ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ប្រមាញ់​សត្វ​ព្រៃ​និង​ជា​អ្នក​កាប់​ឈើ​ក្លាយ​ជា​អ្នក​ការ​ពារ​ព្រៃ​ឈើ​និង​សត្វ​ព្រៃ


សក់​ល្បាយ​អាចម៍​ខ្លា​ ស្ថិត​ក្នុង​វ័យ​៥៤​ឆ្នាំ​ លោក​ស៊ុត​ សុផល​កំពុង​ត្រៀម​ខ្លួន​ចេញ​ពី​ផ្ទះ​ដើម្បី​ជូនភ្ញៀវ​ទេស​ចរណ៍​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ទៅ​កំសាន្ត​លេង​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ថ្ម​រូង​ស្ថិតក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធិ​ ឃុំ​អូរ​បាក់​រទេះ​ ស្រុក​កំពង់​សីលា​ ចម្ងាយ​ប្រមាណ​១០០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។ ​លោក​ស៊ុត ​សុផល​ បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​ភ្ញៀវ​ទេស​ចរណ៍​នេះ​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។

ប៉ុន្តែ​ មុន​ពេល​នោះ​ លោក​សុផល​ ដែល​មាន​មាឌ​តូច​ល្អិត​ សម្បុរ​ខ្មៅ​ស្រអែម​បាន​ប្រកប​មុខ​របរជា​សំខាន់​គឺ​ដើរ​បរបាញ់​សត្វ​ព្រៃ​និង​កាប់​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​នីរតី​នៃ​ប្រទេស​កម្ពុជា​នេះ។​ បុរស​ដែល​មាន​ធ្មេញ​មុខ​ពីរ​ធំៗ​ដូច​ធ្មេញ​ទន្សាយ​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​លោក​បាន​ចាប់​ផ្តើមអាជីព​ជា​អ្នក​បរបាញ់​សត្វ​ព្រៃ​និង​កាប់​ឈើ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៤​មក។

«កាល​ជំនាន់​នោះ​អត់​មាន​មន្ត្រី​ណា​ឬ​ក៏​អ្នក​ណា​ទេ​ គឺ​ថា ​របស់​អ្វី​ឱ្យ​តែ​នៅ​ក្នុង​ព្រៃ​យើង​អាច​បាញ់​យកមក​តាម​អំពើ​ចិត្ត​របស់​យើង​កាល​ជំនាន់​នោះ។​ អាវុធ​នៅ​តំបន់​នេះ​គឺ​មាន​គ្រប់​ផ្ទះ​ សម្រាប់​ការ​ពារ​ផ្ទះឬ​យក​អាវុធ​ហ្នឹង​ធ្វើ​របរ​អាជីវ​កម្ម​មួយ​គឺ ​បរបាញ់​សត្វ​ដាក់​អន្ទាក់​ ហើយ​បើ​អត់​ទេ​ ក៏​យើង​ដើរ​កាប់​ឈើ​មាន​តម្លៃ​យក​មក​លក់​ឱ្យ​ឈ្មួញ​អញ្ចឹង​ទៅ​ មួយ​ដើម​៥​ពាន់​១០​ដើម​៥​ម៉ឺន​អី​អញ្ចឹង​ទៅ​ យើង​អាច​រស់​បាន»។

នៅ​ក្នុង​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៨០​និង​១៩៩០​ ព្រៃ​ឈើ​និង​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេសនៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​នេះ​ត្រូវ​រង​ការ​កាប់​បំផ្លាញ​និង​បរបាញ់​យ៉ាង​អាណាធិប​តេយ្យ​ដែល​ធ្វើ​ឱ្យ​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​មួយ​ភាគ​ធំ​ត្រូវ​វិនាស​និង​រង​ការ​គម្រាម​កំហែង។

តំបន់​ជួរ​ភ្នំ​ក្រវាញ​នេះ​គ្រប​ដណ្តប់​ដោយ​ព្រៃ​ទំហំ​ជាង​២​លាន​ហិកតា​ លាត​សន្ធឹង​ពី​ខេត្ត​ព្រះ​សីហនុ ​កោះ​កុង​ កំពង់​ស្ពឺ​រហូត​ដល់​ខេត្ត​ពោធិសាត់។ ​តំបន់​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​ដែល​សម្បូរទៅ​ដោយ​ជីវ​ចម្រុះ​ រួម​មាន​រុក្ខ​ជាតិ​ជា​ច្រើន​ប្រភេទ​និង​សត្វ​ព្រៃ​ដែល​កម្រ​និង​ជិត​ផុត​ពូជ​នៅ​ក្នុង​តំបន់អាស៊ី​ ដូច​ជា​សត្វ​ដំរី ​ខ្លា​និង​ក្រពើ​ភ្នំ​ជា​ដើម។

ប្រជា​ជន​ដែល​រស់​នៅ​តាម​ជាយ​ព្រៃ​ក្នុង​តំបន់​ភ្នំ​នេះ ​ពឹង​អាស្រ័យ​ជា​សំខាន់​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការនិង​ទៅ​លើ​ការ​រុក​រក​អនុ​ផល​ព្រៃ​ឈើ ​ការ​ដាក់​អន្ទាក់​និង​ការ​បរបាញ់​សត្វ​ព្រៃ។

នៅ​អំឡុង​ពេល​នោះ​ លោក​ស៊ុត ​សុផល​ ក្រៅ​ពី​មាន​កាំភ្លើង​CKC​មួយ​ដើម​ដែល​លោក​បាន​ទិញ​ពីទាហាន​ម្នាក់​ក្នុង​តម្លៃ​១៥​ម៉ឺន​រៀល​ហើយ​នោះ​ លោក​ក៏​បាន​រៀន​ជំនាញ​ដាក់​អន្ទាក់​បន្ថែម​ទៀត​ពី​មិត្តភក្តិ​ម្នាក់​ដែល​ស្ទាត់​ជំនាញ​ខាង​ដាក់​អន្ទាក់​សត្វ​ព្រៃ។

«ទៅ​ជា​មួយ​គេ​អញ្ចឹង​ទៅ​ ធ្វើ​ជា​កូន​ដៃ​គេ។​ គេ​ឱ្យ​រែក​សត្វ​មក។​ ក្នុង​មួយ​ថ្ងៃ​គេ​បាន​សត្វ​ពីរ​បី​អញ្ចឹង​ទៅ​ យើង​រែក​មួយមក​ គេ​រែក​មួយ​មក​ ហើយ​ខ្ញុំ​កាល​ណោះ​ចង់​បាន​តែ​តម្រិះ​និង​ចង់​បាន​តែ​មួយ​ហូប​ ទេ។ ជួយ​គាត់​បាន​មួយ​ឆ្នាំ។​ ដល់​ហើយ​គាត់​ថា​ អ្ហែង​អាច​ដាក់​ក្បែរ​អញ​ទៅ​ បាន​ជា​គ្នា។​ ខ្ញុំ​ក៏​បាន​ដាក់​ទៅ​ក៏​ចេះ​តែ​ជាប់​ទៅ»។

ការ​ប្រមាញ់​សត្វ​ព្រៃ​ច្រើន​ធ្វើ​នៅ​ពេល​យប់។

លោក​ សុផល​បាន​រំឭក​ឡើង​វិញ​ថា​ នៅ​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​នៃ​ការ​ប្រកប​របរ​ជា​ព្រាន​ព្រៃ​នោះ​ លោក​បាន​បរបាញ់​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​បាន​មួយ​ក្បាល ឬ​ពីរ​ក្បាល​ជា​ធម្យម​ក្នុង​មួយ​យប់​ដែល​អាច​រក​ចំណូល​បាន​ប្រមាណ​១​លាន​រៀល​ក្នុង​មួយ​ខែ​ឬ​ស្មើ​នឹង​៤០០​ដុល្លារ​អាមេរិក​នៅ​ពេល​នោះ។​ ចំណូល​នេះ​បានជួយ​ទ្រ​ទ្រង់​ជីវ​ភាព​គ្រួសារ​របស់​លោក​បាន​ដោយ​មិន​ចាំ​បាច់​ធ្វើ​ស្រែ​ចម្ការ។​ សត្វ​ព្រៃ​ដែល​លោក​សុផល​ប្រមាញ់​បាន​ រួម​មាន​ប្រើ​ស​ ក្តាន់​ជ្រូក​ព្រៃ​ ខ្ទីង​ គោ​ព្រៃ​ ពពែ​ភ្នំ​ និង​ឈ្លូស​ជា​ដើម។

បច្ចុប្បន្ន​ជា​ឪពុក​នៃ​កូន​៥​នាក់​ អតីត​ព្រាន​ព្រៃ​រូប​នេះ​ បាន​អះ​អាង​បន្ត​ថា​ លោក​បាន​សម្រេច​ចិត្តប្រកប​របរ​ជា​អ្នក​ប្រមាញ់​នៅ​ពេល​នោះ​ ដោយ​សារ​តែ​លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​ចិញ្ចឹមជីវិត។

«មុខរបរ​ជា​អ្នក​បរបាញ់​គឺ​ថា​ ជា​មុខ​របរ​អ្នក​ផ្សង​ព្រេង​ ហើយ​ក៏​នឹក​ឃើញ​ថា ​កាល​នោះ​ បើ​មិន​យក​ អាហ្នឹង​ធ្វើ​ជា​អាជីព​ យើង​មិន​ដឹង​ចាប់​អ្វី​បាន​ទេ​ជំនាន់​នោះ។​ យើង​អត់​មាន​ដើម​មាន​តែ​អានេះ​យើង​អាច​ឆក់​កណ្តៀត​ ខ្ចី​លុយ​គេ​តិច​តួច​ ទិញ​របស់​ហ្នឹង​យក​មក​ប្រើ​ប្រាស់​ ដូច​ជា​ខ្សែ​អន្ទាក់​អី​ហ្នឹង។​ យើង​ខ្ចី​គេ​១០​ម៉ឺន​មក​ យើង​ដាក់​បាន​សត្វ។ ​យើង​យក​ទៅ​លក់​ឱ្យ​គេ»។

ប៉ុន្តែ​របរបាញ់​សត្វ​ព្រៃ​និង​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នេះ​មិន​អាច​ស្ថិត​ស្ថិរ​យូរ​អង្វែង​បាន​ទេ​ ដោយ​សារ​តែ​មាន​ការ​បង្រ្កាប​ជា​ញឹក​ញយ​ពី​សំណាក់​អាជ្ញាធរ។

ដោយ​ខ្លាច​មាន​ទោស​ទណ្ឌ​និង​អំពើ​បាប​ច្រើន​ថែម​ទៀត​ក្នុង​ការ​សម្លាប់​ជីវិត​សត្វ​ព្រៃ​ដែល​ប្រាថ្នា​ចង់រស់​ ដូច​ជា​មនុស្ស​ដែរ​នោះ​ លោក​ស៊ុត ​សុផល​ ក៏​បាន​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​របរ​បរបាញ់​នេះបន្តិច​ម្តងៗ​ ហើយ​ក៏​បាន​ចាប់​ផ្តើម​រាន​ដី​ព្រៃ​ដើម្បី​ប្រកប​របរ​ធ្វើ​កសិកម្ម​ជំនួស​វិញ​ក្នុង​ឆ្នាំ​២០០៧​ បន្ទាប់​ពី​មាន​ការ​ចុះ​អប់រំ​និង​ជួយ​ឧបត្ថម្ភ​ជា​គ្រាប់​ពូជ​និង​បច្ចេក​ទេស​ដាំ​ដុះ​ពី​អង្គការ​អភិរក្ស​សត្វ​ព្រៃមួយ​ឈ្មោះ​ថា​ Fauna​ &​ Flora​ International​ ឬ​FFI។

គួប​ផ្សំ​នឹង​ការ​ធ្វើ​ស្រែ​ លោក​ ស៊ុត ​សុផល​ បច្ចុប្បន្ន​ក៏​ធ្វើ​ចម្ការ​ដាំ​ដំណាំ​ ដូច​ជា​ឪឡឹក​ ត្រសក់​ ល្ពៅ​និង​ដំឡូងមី​ ជា​ដើម​ហើយ​ក៏​បាន​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ការ​ពារ​និង​អភិរក្ស​សត្វ​ព្រៃ​ជា​មួយ​អង្គការ​FFI​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ។

«នៅ​ក្នុង​សហ​គមន៍​របស់​ខ្ញុំ ខ្ញុំ​ការ​ពារ​អាយុ​ជីវិត​របស់​វា​នៅ​តំបន់​នេះ​មិន​ឱ្យ​ព្រាន​ណា​មក​បាញ់​បាន​ទេ​ ខ្ញុំ​ប្រាប់​ដំណឹង​ជា​រៀង​រាល់​ថ្ងៃ​រាល់​ខែ​ហ្នឹង​ ឱ្យ​តែ​ឮ​ថា វា​មក​ហើយ ​ហើយ​មាន​ព្រាន​មាន​អី​គេ​តាមអញ្ចឹង​ ខ្ញុំ​ផ្តល់​ដំណឹង​ឱ្យ​ខាង​លើ​មក​ជួយ​ស្រាវ​ជ្រាវ​រឿង​ហ្នឹង»។

ក្រៅ​ពី​កិច្ច​ការ​ស្រែ​ចម្ការ ​លោក​ សុផល​ក៏​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ដើរ​កំសាន្ត​មើល​ព្រៃ​ភ្នំ​នៅ​តំបន់ទេស​ចរណ៍​ធម្មជាតិ​ថ្ម​រូង​ ហើយ​គ្រួសារ​របស់​លោក​ក៏​បើក​តូប​សម្រាក​លំហែ​កាយ​និង​លក់​ដូរ​ចំណី​អាហារ​ដើម្បី​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ។

លោក​សុផល ​មាន​ប្រសាសន៍​ថា ​លោក​សប្បាយ​ចិត្ត​នឹង​មុខ​របរ​ថ្មី​របស់​លោក​នេះ​ណាស់​ ដោយ​សារ​វា​មិន​ត្រឹម​តែ​បាន​អាច​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​របស់​លោក​បាន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេវា​ថែម​ទាំង​ធ្វើ​ឱ្យ​លោក​រស់​នៅ​បាន​ស្រួល​ ដោយ​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ចំពោះ​បាប​កម្ម​និង​ការ​ប្រឈមមុខ​ជា​មួយ​នឹង​ច្បាប់​ចំពោះ​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​ទៀត​ផង។

ប៉ុន្តែ​អតីត​ព្រាន​ព្រៃ​និង​អ្នក​កាប់​ឈើ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា​ អ្នក​ប្រមាញ់​សត្វ​ព្រៃ​និង​អ្នក​កាប់​ព្រៃ​ឈើ​មួយ​ចំនួន​ទៀត​ បច្ចុប្បន្ននៅ​មិន​ទាន់​បោះ​បង់​មុខ​របរ​ចាស់​នេះ​នៅ​ឡើយ​ទេ​ ដូច្នេះ​ លោក​ដាស់​តឿន​ថា ​ពួក​គេ​គួរ​តែ​គិត​គូរ​ផ្លាស់​ប្តូរ​មក​ចាប់​យក​របរ​កសិកម្ម​ឬ​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ ដូច​រូប​លោក​វិញ​ដើម្បី​រក្សា​សម្បត្តិ​ធម្មជាតិ​ ដូច​ជា​សត្វ​ព្រៃ​និង​ព្រៃ​ឈើ​នេះ​ឱ្យ​នៅ​គង់​វង្ស​យូរ​អង្វែង​សម្រាប់​ទុក​ជា​កេរ្តិ៍​មរតក​ដល់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ទៀត។

អត្ថបទ​ទាក់ទង

XS
SM
MD
LG