នៅក្នុងរដូវកាលធ្វើកសិកម្មរបស់ប្រទេសស៊ីមបាវ៉េ ជាធម្មតា តំបន់កសិកម្ម Sanyati ដែលនៅ ចម្ងាយប្រមាណ២៥០គីឡូម៉ែត្រនាទិសនិរតីនៃទីក្រុងហារ៉ារ៉េ (Harare) អាចផលិតបានកប្បាសយ៉ាងច្រើន។ វាជាប្រភេទដំណាំប្រើប្រាសក្នុងគោលបំណងផ្សេងៗច្រើនយ៉ាង ហើយជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់កសិករ ដូចជាការត្បាញធ្វើជាក្រណាត់សម្រាប់នាំចេញ ចំណែកគ្រាប់របស់វា ត្រូវបានចម្រាញ់ធ្វើជាប្រេងឆាសម្រាប់ប្រើប្រាស់ក្នុងស្រុក។
ទោះជាយ៉ាងនេះក្តី សម្រាប់កសិករជាច្រើន វាមិនអាចបានផលដូចនេះទៀតទេ។ កសិករអាយុ ៣៤ឆ្នាំម្នាក់ មានឈ្មោះថា Titus Maphosa បាននិយាយថា តម្លៃកប្បាសបានធ្លាក់ចុះយ៉ាងខ្លាំង ហើយពួកគេពុំអាចរកប្រាក់ចំណេញពីកប្បាសបានទេ។
លោកនិយាយថា លោកបានដាំដំណាំកប្បាសច្រើនឆ្នាំមកហើយ។ ប៉ុន្តែឥឡូវនេះ វាបានធ្វើឱ្យមានភាពអត់ឃ្លាន។ លោកនិយាយថា លោកបានលក់ជីដែលទទួលបានពីរដ្ឋាភិបាលក្នុងតម្លៃ២០ដុល្លារក្នុងមួយបាវ ចំណែកអ្នកផ្សេងទៀត លក់វាបានត្រឹមតែ១០ដុល្លារប៉ុណ្ណោះក្នុងមួយបាវ។ អ្នកខ្លះទៀត បានដាក់ជីទាំងនោះ ក្នុងដីដាំដំណាំពោតរបស់ពួកគេ។ លោកនិយាយថា៖ «ពួកយើងនឹងមិនអាចដាំកប្បាសបានទេ»។
បន្ទាប់ពីរដ្ឋាភិបាលសង្កេតឃើញថាមានការធ្លាក់ចុះនៃផលិតកម្មកប្បាសក្នុងតំបន់ Sanyati ជាច្រើនឆ្នាំកន្លងទៅ ហើយកំណើននៃចំនួនប្រជាជនដែលស្នើសុំជំនួយម្ហូបអាហារមានកាន់តែច្រើនឡើងនោះ រដ្ឋាភិបាលបានចាប់ផ្តើមផ្តល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ គ្រាប់ពូជ និងជី ដោយឥតគិតថ្លៃដល់កសិករ។ ប៉ុន្តែកសិករឈ្មោះ Muteewa Majasi បាននិយាយថា លោកនឹងមិនធ្វើការងារកសិកម្មនេះទេ លុះត្រាតែរដ្ឋាភិបាលបានចាត់វិធានការណ៍លើការធ្លាក់ចុះតម្លៃកប្បាសជាមុនសិន។
លោកនិយាយថា រដ្ឋាភិបាលត្រូវតែប្រាប់ពីតម្លៃទិន្នផលដំណាំជាមុន ដើម្បីឲ្យពួកគាត់អាចសម្រេចចិត្តក្នុងការទទួលយកការផ្គត់ផ្គង់ដំណាំទាំងនោះឬ អត់។ រដ្ឋាភិបាលអាចផ្ដល់ឱ្យពួកគាត់នូវតម្លៃមួយទាបជាងតម្លៃកាលពីរដូវកាលមុន ដែលមានតម្លៃត្រឹមតែបីសេនក្នុងមួយគីឡូក្រាម ហើយឥឡូវនេះ រដ្ឋាភិបាលអាចនឹងផ្ដល់ឱ្យពួកគាត់ពីរសេន ឬមួយសេនប៉ុណ្ណោះ។ វាមានភាពមិនច្បាស់លាស់។ វាអាចជួយកសិករបាន ប៉ុន្តែវាមិនមានប្រយោជន៍។
លោក Majasi បានឱ្យដឹងថា កសិករគ្មានជម្រើសនោះទេ ហើយកំពុងត្រូវបានគេបង្ខំ។ គាត់និយាយថា រដ្ឋាភិបាលអាចបង្ខំពួកគេឲ្យលក់នៅក្នុងតម្លៃណាមួយ ចាប់តាំងពីរដ្ឋាភិបាលបានផ្ដល់គ្រាប់ពូជនិងជីឲ្យពួកគេរួចមក។ គាត់បានបន្ថែមថា ពីដំបូងរដ្ឋាភិបាលត្រូវតែពិគ្រោះជាមួយកសិករជាមុនសិន អំពីប្រភេទគ្រាប់ដំណាំដែលពួកគេចង់ដាំដុះ ថាតើដំណាំនោះ ត្រូវជាដំណាំពោត ឬគ្រាប់ធញ្ញជាតិ។
មន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់នេះ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានយល់ស្របជាមួយកសិករ។ លោកនិយាយថា កសិករជាច្រើនទទួលយកអ្វីដែលរដ្ឋាភិបាលផ្តល់ឲ្យ ពីព្រោះវាគឺជាវិធីតែមួយគត់ដើម្បីទទួលបានជីមួយបាវ។ លោកថា កសិករនឹងជ្រើសយកគ្រាប់ពូជកប្បាស ប៉ុន្តែពួកគេមិនដាំដំណាំកប្បាសទេ ពួកគេនឹងប្រើជីនោះសម្រាប់ដំណាំពោតវិញ។
ប៉ុន្តែក្រុមមន្ត្រីនិយាយថា ទង្វើបែបនេះពុំអាចជួយផលិតពោតឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ភាពអត់ឃ្លាន និងភាពក្រីក្រនៅប្រទេសស៊ីមបាវ៉េបានទេ។
បញ្ហានេះកើតមាន ចំពេលដែលអង្គការស្បៀងអាហារនិងកសិកម្មរបស់សហប្រជាជាតិព្រមានថា តំបន់ក្នុងទី្វបអាហ្វ្រិកភាគខាងត្បូង កំពុងប្រឈមមុខនឹងលទ្ធភាពនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយសារកត្ដាបាតុភូតអាកាសធាតុអែលនីណូ (El Nino) ដែលត្រូវបានព្យាករថានឹងក្លាយជារឿងអាក្រក់បំផុត ចាប់តាំងពីឆ្នាំ១៩៩៧ មក។
អង្គការសហប្រជាជាតិនិយាយថា ប្រទេសស៊ីមបាវ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលជួបនឹងឱនភាពម្ហូបអាហារ ដោយមានមនុស្សជាងមួយលាននាក់ ត្រូវការជំនួយស្បៀងអាហារ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង