បទសម្ភាសន៍ VOA៖ ការព្យាយាមអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី (ភាគ១)
លោក Bill Herod ជាសកម្មជនសន្តិភាពនិងជាអ្នកធ្វើការងារអភិវឌ្ឍន៍នៅប្រទេសវៀតណាម ទីក្រុងហុងកុង និងប្រទេសកម្ពុជា ពីឆ្នាំ១៩៩៤ ហើយលោកក៏ជាសកម្មជនសន្តិភាពជនជាតិអាមេរិកដំបូងគេមួយរូប ដែលបានមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ លោកHerod បានមកធ្វើការនៅកម្ពុជា មួយឆ្នាំពីរដង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងទៅនេះ លោកបានទៅរស់នៅខេត្តមណ្ឌលគីរី ដើម្បីធ្វើការជាមួយជនជាតិដើមភាគតិចព្នង ដោយជួយធ្វើការថែរក្សា និងអភិវឌ្ឍន៍ដោយចិរភាពនៃប្រពៃណីវប្បធម៌របស់ក្រុមជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនេះ។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ នាង សើ សាយ្យាណានៃ VOA បានជួបសម្ភាសន៍លោក Bill Herod នៅក្នុងបន្ទប់ថតសំឡេងរបស់ VOA នៅរាជធានីភ្នំពេញ។ តទៅនេះ ជាភាគទី១នៃបទសម្ភាសន៍ដែលមានពីរភាគជាមួយលោក Bill Herod អំពីការអភិវឌ្ឍន៍ និងផលប៉ះពាល់ទៅលើជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី៕