ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ចងក្រង​កេរដំណែល​​បទភ្លេង​បុរាណ​ខ្មែរ


ក្រុម​ភ្លេង​ខ្មែរ​បុរាណ​​សម្តែង​បទភ្លេងចាស់ៗ​​ដែល​ជិត​ផុត​រលត់។​​
បទ​«ស្តេច​ផ្ទុំ»​ជា​បទ​បុរាណ​ខ្មែរ​មួយ​សម្រាប់លេងក្នុង​ពិធីរៀប​អាពាហ៍​ពិពាហ៍​ខ្មែរ​នា​សម័យ​បុរាណ។ ​មង្គល​ការ​បែប​បុរាណ​មាន​រយៈ​ពេល​យូរ​រហូត​ដល់​៧​ថ្ងៃ។​ បទ​ចម្រៀង​នេះ​ជា​បទ​មួយ​ក្នុង​ចំណោម​បទ​និង​តន្ត្រី​ខ្មែរ​បុរាណ​ជា​ច្រើន​ដែល​គេ​កម្រ​នឹង​បាន​ឮ ​ហើយ​កំពុង​ឈាន​ទៅ​រកការ​បាត់​បង់។​

សព្វ​ថ្ងៃ​នេះ ​ទម្រង់​សិល្បៈ​បុរាណខ្មែរ​ដែល​ជិត​បាត់​បង់​ និង​គេ​មិន​សូវ​ចាប់​អារម្មណ៍​ទាំង​នេះ​ត្រូវ​ស្រាវជ្រាវ​និង​ចង​ក្រងឡើង​វិញ​ដោយ​អង្គការ​មួយ​ក្នុង​ស្រុក​គឺ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ​ហើយថ្មីៗ​នេះ​ត្រូវ​បាន​ចាក់​បង្ហាញ​ជា​រៀង​រាល់​ថ្ងៃក្នុង​ពិធីតាំង​ពិព័រណ៍​មួយ​ឈ្មោះ​ថា​ «ការ​ស្វែងរក​ទម្រង់​សិល្បៈ​ដែល​បាត់​បង់»។​

ការ​តាំង​ពិព័រណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​ក្នុង​គម្រោង​បណ្ណសារ​ដែល​មាន​រយៈ​ពេល​១​ឆ្នាំ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។ ​អង្គការ​នេះ​បាន​ចងក្រង​ឯកសារ​ទម្រង់​សិល្បៈ​ខ្មែរ​ដែល​ជិត​បាត់​បង់​សរុប​ចំនួន​៤​ទម្រង់ ​និង​ដែល​ផលិត​ដោយតន្រ្តីករវ័យ​ចំណាស់ដែល​នៅ​រស់​រាន​មាន​ជីវិត ​រួមមានតន្រ្តី​ភ្លេងការ​បុរាណ​ ស្មូត្រ​ កន្ទាំមីង​ (ឬ​ភ្លេងបុណ្យ​សព​បុរាណ)​ និង​ភ្លេង​អារ័ក្ស។​

សាធារណជន​អាច​ចូល​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ផ្តើម​ពី​ថ្ងៃទី២៧​ខែ​សីហា​រហូតថ្ងៃ​ទី១៨​ខែ​តុលា ​ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ​និង​ចាប់​ពី​ម៉ោង​៧​ព្រឹក​ដល់​៥​ល្ងាច ​នៅ​ទី​ស្នាក់ការ​របស់​អង្គការ​នេះ​តាម​បណ្តោយ​ផ្លូវ​សុធារស ​ជិត​សំណង់​ប៉ូលឌីង ​(Building)។​

អ្នកស្រី​ម៉ារៀន ​ហ្គូម៉ាដ​ (Marion Gommard) ​មន្ត្រី​ទំនាក់ទំនង​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ថ្លែង​ថា​ គម្រោង​នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ជិត​បាត់បង់។​

អ្នកស្រី​និយាយ​ថា៖​ «គម្រោង​នេះ​គឺ​ដើម្បី​អភិរក្ស​ទម្រង់​សិល្បៈ ​និង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ទាំង​នេះ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ពី​ព្រោះ​នេះ​ពិត​ជា​សិល្បៈ​ដែល​ជា​ឫស​គល់​នៃ​វប្បធម៌​ខ្មែរ។​ ឧទាហរណ៍​ដូចជា​ពិធី​រៀប​អាពាហ៍​ពិពាហ៍​បុរាណ​ខ្មែរ​តាំង​ពី​សម័យ​អង្គរ​មក​គឺ​មាន​រយៈ​ពេល៧​ថ្ងៃ​ ប៉ុន្តែ​កាត់​មក​នៅ​តិច​ថ្ងៃ ​ហើយ​ដែល​លេងបទ​ភ្លេង​ផ្សេង​ខុស​ពី​ទម្រង់​ដើមទៅ​វិញ​ ជា​ដើម។​ ដូច្នេះ​វា​មាន​សារៈ​សំខាន់ណាស់​ក្នុង​ការ​អភិរក្ស​ទម្រង់​សិល្បៈ​ដែល​កំពុង​រងគ្រោះ​និងជិត​បាត់​បង់​ទាំង​នេះ»។​

ចាប់​ពី​ខែ​មេសា​ ឆ្នាំ​២០១២​ ​ ក្រុម​ការងារ​របស់​អង្គការ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចុះ​តាម​បណ្តា​ខេត្ត​ដើម្បី​ស្វែងរក​ទម្រង់​សិល្បៈ​ដែល​លាក់​ខ្លួនតាម​ភូមិ​ស្រុក​ជនបទ​នានា។ ​នេះ​បើ​តាម​អ្នកស្រី​ម៉ារៀន ​ហ្គូម៉ាដ។​

អ្នកស្រី​បន្តថា៖​ «​យើង​មាន​សមាជិក​ក្រុម​ដែល​មាន​គ្នា​ពី​៣​ទៅ​៤​នាក់ ​ដែល​បានធ្វើ​ដំណើរ​តាម​ខេត្ត​នានា​ដើម្បី​រុករក​វង់​ភ្លេង​បុរាណ​ខ្មែរដែល​យើង​មិន​ដែល​ស្គាល់​ពី​មុន ​ហើយ​ជា​បន្ត​បន្ទាប់ ​យើង​បានរក​ឃើញ​វង់​ភ្លេង​ថ្មីៗ ​ដូច​ពេល​នេះ។ ​នៅ​ពេល​យើង​ជួប​ក្រុម​ព្រឹទ្ធាចារ្យ​សិល្បករនៅ​មូលដ្ឋាន ​យើង​បាន​ថតសំឡេង​ពួកគាត់​នៅ​ហ្នឹង​កន្លែង​ ​ហើយ​នាំ​ពួក​គាត់​មក​ស្ទួឌីយោ​របស់​យើង​នៅ​ភ្នំពេញ ​ដើម្បី​ថត​ខ្សែ​អាត់​សំឡេងដែល​មាន​គុណភាព​ខ្ពស់»។

ជា​លទ្ធផល ​ឯកសារ​តន្ត្រី​បុរាណចំនួន​៥​វ៉ុល ​និង​ឯកសារវីដេអូ​ចំនួន​៣​វ៉ុល ត្រូវ​បាន​ផលិត​ដែល​ រួម​បញ្ចូល​ទាំង​បទ​សម្ភាសន៍​ជា​មួយ​ព្រឹទ្ធាចារ្យ​តន្រ្តីករ។​

តែ​គួរ​ឱ្យស្តាយ ​ទោះ​បី​ជា​ការ​តាំង​ពិព័រណ៍​នេះ​ដាក់​បង្ហាញ​ជា​សាធារណៈ​ក៏​ដោយ​ គេ​សង្កេតឃើញ​ថា​ មិន​សូវ​មាន​មនុស្ស​ចូល​ទៅ​ទស្សនា​ទេ ​ហើយ​ថ្ងៃ​ខ្លះ​ពុំ​មាន​អ្នក​ចូល​ទស្សនាសោះ​ក៏​មាន។ ​ចំណែក​ឯ​ ​អ្នក​ចូលរួម​ទៀត​សោត​ ភាគ​ច្រើន​សុទ្ធ​សឹង​ជា​អ្នក​ឯកទេស និង​ចូលចិត្ត​ខាង​វប្បធម៌។​

អ្នកស្រី​ម៉ារៀន ហ្គូម៉ាដ​យល់​ថា ​បញ្ហា​នេះ​ទំនង​ដោយ​សារ​ការ​ខ្វះ​ព័ត៌មាន​និង​ចំណាប់​អារម្មណ៍​ក្នុង​កម្រិត​បុគ្គល។​

លោក​ជា សុភាព​ អាយុ​២៨​ឆ្នាំ​ជា​បុគ្គលិក​អង្គការ​មួយ។ លោកជា​អ្នកមក​ទស្សនា​ម្នាក់។​

លោក​និយាយថា៖​ «ជា​អារម្មណ៍​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាត់បង់ ​ហើយ​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​នៅ​សេស​សល់ ​ហើយ​ត្រូវ​បាន​គេ​យក​មក​បង្ហាញ​សាធារណជន ​ហើយ​ត្រូវ​បាន​គេ​ជីក​កកាយ​ដើម្បី​ថែទាំ​ទៅ​ថ្ងៃ​ខាង​មុខ»។​

អ្នក​ចូលរួម​ម្នាក់​ទៀត លោក​ប្លេស គីឡង ​(Blaise Kilian) ​ជា​បុគ្គលិក​ជំនាញ​នៅ​អង្គការ​យូណេស្កូ។ ​អ្នកស្រីអាចនិយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ ​បន្ទាប់​ពី​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេលជាង​១៤​ឆ្នាំ។​

អ្នកស្រី​និយាយថា៖​ «កម្មវិធី​នេះ​គេ​បាន​សិក្សា​ និង​ថត​បទ​ចម្រៀង​ទាក់ទង​ហ្នឹង​ប្រពៃណី​ខ្មែរ​ ដូចជា​បទ​ស្មូត​ និង​បទ​អាពាហ៍​ពិពាហ៍​អញ្ចឹង។ គេ​បាន​សិក្សា​មួយ​ឆ្នាំ​កន្លះ​ ហើយ​គេ​បាន​បង្ហាញ​លទ្ធផល​ដល់​យើង ​គួរ​ឱ្យ​សរសើរ ​ព្រោះ​គេ​ជួយ​អភិរក្ស​បទ​ចម្រៀង​ជា​របស់​ខ្មែរ​ផង ​ហើយ​គេ​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ការងារ​ហ្នឹង​គឺ​ល្អ​ ហើយ​គួរ​លើក​ទឹក​ចិត្ត​ឱ្យ​គេ​បន្ត»។​

ក្រៅ​ពី​ការ​តាំងពិព័រណ៍​ បទ​ភ្លេង​បុរាណ​ទាំង​នោះ​ត្រូវ​បាន​ចម្លង​ជា​ស៊ីឌីចំនួន​៥០០០​ឌីស្ហ​ដើម្បីបាន​ចែក​ចាយ​ទៅ​តាម​កន្លែង​សាធារណៈ​នានា​ ដូច​ជា ​មជ្ឈ​មណ្ឌល​សោតទស្សន៍​បុប្ផាណា​ មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ​ បណ្ណាល័យ​ជាតិ​នៃ​កម្ពុជា​ ​សកល​វិទ្យាល័យ និង​វត្តអារាម​ព្រះពុទ្ធ​សាសនា​ជា​ដើម។

គម្រោង​នេះ​មាន​ទឹកប្រាក់​ជាង​កន្លះ​លាន​ដុល្លារ ដែល​ជា​មូនិធិ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​តាម​រយៈ​មូលនិធិ​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋអាមេរិក​សម្រាប់​អភិរក្ស​វប្បធម៌។​

ឆ្លើយ​តប​ទៅ​ហ្នឹង​សំណួរ​របស់​វីអូអេ​ខេមរភាសា​ លោក​សន ម៉ាកឃីនថូស ​(Sean McIntosh) ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែង​តាម​សារ​អេឡិចត្រូនិច​ថា៖ ​«គម្រោង​នេះ​បាន​ពាំនាំ​តន្ត្រីករចំណាស់ៗ​ដែល​នៅ​រស់​រាន​ដ៏​តិច​តួច​បំផុត ​ដើម្បី​ចងក្រងបទភ្លេង​ និង​តន្ត្រី​បុរាណទាំង​នេះ​ទុក។​ ហើយ​គម្រោង​នេះ​ក៏នឹង​ធ្វើ​ឱ្យ​ទម្រង់​តន្ត្រី​ខ្មែរ​ដែល​ជិត​បាត់​បង់​ទាំង​នេះ​អាចទទួល​បាន​ជា​សាធារណៈ ​និងដើម្បី​អភិរក្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។​

លោក​សន ម៉ាកឃីនថូស​បន្ថែម​ថា៖​ «គម្រោង​វប្បធម៌​នេះ​អនុញ្ញាត​ឱ្យ​សហ​រដ្ឋ​អាមេរិកបង្ហាញ​ពី​ការ​គោរព​របស់​ខ្លួន​ដល់​វប្បធម៌​ប្រទេស​ដទៃ​ ពីព្រោះ​មរតក​វប្បធម៌​រំឭក​ឱ្យ​យើង​ដឹង​ពី​ការ​ចូលរួម​ និង​បទ​ពិសោធន៍​នៃ​មនុស្ស​ជាតិ»៕
XS
SM
MD
LG