កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាបានបញ្ចប់
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ បានបញ្ចប់នៅថ្ងៃអាទិត្យនេះ ដោយកម្ពុជាបានផ្ទេរតួនាទីជាប្រធានអាស៊ានដល់ឥណ្ឌូណេស៊ី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ញញួរតំណែងប្រធានអាស៊ានដល់លោកប្រធានាធិបតី Joko Widodo ក្នុងពិធីផ្ទេរតួនាទី ដោយមានការចូលរួមពីលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ អាស៊ានបានព្រមព្រៀងគ្នាទទួលយកប្រទេសទីម័រខាងកើតជាសមាជិកទី ១១ របស់អាស៊ាន។ នៅរយៈពេល ៧ ថ្ងៃខាងមុខ កិច្ចប្រជុំកំពូលនានានឹងធ្វើឡើងនៅតំបន់អាស៊ីអាគេ្នយ៍ រួមមានកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅថា G-20 ដែលធ្វើឡើងនៅកោះបាលី ឥណ្ឌូណេស៊ី និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក ប្រទេសថៃ៕
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងពិធីផ្ទេរតួនាទីជាប្រធានអាស៊ានពីកម្ពុជាទៅឲ្យឥណ្ឌូណេស៊ី ពេលបិទកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
Reuters
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃអាទិត្យថា បណ្តាញទាក់ទងគ្នារបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន អាចនៅបើកចំហ ដើម្បីទប់ស្កាត់មិនឲ្យជម្លោះ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាបានបញ្ចប់។ លោកបានថ្លែងដូច្នេះនៅមុនជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅថា G-20។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់បណ្តាមេដឹកនាំនៅតំបន់អាស៊ីនៅថ្ងៃអាទិត្យថា ចិនកំពុងធ្វើសកម្មភាពកាន់តែច្រើននិងឥតឈប់ឈរដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសជប៉ុន ហើយបញ្ឆេះភាពតានតឹងថែមទៀតនៅក្នុងតំបន់។ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ លោក Kishida ថា ការធានាឲ្យបាននូវសន្តិភាពនិងស្ថិរភាពនៅតំបន់កោះតៃវ៉ាន់មានសារៈសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ ដោយលោកក៏បាន«ក្តីបារម្ភធ្ងន់ធ្ងរ»លើស្ថានភាពសិទ្ធិមនុស្សរបស់ក្រុមជនជាតិអ៊ុយហ្គ័រ (Uyghur)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters៕
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ២៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
Reuters
ប្រធានាធិបតីឥណ្ឌូណេស៊ីប្តេជ្ញាថាមិនធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិប្រយុទ្ធជួរមុខនៃសង្គ្រាមត្រជាក់ថ្មីមួយជាដាច់ខាត ខណៈភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។ ខណៈឥណ្ឌូណេស៊ីក្លាយជាប្រធានអាស៊ាន លោក Joko Widodo បានថ្លែងថា អាស៊ានមិនអាចក្លាយជា «ភ្នាក់ងាររបស់មហាអំណាចណាមួយឡើយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោកបញ្ជាក់ថា តំបន់អាស៊ីអាគេ្នយ៍ដែលមានពលរដ្ឋសរុបជាង ៧០០ លាននាក់ «ចាំបាច់ត្រូវតែជាតំបន់ដ៏ថ្លែថ្នូរមួយ» ហើយ «ប្រកាន់ខ្ជាប់នូវតម្លៃមនុស្សធម៌និងលទ្ធិប្រជាធិបតេយ្យ»។ គោលការណ៍ទាំងនេះកំពុងប្រឈមនឹងបញ្ហាក្តោបក្តាប់យោធានៅមីយ៉ាន់ម៉ា និងក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងថា ភាពតានតឹងសកលបច្ចុប្បន្នកំពុងក្លាយជាបន្ទុកដល់ប្រទេសជាច្រើនក្នុងតំបន់៕
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា។ លោក Biden ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅថា G-20 ដែលនៅទីនោះលោកនឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក Xi Jinping៕
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
Reuters
មេដឹកនាំអាស៊ានមួយចំនួននិងមេដឹកនាំមកពីបណ្តាប្រទេសផ្សេងៗទៀត បានជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៧ នៅរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ។ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និងណូវែលសេឡង់ មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះ រួមទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ ក៏ប៉ុន្តែ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មិនបានចូលរួមកិច្ចប្រជុំនេះទេ ហើយបានធ្វើសន្និសីទសារព័ត៌មានអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់សារព័ត៌មានអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន រួមទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ កំពុងជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក រាប់តាំងពីសេដ្ឋកិច្ច សន្តិសុខ ភាពតានតឹងនយោបាយនិងយោធា ការប្រែប្រួលអាកាសធាតុ វិបត្តិថាមពលនិងស្បៀងអាហារជាដើម នៅក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី ២ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកានេះ។
មេដឹកនាំអាស៊ាននិងមេដឹកនាំនៃបណ្តាប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន ពិភាក្សាគ្នាក្នុងកិច្ចសន្ទនាសកលអាស៊ាន អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
Associated Press
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងទៅកាន់មេដឹកនាំអាស៊ាន កាលពីល្ងាចថ្ងៃសៅរ៍ថា ប្រទេសកាណាដាបានកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍ ក្នុងអ្វីដែលលោកបានចាត់ទុកថាជា «ការផ្លាស់ប្តូរជាជំនាន់»មួយ។ លោកបានបញ្ជាក់ថា វាមានសារៈសំខាន់ក្នុងការ«ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេដងរវាងភាគីទាំងពីរ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមសកលនានា»។ លោក Trudeau ថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំប្រកាសអំពីការបណ្តាក់ទុនរឹងមាំនានា ដែលជាផ្នែកនៃការប្តេជ្ញារបស់យើងក្នុងទំនាក់ទំនងនេះ»។ នាយករដ្ឋមន្ត្រីកាណាដារូបនេះបានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងរវាងអាស៊ាននិងកាណាដា នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press៕
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន កាណាដា នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងអំពីក្តីបារម្ភរបស់អាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពរាមនៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងចិន នៅក្នុងជំនួបទ្វេភាគីរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន ។ ជាមួយគ្នានោះ លោក Biden ក៏បានជំរុញឲ្យលោក ហ៊ុន សែន បើកលម្ហនយោបាយនិងស៊ីវិលឡើងវិញ មុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខនៅកម្ពុជា។ បន្ថែមលើនោះ លោកក៏បានស្នើឲ្យមានការដោះលែងសកម្មជន ដែលត្រូវបានឃុំខ្លួនដោយការបទចោទប្រកាន់ដែលមានលក្ខណៈនយោបាយ រួមទាំងកញ្ញា សេង ធារី ពលរដ្ឋខ្មែរអាមេរិកាំងផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ពីការប្តេជ្ញាជាថ្មីរបស់សហរដ្ឋអាមេរិកដល់ប្រជាពលរដ្ឋកម្ពុជា និងបំណងរបស់ពួកគេដែលចង់បានប្រទេសរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ៕
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ម៉ែន គឹមសេង
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស បានទទូចឲ្យលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញ និងរក្សាការពារអធិបតេយ្យរបស់កម្ពុជា ទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។ លោកបានលើកឡើងដូច្នេះនៅក្នុងអត្ថបទមួយដែលលោកបានសរសេរ ហើយត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ The Diplomat កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក Biden កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ នៅក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន នារសៀលថ្ងៃសៅរ៍នេះ លោក Biden បានថ្លែងអរគុណលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន ចំពោះសេចក្តីថ្លែងការណ៍សំខាន់ៗរបស់លោក ថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ជាមួយគ្នានោះ លោក Biden ក៏សង្ឃឹមថានឹងឃើញលទ្ធិប្រជាធិបតេយ្យត្រូវបានស្តាឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ក្រោមកិច្ចប្រឹងប្រែងរបស់អាស៊ាន ហើយលោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ានផងដែរ៕
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។