុជានឹងរងសម្ពាធពីសភាអាមេរិក គ្រាដែលសេចក្តីសម្រេចលេខ៧២៨ក្លាយជាច្បាប់
កំណត់និពន្ធ៖ ពលរដ្ឋខ្មែរអាមេរិកាំងដែលជាអ្នកតស៊ូមតិនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ដំណើរការបញ្ចុះបញ្ចូលឲ្យព្រឹទ្ធសភាអាមេរិកាំងអនុម័តនឹងប្រែក្លាយសេចក្តីសម្រេច លេខ ៧២៨ អំពីបញ្ហាខ្មែរទៅជាច្បាប់នោះកំពុងវិវត្តន៍ទៅក្នុងក្តីសង្ឃឹមខ្លាំង។ លោក ព្រហ្ម សោរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងដែលបានថ្លែងប្រាប់ លោក សុខ ខេមរានៃ VOA ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលដែលសេចក្តីសម្រេចលេខ ៧២៨ ដែលថ្កោលទោសមេដឹកនាំកម្ពុជា និងទាមទារឲ្យមានការកែទម្រង់បញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវនេះនឹងក្លាយជាច្បាប់ នោះរដ្ឋាភិបាលស.រ.អាអាចធ្វើតាមការទាមទាររបស់សភាអាមេរិកាំងលើបញ្ហាទាំងនោះ។ លោកថា ពេលនោះបើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនធ្វើតាម និងកែទម្រង់ទេ នោះកម្ពុជាអាចនឹងរងទណ្ឌកម្ម ដូចជាការបង្កទ្រព្យសម្បត្តិ បញ្ឈប់ការផ្តល់ទិដ្ឋាការ ឬ VISA ដល់មេដឹកនាំ ឬអាចមានការផ្អាកការមិនឲ្យនាំចូលសម្លៀកបំពាក់ដែលមានតម្លៃជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះជាដើម។ សូមស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