ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​ធ្វើ​ការ​បន់​ស្រន់​សុំ​ទឹកភ្លៀង​ខណៈ​អាជ្ញាធរ​បន្ត​រក​វិធី​​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត


រូបឯកសារ៖ ​កសិករ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​ពួក​គេ​នៅ​​លើ​ភ្នំ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។ ស្រូវ​របស់​ពួក​គេ​មាន​ការ​ខូច​ខាត​ច្រើន​ ដោយ​សារ​ការ​ស្កក​ស្រូវ ព្រោះ​តែ​កង្វះ​ទឹក​ភ្លៀង។​ ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​គឺ​តិច​ជាង​១​ភាគ​៣​នៃ​ស្រូវ​ទាំង​អស់។​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ ​កសិករ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​ពួក​គេ​នៅ​​លើ​ភ្នំ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។ ស្រូវ​របស់​ពួក​គេ​មាន​ការ​ខូច​ខាត​ច្រើន​ ដោយ​សារ​ការ​ស្កក​ស្រូវ ព្រោះ​តែ​កង្វះ​ទឹក​ភ្លៀង។​ ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​គឺ​តិច​ជាង​១​ភាគ​៣​នៃ​ស្រូវ​ទាំង​អស់។​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក ​កុក ហួន មេឃុំ​ស្លក្រាម​នៃ​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ ​មាន​ប្រសាសន៍​ថា ​អ្នក​ភូមិ​ទាំង​អស់​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ការ​បន់ស្រន់​ដើម្បី​សុំ​ទឹក​ភ្លៀង​តែ​មិន​បាន​សម្រេច។

បន្ទាប់​ពី​អណ្ដូង​រីង​ស្ងួត​គ្មាន​ទឹក​ប្រើ​ប្រាស់​អស់​រយៈពេល​ជា​ច្រើន​ខែមក​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​មួយ​នៃ​ខេត្ត​បន្ទាយមានជ័យ ​បានស្នើ​សុំ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ស្តារ​ស្រះនៅ​ភូមិ​របស់​គេ​ បន្ទាប់​ពី​ប្រភព​ផ្ដល់​ទឹក​នៅ​តែ​បន្តរីង​ស្ងួត។​

​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​នៅឃុំ​ស្លក្រាម​ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យបន្ត​ទិញ​ទឹក​ពី​អ្នក​ដែល​មាន​អណ្ដូង​ស្នប់។ ស្រប​ពេល​នេះ​ដែរអាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ចាប់​ផ្ដើមដឹក​ជញ្ជូនទឹក​ដើម្បី​ចែកចាយ​ដល់​ប្រជា​ពលរដ្ឋ​បន្ទាប់​ពី​មាន​គ្រោះ​រាំង​ស្ងួត​កន្លង​មក។​ កាល​ពី​ថ្មីៗ​នេះ​ អ្នក​ភូមិ​ទាំង​នេះ​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​លិខិត​ស្នើ​សុំ​ដល់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​សំណូមពរ​ឲ្យ​ក្រសួង​ជួយ​ស្តារ​ស្រះ​ចំនួន​ពីរ​នៅ​សហគមន៍​ដែល​គេ​រស់​នៅ។​ តែ​គេ​មិន​រំពឹង​ថា​ នឹង​បាន​ទឹក​ប្រើប្រាស់​ភ្លាមៗ​ទេ។

លោក ​ឃួ​ ពៅ អភិបាល​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ ជា​ស្រុក​ដែល​មាន​ប្រជាពលរដ្ឋ​កំពុង​ដាក់​សំណើ​សុំ​ស្តារ​ស្រះ​ទឹក បាន​ឲ្យ​ VOA ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​លោកកំពុង​ជួប​ប្រទះ​កង្វះ​ខាតប្រភព​ទឹក​ប្រើប្រាស់​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បាន​បន្ថែម​ថា ការ​ជីក​និង​ស្តារ​ប្រព័ន្ធ​ធារាសាស្រ្ត​គឺ​ជា​កត្តា​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​កសិករ​នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​នេះ។​

