មានឯកសារយោធាមួយគេនិយាយថា ត្រូវគេរត់ពន្ធចេញពីប្រទេសកូរ៉េខាងជើង។ ឯកសារនេះបញ្ចេញឲ្យដឹងពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាងអំពីបច្ចេកវិទ្យាអេឡិចត្រូនិកក្នុងវិស័យសង្គ្រាមដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ ឯកសារនេះក៏ប្រាប់ឲ្យដឹងដែរថា យោធាកូរ៉េខាងជើងប្រើប្រាស់ប្រភេទថ្នាំលាបដែលរ៉ាដាចាប់មិនបាន ហើយនិងយុទ្ធវិធីលាក់បាំងផ្សេងៗទៀតដើម្បីលាក់អាវុធរបស់ខ្លួន។
ពួកអ្នកវិភាគដែលសិក្សាអំពីឯកសារដែលអះអាងជារបស់កូរ៉េខាងជើងនេះនិយាយថា រដ្ឋាភិបាលក្រុងព្យូងយ៉ាងបានចាត់វិធានការណ៍គ្រប់បែបយ៉ាងដើម្បីកែតម្រូវនូវភាពចាញ់ប្រៀបខាងផ្នែកយោធាយ៉ាងសម្បើមដែលប្រទេសនេះនឹងប្រឈមមុខ ប្រសិនបើសង្គ្រាមផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េនោះ។
ទោះបីមិនមានមធ្យោបាយដើម្បីឲ្យបានដឹងយ៉ាងច្បាស់ថា ឯកសារនេះពិតជារបស់កូរ៉េខាងជើងក៏ដោយ ក៏ពួកមន្រ្តីកូរ៉េខាងត្បូងនិងមន្ត្រីសហរដ្ឋអាមេរិកដែលបានឃើញឯកសារនោះ ជឿថាវាជាឯកសារពិតប្រាកដ។
លោក Daniel Pinkston ដែលធ្វើការនៅអង្គការក្រុមវិបត្តិអន្តរជាតិ (International Crisis Group) មានមូលដ្ឋាននៅក្រុងសេអ៊ូល គឺជាអ្នកវិភាគយូរយារណាស់មកហើយអំពីប្រទេសកូរ៉េខាងជើងនិងអំពីយោធារបស់ប្រទេសនោះ។ លោកបានពិនិត្យមើលឯកសារនោះតាមការស្នើរបស់ VOA សម្លេងសហរដ្ឋអាមេរិក។ លោកបាននិយាយថា ឯកសារនោះសំខាន់ណាស់។
«យោងតាមការរៀបចំផែនការរបស់ពួកគេ និងការប្រុងប្រៀបរបស់ពួកគេ ខ្ញុំគិតថា មានព័ត៌មានដ៏មានផលប្រយោជន៍ខ្លះដែលអាចយកចេញពីឯកសារនេះ»។
ឯកសារអាយុ៥ឆ្នាំនោះផ្តល់ការណែនាំពីរបៀបធ្វើថ្នាំលាបយន្តហោះ នាវាចម្បាំង និងរថក្រោះ ដើម្បីកុំឲ្យរ៉ាដាចាប់បាន។ ឯកសារនោះក៏ពន្យល់អំពីរបៀបធ្វើរបស់ដាក់បញ្ឆោត ធ្វើផ្លូវយន្តហោះឡើងចុះក្លែងក្លាយ ហើយនិងបំភាន់សត្រូវដោយរៀបចំបន្លំធ្វើជាកងឯកភាពក្លែងក្លាយដែលមានចលនា។ យុទ្ធវិធីបែបបនេះបានប្រើប្រាស់ជាយូរយាណាស់មកហើយដោយកងយោធាប្រទេសលោកខាងលិច។
លោក Pinkston អតីតអ្នកវិភាគអំពីកងទ័ពអាកាសសហរដ្ឋអាមេរិកលើបញ្ហាប្រទេសកូរ៉េខាងជើង និយាយថា «ឯកសារសម្ងាត់នេះទំនងជាត្រូវបានចែកចាយទៅឲ្យពួកមេបញ្ជាការហើយនិងពួកអ្នកឯកទេសយោធាជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងបច្ចេកទេសអេឡិចត្រូនិកក្នុងវិស័យសង្គ្រាម។ ឯកសារនេះប្រហែលធ្វើឲ្យមានការភ្ញាក់ផ្អើលតិចតួច ក៏ប៉ុន្តែឯកសារនេះក៏បង្ហាញពីការយល់ដឹងយ៉ាងច្បាស់ពីដំបូងអំពីសារៈសំខាន់នៃប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធព័ត៌មាន កំព្យូទ័រ ហើយវាមានផលប៉ះពាល់ការបញ្ជា និងការត្រួតត្រាកងទ័ពយ៉ាងដូចម្តេច។ មានការទទួលស្គាល់ថា ប្រសិនបើការបញ្ជាការ ហើយនឹងការត្រួតត្រារបស់យើងអន់ថយ ដូច្នេះវាមានផលប៉ះពាល់យ៉ាងខ្លាំងលើសមត្ថភាពរបស់គេដើម្បីធ្វើកិច្ចប្រតិបត្តិការយោធា»។
ព័ត៌មានអំពីឯកសារនោះត្រូវបានរាយការណ៍លើកដំបូងដោយកាសែត Chosun Ilbo។ កាសែតនៅសេអ៊ូលនេះបានដកស្រង់សំដីអ្នកជំនាញផ្នែកស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង យកមកចុះផ្សាយថា យុទ្ធវិធីលាក់បាំងរបស់កូរ៉េខាងជើងមានការជឿនលឿនជាងការរំពឹងទុក។
តាមភាសាបច្ចេកទេស កូរ៉េខាងជើងនិងខាងត្បូងនៅមានសង្គ្រាមនឹងគ្នានៅឡើយ ពីព្រោះប្រទេសទាំងពីរនេះមិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទេ នៅពេលបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣។ កូរ៉េខាងជើងមានកងទ័ពជាង១លាននាក់ ភាគច្រើននៃកងទ័ពទាំងនោះតាំងនៅជិតតំបន់គ្មានកងទ័ពដែលបានបែកចែកឧបទ្វីបនេះ។ កូរ៉េខាងត្បូងមានកងទ័ពដែលជាប់កាតព្វកិច្ចប្រហែល៦សែននាក់ ហើយសហរដ្ឋអាមេរិកដាក់កងទ័ពប្រហែល២ម៉ឺន៨ពាន់នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះជាកូរ៉េខាងជើងមានទាហានច្រើនជាងក្តី ក៏ពួកអ្នកវិភាគកងទ័ពនិយាយថា ពួកគេមានអាវុធមិនគ្រប់គ្រាន់ ហើយអាវុធរបស់ពួកគេភាគច្រើនចាស់ហើយនិងហួសសម័យ ជាពិសេសបើប្រៀបធៀបជាមួយអាវុធរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលមានបច្ចេកវិទ្យាខ្ពស់។ ទោះជាយ៉ាងនោះក៏ដោយ គេសង្ស័យថា កូរ៉េខាងជើងមានទាំងអាវុធជីវសាស្រ្តនិងអាវុធគីមី ហើយកូរ៉េខាងជើងនិយាយថា ខ្លួនកំពុងធ្វើអាវុធនុយក្លេអ៊ែរដែរ។
ព័ត៌មាន VOA ទទួលបានចំនួន៤៨ទំព័រនៃឯកសារ៨០ទំព័រនេះពីអង្គការ Christian មួយឈ្មោះ Caleb Mission។
អង្គការ Christian ដ៏តូចដែលតាំងនៅទីក្រុង Cheonan នេះ បានជួយពួកអ្នករត់ចេញពីប្រទេសកូរ៉េខាងជើង។ លោក Kim Sung-eun អ្នកផ្សព្វផ្សាយគ្រឹស្តសាសនារបស់អង្គការនេះនិយាយថា មនុស្សដែលលោកទាក់ទងក្នុងរដ្ឋកុម្មុយនិស្តឯកោនេះហ៊ានប្រថុយជីវិតរបស់ខ្លួន ហើយនិងជីវិតរបស់គ្រួសារគេដើម្បីយកឯកសារប្រភេទនេះចេញពីប្រទេសកូរ៉េខាងជើង។
អ្នកផ្សព្វផ្សាយសាសនានោះនិយាយថា លោកអាចរកបានឯកសារយោធាសម្ងាត់ខ្លះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ពីព្រោះមនុស្សមានឥទ្ធិពលក្នុងប្រទេសកូរ៉េខាងជើងកំពុងធ្វើការជាមួយក្រុមរបស់លោក។
បេសកកម្មដោយការរត់ពន្ធម៉ាស៊ីនថតរូបដែលមានរាងដូចជាស្លាបប៉ាកានោះ ក៏បានលូចលាក់នាំយករូបវីដេអូអំពីជីវិតក្នុងប្រទេសកូរ៉េខាងជើងមកដែរ រួមបញ្ចូលទាំងផ្សារលក់ម្ហូបអាហារនៅកណ្តាលវាល។ ម៉ាស៊ីនថតរូបដែលមានរាងដូចជាស្លាបប៉ាកានោះបានផ្តល់រូបភាពដ៏កម្រអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅខាងក្នុងប្រទេសដ៏ក្រីក្រនេះ។
កូរ៉េខាងជើងមានការរឹតបន្តឹងដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ពីខាងក្រៅប្រទេសដែលមានតែមួយចំនួនតួចប៉ុណ្ណោះ គឺមានការកំណត់អំពីកន្លែងធ្វើដំណើរ ហើយកំណត់អំពីអ្វីដែលពួកគេអាចថតរូប ឬថតវីដេអូបាន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន