បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវពន្យល់ពីមូលហេតុដែលធ្វើឲ្យទំនាក់រវាងសហរដ្ឋអាមេរិក និងសម្ដេចនរោត្ដមសីហនុប្រេះឆា
លោក William J. Rust ជាអ្នកស្រាវជ្រាវល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវល្បីៗជាច្រើនដែលជំនាញខាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលថ្មីៗនេះ លោកបានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា៖ «លោកប្រធានាធិបតី Eisenhower និងកម្ពុជា៖ ការទូត សកម្មភាពសម្ងាត់ និងប្រភពនៃសង្គ្រាមឥណ្ឌូចិនលើកទីពីរ» ឬក៏ជាភាសាអង់គ្លេសថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ សៀវភៅនេះរៀបរាប់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា ក្នុងអំឡុងពេលលោក Dwight D. Eisenhower ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦១ ជាពិសេសគឺរៀបរាប់អំពីទំនាក់ទំនងរវាងរដ្ឋបាលរបស់លោក Eisenhower ជាមួយនឹងសម្ដេចនរោត្ដមសីហនុ ដែលជាមេដឹកនាំប្រទេសកម្ពុជានាសម័យនោះ។ គោលបំណងសំខាន់បំផុតរបស់សៀវភៅនេះ គឺផ្ដោតលើការជាប់ពាក់ព័ន្ធជាសម្ងាត់របស់សហរដ្ឋអាមេរិកនៅក្នុងផែនការសម្ងាត់ដ៏គួរឲ្យចាប់អារម្មណ៍ដែលគេមិនសូវស្គាល់មួយរបស់មេបញ្ជាការយោធាមួយរូបឈ្មោះ ដាប ឈួន ប្រឆាំងនឹងសម្ដេចនរោត្តមសីហនុ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ជាភាសាខ្មែរទាំងស្រុងដូចតទៅ។