លោក ​ឃួ ពៅ​ បញ្ជាក់​ប្រាប់ VOA ថា៖

​«ស្រះ​ហ្នឹង​ ជីក​ឲ្យ​ប៉ុន្មាន​ក៏​គេ​ត្រូវការ​ដែរ។ ពលរដ្ឋ​ណា​មួយ​មិន​ចង់​បាន​ស្រះ។ ​ស្រះ​ជីក​ពេល​ហ្នឹង​ក៏​មិន​មាន​ទឹក​ដែរ យើង​ជីក​បម្រុងទុកក្រែង​លោ​ឆ្នាំ​ក្រោយ​វា​មាន​ភ្លៀង ស្តុក​ទឹក​ខ្លាច​ឆ្នាំ​ក្រោយៗ​វា​រាំង អញ្ចឹង​អី។​ បើ​ជីក​ពេល​នេះ​ ភ្លាម​ក៏​អត់​មាន​ទឹក​ស្តុក​ទុក​ដែរ​ យើង​ជីក​បង្ការ​ទុក​ឲ្យ​ហើយ។ វា​អត់​ដែល​ទេ​ ទើប​តែ​ឆ្នាំ​ហ្នឹង​ឯង​ ព្រោះ​ពីមុន​វា​អត់​ដែល​អត់​ទឹក​ទេ។ នៅ​តំបន់​ស្លក្រាម​ ព្រោះ​តំបន់​ហ្នឹង​វា​មិន​ដែល​អត់​ទឹក​ទេ ទើប​តែ​ឆ្នាំ​ហ្នឹង​ហើយ។​ ឥឡូវ​គាត់​សុំ​ គឺ​ដើម្បី​ជីក​ឲ្យ​បាន​ដើម្បី​ស្តុក​ទឹក​ទុក​បង្ការ ពេល​ភ្លៀង​ខាង​មុខ​នេះ​បាន​ទឹក​ចូល​ទៅ​ ខ្លាច​ឆ្នាំ​ក្រោយៗ​វា​អត់​មាន​ទឹក វា​បាន​អាហ្នឹង​ប្រើ។»

ជា​រៀងរាល់​ថ្ងៃ អាជ្ញាធរ​ដឹក​ជញ្ជូន​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ពី​ទី​រួម​ខេត្ត​ទៅ​ចែក​ចាយ​តាម​ភូមិ។ សកម្មភាព​ចែកចាយ​ទឹក​នេះ​ធ្វើ​ទៅ​តាម​បទបញ្ជា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បន្ទាប់​ពី​លោក​ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ឲ្យ​អាជ្ញាធរដឹក​ចែកចាយ​ទឹក​ដល់ប្រជាពលរដ្ឋ។ នៅ​ស្រុក​ស្វាយចេក លោក​អភិបាល​ស្រុក​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ស្រុក​លោក​មាន​៨​ឃុំ​ដែល​ត្រូវ​ចែកចាយ។​

លោក ​កុក ហួន មេឃុំ​ស្លក្រាម​នៃ​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ​ បាន​ប្រាប់​ VOA ថា​ ស្រះ​ទាំង​ពីរ​នេះ​អាចផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុង​ចំណុះ​ឃុំ​បាន​សឹង​តែ​ទាំង​អស់។ តែ​ឥឡូវ​ប្រជាពលរដ្ឋ​មិន​អាច​រក​ប្រភព​ទឹក​ប្រើប្រាស់​បាន​ទេ​ ពី​ព្រោះ​ឆ្នាំ​នេះ​អាកាសធាតុក្ដៅ​ខុស​ពី​ធម្មតា។

មេឃុំ​រូប​នេះ​មាន​ប្រសាសន៍​ថា៖

«អត់​មាន​ទន្លេ មាន​អី មាន​បឹង​រីង​អស់​ហើយ​ ស្ទឹង​ខះ​អស់​រលីង​ហើយ។ បឹង​នៅ​ឃុំ​របស់​ខ្ញុំ​សុទ្ធ​តែ​ខះ​អស់​រលីង។​ ស្រះ​មាន​ទាំង​ឯកជន​៣០​គុណ​នឹង​៤០​ បូក​សរុប​ជាង​៣០​ស្រះ​ តែ​ខះ​រីង​អស់។​ សព្វ​ង៉ៃ​ ទិញ​គេ​ខ្លះ ទិញ​ពី​អណ្ដូង​ស្នប់។​ នៅ​ភូមិ​របស់​ខ្ញុំ​អណ្ដូង​ស្នប់​ជីក​អត់​ចេញ។ ​កាល​ពី​មុន អាកាសធាតុ​មិន​ដល់​ប៉ុណ្ណឹង​ទេ​ កាល​ពី​២០១៥​រាំង​ស្ងួត ចូល​មក​ដល់​២០១៦​ពិបាក​ខ្លាំង។»

លោក​មាន​ប្រសាសន៍​ថា ​អ្នក​ភូមិ​ទាំង​អស់​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ការ​បន់ស្រន់​ដើម្បី​សុំ​ទឹក​ភ្លៀង​តែ​មិន​បាន​សម្រេច។

លោក កុក ហួន​ បាន​បន្ថែម​ថា «ការ​បន់ស្រន់​អ្នក​ភូមិ​ចេះ​តែ​ទៅ​បន់​ស្រន់​ តែ​វា​អត់​មាន​លទ្ធផល​ជាក់​ស្ដែង​អី​ទេ។ យើង​រៀប​សំណែន រៀប​អី សុំ​លោក​តា​ទៅ​តាម​ប្រពៃណី​តាម​កន្លែង។ បន់​រៀង​រាល់​ខែ​ តែ​មិន​ដឹង​ធ្វើ​ម៉េច​ ការ​បន់ស្រន់​វា​អាច​មក​បាន​ខ្លះ។»

បើ​តាម​លោក​មេឃុំ​ ស្លក្រាម​បាន​ប្រាប់ ​VOA ថា​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ខ្វះ​ទឹក​ប្រើ​ប្រាស់តាំង​ពី​ខែ​មករា​មក​ម្ល៉េះ។ ពួកគេ​ត្រូវ​បន្ថែម​ការចំណាយ​លើ​ការ​ទិញ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ បន្ថែម​លើ​បន្ទុក​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងទៀត។

នាង ​ស្រិប កុសល់ ប្រជាពលរដ្ឋ​មួយ​រូប​ដែលស្នើ​សុំ​ឲ្យ​ស្តារ​ស្រះនៅ​ក្នុង​ភូមិរបស់​នាង។​ បាន​ប្រាប់​VOA ​ថា អ្នក​ភូមិ​នាំ​គ្នា​ទៅ​បន់ស្រន់​សុំ​ទឹក​ភ្លៀង​តែមិន​មាន​ភ្លៀង​ធ្លាក់​ទេ​ បន្ទាប់​ពី​បន់​រួច។ ​ផ្ទុយ​ទៅ​វិញ​ អណ្ដូង​និង​បឹង​ជាច្រើន​រាំងស្ងួត។

«ទឹក​ទិញ​គេ​រាល់​តែ​ង៉ៃ​ នៅ​ហ្នឹង​ភូមិ។​ ម៉ា​ខែ​ទិញ​អស់​បួន​ធុង​ បូម​ធុង​ដាក់​ពាង​ ម៉ា​ធុង​ពីរ​ម៊ឺន (២០.០០០​រៀល)។​ បោក​ខោ​អាវ ជូន​ណា​ដាច់​ប្រាក់​ទៅ​ដាច់​ទឹក​ប្រើ។​ ដាច់​ទឹក​ទៅ​ ដង​អណ្ដូង​ស្នប់​ប្រើ។​ពី​មុនមិន​មានទឹក​ភ្លៀង​ប្រើ។ ​ប្រើ​តាម​នោះ​ឯង។ ​បន់​ដែរ តែ​មិន​ឃើញ​ភ្លៀង។​ ធ្វើ​បាយ​សី។»

លោក​អភិបាល​ស្រុក​ស្វាយ​ចេក​លោក ​ឃួ ពៅ​ បាន​និយាយថា៖

​«ស្រះ​ហ្នឹង​ យើង​ខ្ញុំ​កំពុង​តែ​ស្នើ​សុំ​ទៅ​ក្រសួង​ធនធាន​ទឹក​ហើយ​ ដើម្បី​ជួយ​ជីក។ ​ជីក​បង្ការ​ទុក​ឲ្យ​ហើយ។»

ខេត្ត​ភាគច្រើន​នៃ​ប្រទេស​កម្ពុជា​នៅ​តែ​ជួបប្រទះ​ការ​រាំង​ស្ងួត​យ៉ាង​ធ្ងន់ធ្ងរ៕​

XS
SM
MD
LG