បទសម្ភាសន៍ VOA៖ ជ័យលាភីផលិតករភាពយន្តវ័យក្មេងសម្លឹងមើលជោគជ័យក្នុងរឿងថ្មីទៀត
សុធា អ៊ីណែស គឺជាអ្នកផលិតកុនឯករាជ្យ និងជាស្ត្រីខ្មែរវ័យក្មេងដែលបានបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១៣។ រឿងរបស់ អ៊ីណែស មានចំណងជើងថា«អង្ករ» ដែលនិយាយពីជីវិតកុមារនៅក្នុងសម័យខ្មែរក្រហមបានជាប់ពានរង្វាន់លេខមួយនៅមហោស្រពភាពយន្ត TROPFEST South East Asia នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១៤។ នៅក្នុងវ័យ២៦ឆ្នាំអ៊ីណែស និយាយថា នាងកំពុងនិពន្ធរឿងមួយទៀតដែលមានឈ្មោះថា Denebola។ រឿងនេះនិយាយអំពីការសម្រេចចិត្តដ៏លំបាករបស់គ្រូពេទ្យទៅលើសុខភាពរបស់អ្នកជំងឺ និងការប៉ះពាល់លើអាយុជីវិតរបស់ខ្លួន ដោយសារតែការរាតត្បាតនៃជំងឺឆ្លងម្យ៉ាង។ រឿងនេះនឹងត្រូវដាក់ក្នុងការប្រកួតផ្សេងៗទៀតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិផ្សេងៗទៀត បន្ទាប់ពីការថតរឿងនេះត្រូវបានបញ្ចប់។នាង ផន បុប្ផា នៃ VOA បានសន្ទនាជាមួយ សុធា អ៊ីណែស ដើម្បីនិយាយពី មូលហេតុ ដែលនាំឲ្យនាងបានឈ្នះពានរង្វាន់និងអំពីរឿងថ្មី ដែលនាងកំពុងសរសេរហើយនឹងត្រូវចាប់ផ្តើមថតនៅខែកក្កដាខាងមុខនេះ។ សូមស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ។