កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា អង្គការ UNICEF បញ្ជាក់ថា វិបត្តិជំងឺកូវីដ ១៩ ប៉ះពាល់ដល់កុមារ ៦រយលាននាក់នៅទ្វីបអាស៊ីខាងត្បូង។ ច្បាប់ស្តីពីថាមពលពន្លឺព្រះអាទិត្យនៅប្រទេសវៀតណាម បង្កឲ្យការប្រើប្រាស់ថាមពលធ្យូងថ្មចុះខ្សោយ។ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីបង្ក្រាបលើក្រុមអ្នករិះគន់រដ្ឋាភិបាល៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍បង្ហាញថា ការបណ្តេញចេញនៅទីក្រុងភ្នំពេញនៅតែជាបញ្ហា ពុំមានការពិភាក្សា និងផ្តល់សំណងត្រឹមត្រូវ។ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនឧកញ៉ាម្នាក់ រីឯអភិបាលស្រុកមួយរូបបាត់បង់តំណែងក្នុងរឿងដីធ្លី។ គណនីហ្វេសប៊ុក ២ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ព្រះអង្គ លួន សុវ៉ាត លែងដំណើរការ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អំពើជួញដូរមនុស្សនៅកម្ពុជា និងវិធានការទប់ស្កាត់»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមួយចំនួនចាប់ផ្ដើមបិទសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ ដោយសារករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងរហូតដល់ជាង ១០ លានករណី។ ប្រទេសអ៊ីរ៉ង់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ ពេលជួបជុំគ្នាក្នុងទីធ្លាឯកជន។ លោក Donald Trump ថា លោកមិនដឹងអំពីសេចក្ដីរាយការណ៍ដែលថា រុស្ស៊ីផ្ដល់រង្វាន់ដល់ក្រុមតាលីបង់ឲ្យសម្លាប់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន។ អ្នកជំនាញអាមេរិកថា អ៊ីរ៉ង់នឹងក្លាយជាជម្រើសនៃប្រទេសជួញដូរអាវុធសម្រាប់ពួកភេរវជន បើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផុតកំណត់៕