សមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រទេសស៊ីមបាវ៉េ បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី គឺលោក Emmerson Mnangagwa។ នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង ៣៧ ឆ្នាំរបស់ ប្រទេសស៊ីមបាវ៉េ ដែលការស្បថចូលកាន់តំណែងមិនមែនដឹកនាំដោយលោក Robert Mugabe។
លោក Mnangagwa ដែលមានអាយុ ៧៥ឆ្នាំ បានឆ្លើយតបនឹងសំនួរខ្លះៗបន្ទាប់ពីពិធីនេះ។
លោក MNANGAGWA បានមានប្រសាសន៍ថា៖
«គណៈរដ្ឋមន្ត្រីថ្មីនេះ គឺសម្រាប់បញ្ចប់អាណត្តិលោកអតីតប្រធានាធិបតី ដែលមានរយៈពេលពី ៦ខែ ទៅ៧ ខែទៀត។ ភាពចលាចលបានកើតឡើង ហើយខ្ញុំជឿជាក់ថាក្រុមមន្ត្រីរបស់ខ្ញុំនឹងទប់ទល់នឹងការលំបាកនេះបាន។ ខ្ញុំចង់ឲ្យពលរដ្ឋស៊ីមបាវ៉េស្រុះស្រួលគ្នា យើងត្រូវតែធ្វើឲ្យសេដ្ឋកិច្ចយើងរីកចម្រើនឡើង»។
លោក Mnangagwa បានឡើងកាន់តំណែងកាលពីខែមុនដោយរដ្ឋប្រហារយោធាមួយ បន្ទាប់ពីលោក Mugabe អាយុ ៩៣ឆ្នាំ បានបណ្តេញលោកចេញពីតំណែងអនុប្រធានាធិបតី។
លោកប្រធានាធិបតីថ្មីនេះ មិនបានបង្ហាញសញ្ញាណថា លោកនឹងប្រកួតយកតំណែងក្នុងអាណត្តិថ្មីដោយការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំក្រោយនោះទេ។
លោក Vengai Muhwahwa អ្នកលក់ដូរតាមផ្លូវដែលស្ថិតនៅចម្ងាយប៉ុន្មានម៉ែត្រពីវិមានរដ្ឋាភិបាលស៊ីមបាវ៉េ បានធ្វើអត្ថាធិបាយចំពោះគណៈរដ្ឋមន្ត្រីថ្មីនេះ។
លោក MUHWAHWA បានថ្លែងថា លោកសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងដោះស្រាយបញ្ហាកង្វះលុយនៅធនាគារ ជំនួសឲ្យពឹងផ្អែកលើលុយផ្លាស្ទីក ហើយលោកថារដ្ឋាភិបាលត្រូវតែបង្កើតការងារ។ លោកថា អ្នកលក់ដូរតាមផ្លូវចង់ឲ្យសហគ្រិនផ្តល់ការងារជូនពួកគេ ដើម្បីឲ្យពួកគេឈប់រកស៊ីតាមចញ្ចើមផ្លូវទៀត។
លោក Silas Mawera ជាអ្នកលក់ដូរម្នាក់ទៀតនៅក្បែរនោះបាននិយាយថាសមាសភាគរបស់គណៈរដ្ឋមន្ត្រីថ្មីនេះគឺល្អហើយ ហើយពលរដ្ឋស៊ីមបាវ៉េកំពុងរំពឹងថា គណៈរដ្ឋមន្ត្រីថ្មី នឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចឲ្យបានលឿន ហើយអ្នកលក់ដូរតាមផ្លូវមិនចាំបាច់នៅលក់បែបនេះទៀតទេ។
ក្រៅពីដោះស្រាយបញ្ហាសេដ្ឋកិច្ច ប្រធានាធិបតីថ្មីរបស់ប្រទេសស៊ីមបាវ៉េត្រូវបង្រួបបង្រួមគណបក្ស ZANU-PF របស់លោកផងដែរ ដែលបានបែកខ្ញែកគ្នាជាច្រើនឆ្នាំណាស់មកហើយ ពីបញ្ហាអ្នកដែលត្រូវជំនួសលោក Mugabe។
សមាជិកគណបក្សជាច្រើននាក់បានគាំទ្រលោក Mnangagwa ប៉ុន្តែសមាជិកផ្សេងៗទៀតបានគាំទ្រភរិយាលោក Mugabe។ គ្រួសារ Mugabe ទទួលបានអភ័យឯកសិទ្ធិពីការផ្តទ្ទាទោស ហើយអាចបន្តរស់នៅក្នុងប្រទេសស៊ីមបាវ៉េជាពលរដ្ឋធម្មតាបាន៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង