ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍បង្ហាញថា ការបណ្តេញចេញនៅទីក្រុងភ្នំពេញនៅតែជាបញ្ហា ពុំមានការពិភាក្សា និងផ្តល់សំណងត្រឹមត្រូវ។ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនឧកញ៉ាម្នាក់ រីឯអភិបាលស្រុកមួយរូបបាត់បង់តំណែងក្នុងរឿងដីធ្លី។ គណនីហ្វេសប៊ុក ២ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ព្រះអង្គ លួន សុវ៉ាត លែងដំណើរការ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អំពើជួញដូរមនុស្សនៅកម្ពុជា និងវិធានការទប់ស្កាត់»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមួយចំនួនចាប់ផ្ដើមបិទសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ ដោយសារករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងរហូតដល់ជាង ១០ លានករណី។ ប្រទេសអ៊ីរ៉ង់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ ពេលជួបជុំគ្នាក្នុងទីធ្លាឯកជន។ លោក Donald Trump ថា លោកមិនដឹងអំពីសេចក្ដីរាយការណ៍ដែលថា រុស្ស៊ីផ្ដល់រង្វាន់ដល់ក្រុមតាលីបង់ឲ្យសម្លាប់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន។ អ្នកជំនាញអាមេរិកថា អ៊ីរ៉ង់នឹងក្លាយជាជម្រើសនៃប្រទេសជួញដូរអាវុធសម្រាប់ពួកភេរវជន បើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផុតកំណត់៕