រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរិមាឲ្យកម្មករកាត់ដេរដល់១៤០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីការជជែកគ្នារវាងតំណាងសហជីព និយោជក និងរដ្ឋាភិបាលអស់រយៈពេល៧ថ្ងៃរួចមក។ ការសម្រេចនេះធ្វើឲ្យតំណាងសហជីព និងនិយោជកមានការអាក់អន់ចិត្តយ៉ាងខ្លាំង។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរិមាសម្រាប់កម្មករឧស្សាហកម្មកាត់ដេរ និងស្បែកជើងពី១២៨ដល់១៤០ដុល្លារអាមេរិកក្នុងមួយខែ ដោយមិនរួមបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងទៀតទេ។
ក៏ប៉ុន្តែតំណាងសហជីព និងតំណាងរោងចក្រកាត់ដេរបានសម្តែងការមិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរិមាថ្មីនេះ ដោយសហជីពចង់ឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់ទៅ១៦០ដុល្លារអាមេរិក ខណៈពេលដែលតំណាងរោងចក្រកាត់ដេរគំរាមពីផលប៉ះពាល់ និងការបិទរោងចក្រ ទាក់ទិននិងការដំឡើងប្រាក់ខែកម្មករនោះ។
បន្ទាប់ពីការប្រជុំបច្ចេកទេសដ៏ចម្រូងចម្រាសអស់រយៈពេល៧ថ្ងៃ ក្នុងក្រសួងការងារ រវាងតំណាងរដ្ឋាភិបាល សហជីព និងរោងចក្រកាត់ដេរ គណៈកម្មការប្រឹក្សាការងារបានសម្រេចនាព្រឹកថ្ងៃព្រហស្បតិ៍នេះក្នុងការបោះឆ្នោតជ្រើសរើសយកប្រាក់ឈ្នួលអប្បបរិមាថ្មី ដែលស្នើដោយតំណាងភាគីទាំងបីគឺចំនួន១៣៣ដុល្លារ ១៣៥ដុល្លារ និង១៦០ដុល្លារ។ ក្នុងនោះសំឡេងភាគច្រើបានគាំទ្រយកប្រាក់ឈ្នួលអប្បបរិមាថ្មីត្រឹម១៣៥ដុល្លារអាមេរិក។
ក្រោយពីការបោះឆ្នោតសម្រេច លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសក្នុងអង្គប្រជុំថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យដល់១៤០ដុល្លារក្នុងមួយខែ ហើយសេចក្តីសម្រេចនេះចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៦ទៅ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការសម្រេចនេះគឺវាសមស្រប ហើយអាចទទួលយកបាន បើទោះជាភាគីនិយោជក និងនិយោជិកមិនសប្បាយចិត្តក៏ដោយ។
«បន្ថែមពីលើ១៣៥ដុល្លារសហរដ្ឋអាមេរិកនេះគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះបានផ្តល់បន្ថែមចំនួន៥ដុល្លារទៀត។ ដូច្នេះប្រាក់ឈ្នួលអប្បបរិមាសម្រាប់ឆ្នាំ២០១៦ខាងមុខនេះគឺ១៤០ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹងខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នាមានការស្ងប់ចិត្ត»។
ដោយសារតែមានការតវ៉ាពីសំណាក់កម្មករកាត់ដេរ និងការដំឡើងថ្លៃទំនិញនៅទីផ្សារ ការឡើងថ្លៃឈ្នួលផ្ទះនាប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការប្រឹក្សាការងារដែលមានតំណាងពីសហជីពកម្មករ ក្រសួងការងារ និងតំណាងនិយោជកនាឆ្នាំ២០១៤ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់ត្រឹម១២៨ដុល្លារសហរដ្ឋអាមេរិក។ ការដំឡើងនេះគឺធ្វើឡើងបន្ទាប់ពីមានការផ្ទុះអំពើហិង្សាមួយក្បែរផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យបាតុករយ៉ាងហោចណាស់៥នាក់ស្លាប់។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការដំឡើងប្រាក់ឈ្នួលថ្មីនេះ ដោយលើកឡើងថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជាកំពុងតែប្រឈមនឹងការបិទទ្វារជាបន្តបន្ទាប់ ខណៈពេលដែលតម្លៃដើមមានការកើនឡើង និងការបញ្ជាទិញធ្លាក់ចុះនោះ។ លោកបានបន្ថែមថា សហជីពគឺជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់ចុះ និងអនាគតនៃវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ដោយសារតែការទាមទារនេះ។
លោក ខេន លូ (Ken Loo) បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការសម្រេចនេះថា៖ «ខ្ញុំថា ប្រាក់ខែ១២៨ដុល្លារក្នុងមួយខែ វាប៉ះពាល់រួចទៅហើយ មិនចាំបាច់ដល់ទៅ១៤០ដុល្លារនោះទេ។ ម្ល៉ោះហើយយើងសង្ឃឹមថា បណ្តារោងចក្ររបស់យើងទាំងអស់ និងខិតខំព្យាយាមសម្របខ្លួនជាមួយនឹងការកើនឡើងនៃប្រាក់ចំណាយលើប្រាក់ខែនេះ»។
តំណាងនិយោជករូបនេះបានបន្តថា៖
«ប្រសិនបើអ្នកបញ្ជាទិញគាត់ព្រមឡើងថ្លៃដែរនោះ វាល្អហើយ តែជាបទពិសោធន៍ដែលយើងមានកន្លងមក។ ពួកគេទាំងនោះនឹងមិនបង្កើនថ្លៃទិញឱ្យកើនខ្ពស់តាមកំណើនប្រាក់ខែនោះទេ។ ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅតែពីបង្កើនផលិតភាពរបស់យើង និងផាត់ចំណាយថ្លៃដើមឯទៀត។ ក៏ប៉ុន្តែ បើសិនជាផលិតភាពការងាររបស់យើងមិនមានកំណើន ហើយបន្ទុករបស់យើងលើចំណាយថ្លៃដើមផ្សេងៗអត់មានការថមថយទៀតនោះ ខ្ញុំមិនដឹងថា រោងចក្ររបស់យើងទ្រាំរស់បានយ៉ាងដូចម្តេចនោះទេ»។
កាលពីខែកញ្ញាកន្លងទៅ សមាគមរោងចក្រកាត់ដេរកម្ពុជាបានអះអាងថា យ៉ាងហោចណាស់មានរោងចក្រកាត់ដេរចំនួន១៥បានផ្អាកការងារកម្មករ ដោយសារតែមិនមានការបញ្ជាទិញពីក្រៅប្រទេស។ ក៏ប៉ុន្តែបើយោងតាមសន្ទស្សន៍នៃការនាំចេញផលិតផលរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា រោងចក្រកាត់ដេរកម្ពុជាបាននាំចេញប្រមាណ១.៣៤០លានដុល្លារអាមេរិកក្នុងពេលបីខែដើមឆ្នាំ២០១៥នេះ រីឯការនាំចេញសរុបនាឆ្នាំ២០១៤មានប្រមាណ៥.៣៤៣លានដុល្លារ។
យ៉ាងណាក៏ដោយ លោកអាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា C-CAWDU បានប្រាប់អ្នកសារព័ត៌មាននាទីស្តីការក្រសួងការងារថា ការបោះឆ្នោតសម្រេចយក១៣៥ដុល្លារ និងការសម្រេចយក១៤០ដុល្លារ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺមិនមានយុត្តិធម៌សម្រាប់កម្មករកាត់ដេរនោះទេ ដោយសារក្នុងចំណោមសមាជិកគណៈកម្មការការងារនោះសហជីពមានអ្នកតំណាងត្រឹមតែ៧រូបប៉ុណ្ណោះ រីឯរោងចក្រកាត់ដេរមានអ្នកតំណាងដល់ទៅ១៤រូប។ លើសពីនេះទៀត ប្រាក់ឈ្នួល១៤០ដុល្លារនេះមិនគ្រប់គ្រន់សម្រាប់កម្មករកាត់ទេនោះទេ បើធៀបទៅនឹងការចំណាយផ្សេងៗ ដូចថ្លៃជួលផ្ទះ និងការកើនឡើងនៃតម្លៃទំនិញក្នុងទីផ្សារជាដើម។
«ការសម្រេចថ្ងៃនេះតាមយោបល់របស់ខ្ញុំគឺយើងអត់ពេញចិត្ត ហើយយើងសម្រេចរក្សា១៦០ដដែល ដូចជាយើងបានឃើញហើយ តែទោះបីយ៉ាងណាក៏ដោយ។ យើងដឹងថា នៅក្នុងក្រុមការងារគឺវាមិនមានយុត្តិធម៌ ចង់និយាយថា នៅក្នុងភាគីកិច្ចសន្ធនាសង្គមគឺត្រូវឲ្យមានភាគីស្មើគ្នា ហើយភាគីនីមួយៗគឺត្រូវឲ្យមានភាពឯករាជ្យរៀងខ្លួន។ ប៉ុន្តែយើងមើលលទ្ធផល សូម្បីភាគីកម្មករ និយោជិក ដែលមាន៧នាក់គឺបោះឆ្នោតគាំទ្រខ្លួនឯងតែ២ទេ។ ដូច្នេះគឺវាអត់មានភាពយុត្តិធម៌សម្រាប់កម្មករនោះទេ»។
លោកបានបន្ថែមថា សហជីពនឹងធ្វើការពិភាក្សាទាក់ទិននឹងតម្លៃឈ្នួលថ្មីនេះ ហើយអាចនឹងមានការធ្វើបាតុកម្ម បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ប្រសិនបើតំណាងកម្មករភាគច្រើនមិនយល់ស្របនោះ។
ដោយឡែក អង្គការពលកម្មអន្តរជាតិ (ILO) ដែលមានការិយាល័យនាទីក្រុងបាងកក បានចេញផ្សាយនូវសេចក្ដីថ្លែងការណ៍អបអរសាទរការប្រកាសប្រាក់ឈ្នួលអប្បបរិមា១៤០ដុល្លារនេះ។ ក៏ប៉ុន្តែ ILO បានស្នើឲ្យមានការសហការបន្តទៀតរវាងភាគីដែលពាក់ព័ន្ធចំពោះការគិតគូរដល់ការរស់នៅសមស្រប និងប្រាក់ខែសមរម្យសម្រាប់កម្មករកាត់ដេរកម្ពុជា នាឆ្នាំខាងមុខទៀត ដើម្បីឲ្យស្របទៅតាមការកើនឡើងនៃសេដ្ឋកិច្ច និងស្របតាមការសិក្សានានា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អង្គការពលកម្មអន្តរជាតិ (ILO) បានសរសេរថា៖
«ការិយាល័យនៃអង្គការពលកម្មអន្តរជាតិទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ដែលឈានដល់ការសម្រេចត្រីភាគីនេះ ហើយក៏ទទួលស្គាល់ពីការវិវឌ្ឍជាដុំកំភួននៅក្នុងការប្រើប្រាស់ទិន្នន័យ ការវិនិច្ឆ័យ និង ការសម្រចចិត្តដោយមានការពិភាក្សា ពិគ្រោះយោបល់ត្រីភាគីដើម្បីឈានដល់ការសម្រេចចិត្ត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែលចេញផ្សាយនារសៀលថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ផងដែរថា ការផ្តល់ប្រាក់ឈ្នួលអប្បបរិមាចំនួន១៤០ដុល្លារសហរដ្ឋអាមេរិកនេះនឹងចាប់ផ្តើមអនុវត្តនាដើមខែមករាឆ្នាំ២០១៦ខាងមុខ៕