សេចក្តីសម្រេចនេះរបស់តុលាការជាន់ខ្ពស់ជាបរាជ័យមួយរបស់ក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូងនិងជាជ័យជម្នះមួយរបស់ជនជាតិស៊ីមបាវ៉េ ដែលជាច្រើននាក់បានស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូងជាងមួយទសវត្សរ៍ ដោយបានចាកចេញពីប្រទេសស៊ីមបាវ៉េនៅជិតខាងដោយសារមានចលាចលខាងនយោបាយនិងខាងសេដ្ឋកិច្ចនៅក្នុងការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោកRobert Mugabe។
ដើម្បីដោះស្រាយការហូរចូលមនុស្សច្រើននាក់ឆ្លងកាត់ព្រំដែន អាជ្ញាធរអាហ្វ្រិកខាងត្បូង ដំបូងឡើយ បានផ្តល់ការអនុញ្ញាតពិសេសឱ្យពួកគេធ្វើការ តែក្នុងឆ្នាំ២០២១បាននិយាយថាខ្លួនបានបញ្ចប់កម្មវិធីនេះ។
សហព័ន្ធអន្តោប្រវេសន៍ស៊ីមបាវ៉េបានជំទាស់នឹងបំណងរដ្ឋាភិបាលក្នុងការបង្ខំជនជាតិស៊ីមបាវ៉េឱ្យវិលត្រឡប់ទៅប្រទេសពួកគេវិញ។ កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនា ប្រធានរបស់ក្រុមនេះគឺលោក Luke Dzviti បានទទួលស្វាគមន៍សាលក្រមរបស់តុលាការនេះ។
លោកបានថ្លែងថា៖ «ខ្ញុំទទួលស្វាគមន៍សេចក្តីសម្រេចនេះរបស់តុលាការជាន់ខ្ពស់នៃប្រទេសអាហ្វ្រិកខាងត្បូងដោយដៃទាំងពីរ ដោយអនុគ្រោះអង្គការយើងគឺសហព័ន្ធអន្តោប្រវេសន៍ស៊ីមបាវ៉េ ហើយគោលជំហរឬកាយវិការនេះបង្ហាញថានៅមានយុត្តិធម៌នៅក្នុងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ហើយយើងដឹងគុណពីព្រោះការបណ្តេញចេញជាមហន្តរាយមនុស្សធម៌»។
លោក Dzviti បានថ្លែងថាការបញ្ចប់ការអនុញ្ញាតដោយមានការលើកលែងដល់ជនជាតិស៊ីមបាវ៉េអាចបណ្តាលឱ្យមានលំហូរមនុស្សច្រើននាក់ហើយមានន័យថាគ្រួសារជាច្រើននៅស៊ីមបាវ៉េដែលត្រូវបានគាំទ្រដោយអ្នករកប្រាក់ចំណូលម្នាក់នៅអាហ្វ្រិកខាងត្បូងនឹងត្រូវរុញច្រានឱ្យធ្លាក់ក្នុងភាពក្រីក្រជាងមុន។
តុលាការបានសម្រេចថាការអនុញ្ញាតនេះអាចបន្តសុពលភាពមួយឆ្នាំទៀត។ លោក Dzviti បានថ្លែងថាក្រោយពេលនោះអង្គការលោកនឹងដាក់ពាក្យសុំមួយទៀត។
លោក Siya Qoza អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូងបាននិយាយថាមិនទាន់ប្រាកដទេថាតើរដ្ឋាភិបាលនឹងប្តឹងឧទ្ធរណ៍ឬទេ។
លោកថ្លែងថា៖ «លោករដ្ឋមន្ត្រីកំពុងតែពិនិត្យមើលសេចក្តីសម្រេចទាំងពីរហើយលោកកំពុងស្វែងរកការប្រឹក្សាខាងផ្លូវច្បាប់អំពីសេចក្តីសម្រេចទាំងនេះ។ លោកនឹងឆ្លើយតបសព្វគ្រប់អំពីបញ្ហានេះ។ លោកនឹងគូសបញ្ជាក់វិធានការដែលនឹងធ្វើ មានរួមទាំងការប្តឹងឧទ្ធរណ៍ផង ប្រសិនបើមាន»។
លោក Silous Sibanda ជាអ្នកបើកឡានម្នាក់ដែលបានរស់នៅអាហ្វ្រិកខាងត្បូងជិត២០ឆ្នាំមកហើយ ហើយនៅពេលនេះលោកមានបណ្ណអនុញ្ញាតពិសេស។
លោកថ្លែងថា៖ «នៅពេលមិនទាន់មានសាលក្រមនេះ យើងស្ថិតនៅក្នុងភាពងងឹត។ យើងមិនអាចធ្វើអ្វីទេ យើងមិនអាចធ្វើដំណើរទេ យើងព្រួយបារម្ភថាយើងប្រហែលបាត់បង់អ្វីដែលយើងបានធ្វើ...វាជាការល្អប្រសើរសម្រាប់ពួកជនមានការងារធ្វើនិងក្រុមជនដែលកំពុងធ្វើការ។ តែយ៉ាងហោចណាស់នៅពេលនេះគេឱ្យយើងមានឱកាសដែលយើងអាចធ្វើអ្វីៗបានដោយត្រឹមត្រូវនិងមានការរៀបចំផែនការផងដែរ ដូច្នេះនេះជាការសម្រាលការលំបាកច្រើនសម្រាប់យើងភាគច្រើន»។
ដោយសារប្រទេសអាហ្វ្រិកខាងត្បូងមានសេដ្ឋកិច្ចផ្អែកលើឧស្សាហកម្មខ្លាំងជាងគេនៅទ្វីបអាហ្វ្រិក ប្រទេសនេះជាទីដៅសំខាន់មួយរបស់ជនជាតិស៊ីមបាវ៉េនិងក្រុមជនអន្តោប្រវេសន៍ឯទៀតៗក្នុងទ្វីបនេះ។ មានឧប្បត្តិហេតុនៃអំពើហិង្សាស្អប់ជនបរទេស ដោយសារជនជាតិអាហ្វ្រិកខាងត្បូងបានយកជនជាតិអាហ្វ្រិកឯទៀតៗជាទីដៅនៃការវាយប្រហារ។ កាលពីឆ្នាំទៅ បុរសស៊ីមបាវ៉េម្នាក់ត្រូវបានសម្លាប់ដោយមនុស្សមួយហ្វូង៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ជនជាតិស៊ីមបាវ៉េនៅអាហ្វ្រិកខាងត្បូងធូរចិត្តដោយសារសេចក្តីសម្រេចរបស់តុលាការ
ក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង —