សភាអាមេរិកជជែកដេញដោលអំពីតម្លៃនៃពាណិជ្ជកម្មសេរីជាមួយនឹងអាស៊ី
សភាអាមេរិក កំពុងជជែកដេញដោលយ៉ាងខ្លាំងអំពីការធ្វើពាណិជ្ជកម្មអន្តរជាតិ។ លោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា ចង់ឲ្យសភាផ្តល់អំណាចដល់លោកក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយជាមួយប្រទេស ១១ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ សមាជិកគណបក្សសាធារណរដ្ឋជាច្រើនយល់ស្របនឹងលោក អូបាម៉ា ហើយសេចក្តីព្រាងច្បាប់ក្នុងការផ្តល់អំណាចដល់លោកអូបាម៉ានោះ ត្រូវបានព្រឹទ្ធសភាអនុម័តហើយ។ តែទោះជាយ៉ាងនេះក្តី សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាដែលមកពីគណបក្សតែមួយជាមួយលោកអូបាម៉ានោះ អាចរារាំងការអនុម័តសេចក្តីព្រាងច្បាប់នេះបាននៅខែមិថុនានេះ។ ដើម្បីស្វែងយល់ថា តើហេតុអ្វីបានជាបញ្ហាពាណិជ្ជកម្មសេរីមានភាពចម្រូងចម្រាសនៅសហរដ្ឋអាមេរិកនោះ នាង លី ម៉ូរីវ៉ាន់នៃ VOA បានពិភាក្សាអំពីរឿងនេះតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida៕