ប្រទេស​ស៊ីមបាវ៉េ​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយបារម្ភ​ខ្លាំង

(រូបថត​ឯកសារ​) ក្រុមមេធាវី​ស៊ីមបាវ៉េ​ ចូលរួម​បាតុកម្មតវ៉ា​លើបញ្ហា​នានា​ពាក់ព័ន្ធ​នឹង​នីតិរដ្ឋ​ក្នុងរដ្ឋធានី​ ថ្ងៃអង្គារ​ ទី២៩​ ខែមករា​ ឆ្នាំ​២០១៩។

ឆ្នាំ២០១៨​ គឺជា​ឆ្នាំដ៏អាក្រក់​សម្រាប់​សិទ្ធិមនុស្ស​ក្នុងទ្វីប​អាហ្រិ្វក​ នេះបើយោង​តាម​អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​។ ក្រុមអង្គការ​សិទ្ធិមនុស្ស​បានលើក​ឡើង​ពីក្តីបារម្ភ​នៃបញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីមបាវ៉េ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ដែល​បញ្ហា​សិទ្ធិមនុស្ស​នេះបាន​កើត​មាន​តាំង​ពីឆ្នាំមុន​នៅ​តែ​បន្ត​មក​ដល់​បច្ចុប្បន្ន។

បញ្ហា​សិទ្ធិមនុស្ស​ក្នុងឆ្នាំ​២០១៨​ បាន​បន្តកើត​មាន​គ្រប់​ទម្រង់​ទាំងអស់​ក្នុង​ប្រទេស​អាហ្វ្រិក​ទាំងពីរ​ នេះ​បើតាម​សំដី​របស់​ក្រុម​តស៊ូ​មតិផ្នែក​សិទ្ធិមនុស្ស​ដែល​បាន​ថ្លែង​នៅ​ពេលពួកគេ​រៀបចំ​កិច្ចប្រជុំ​តុមូល​ប្រចាំឆ្នាំ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីបអាហ្រ្វិក​ ក្នុងទីក្រុង​ Johannesburg កាល​ពី​ពាក់​កណ្តាល​ខែមករា​កន្លង​មក។

របាយការណ៍​សិទ្ធិមនុស្ស​នៅឆ្នាំ​នេះ ដែល​គ្រោង​នឹង​ផ្សព្វផ្សាយនៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ​ប្រទេស​កេនយ៉ា​ ប៉ុន្តែ​ត្រូវ​បាន​ប្តូរ​ថ្ងៃបរិចេ្ឆទ​ បន្ទាប់​មាន​ការវាយប្រហារ​ពីពួកភេរវករ​ទៅ​លើ​សណ្ឋាគារ​ទំនើប​មួយ​កន្លែង​ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង​២០នាក់។

របាយ​ការណ៍​ដដែល​នេះ​ ក៏បាន​លើកឡើង​ពី​ក្តីបារម្ភ​អំពីអំពើ​ហិង្សា​ និងការ​គាប​សង្កត់​សិទ្ធិមនុស្ស​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុងទ្វីប​អាហ្រ្វិក​ រួមមាន​ ប្រទេសប៊ូរុនឌី​ ម៉ូសំប៊ិក​ និង eSwatini ដែល​ជា​អតីត​ប្រទេស​ស្វាស៊ីឡង់។

ចំណែក​ឯប្រទេស​២ផ្សេងទៀត​ គឺសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ និង​ស៊ីមបាវ៉េ​ ដែល​ប្រទេស​ទាំងពីរ​នេះ​មាន​បញ្ហា​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ហាក់​មាន​ស្ថានភាព​លេចធ្លោ​ជាងគេ​ នេះ​បើ​យោង​តាម​ក្រុមអ្នក​ជំនាញ។

លោក​ Dewa Mavhinga គឺជា​អ្នកស្រាវជ្រាវ​នៃអង្គការ​សិទ្ធិមនុស្ស​អាហ្រ្វិក​ខាងត្បូង។

លោក​បាននិយាយ​ថា៖ «យើងបាន​ទទួល​របាយការណ៍​នានា​ស្តី​ពីការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរជា​ច្រើន​ករណី ដូចជា​ការវាយដំ​ ការចាប់​ខ្លួន​ ការធ្វើ​ទុក្ខបុកម្នេញ​ និង​សកម្មភាពនានា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ដឹកនាំ​ប្រទេស​ គឺ​គណបក្ សZANU-PF ដែល​ជាអ្នក​វាយ​ដំ​លើមនុស្សនៅតាម​តំបន់​ប្រជុំជន​នានា​នៅ​ជុំវិញ​រដ្ឋធានី​ហារ៉ារ៉េ»។

លោក​ Mavhinga បាន​និយាយ​ថា​ លោកមាន​ការសោក​ស្តាយ​ចំពោះ​ការ​រាយការណ៍​អំពី​ រដ្ឋាភិបាលថ្មី​របស់​លោក​ប្រធានាធិបតី​ Emmerson Mnangagwa ដែល​ទើប​ជាប់​ឆ្នោត​កាល​ពីឆ្នាំមុន​ មិន​បាន​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ មាន​ភាព​ល្អប្រសើរ​ឡើង​អ្វី​នោះ​ទេ។

លោក​បានបន្ថែម​ថា៖ «តាមរយៈសេចក្តី​ថ្លែង​ការណ៍​ និង​ការសំណេះ​សំណាល​ជា​សាធារណៈ​កាល​ពី​ដំបូង​របស់​លោក​ប្រធានាធិបតី​ Mnangagwa ដែល​នៅ​ពេលនោះ​លោក​បាន​សន្យា​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រសើរឡើង។ លោក​នឹង​បង្កើត​ប្រព័ន្ធ​នយោបាយ​ថ្មី​មួយ​ដែលមាន​ការគោរព​សិទ្ធិមនុស្ស​។ ប៉ុន្តែ​ស្ថានភាព​ហាក់​ដូចជា​មិន​បាន​ធូរស្រាល​ឡើយ​ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ហិង្សា​មួយ​ក្រោយការបោះឆ្នោត​កាល​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៨។ មកទល់​ពេលនេះ​ មិនមាន​ស្ថាប័ន​ណាមួយ​ទទួល​ខុសត្រូវលើ​ការរំលោភ​បំពាននានា​ដែល​បាន​កើតឡើង​កាល​ពី​អតីតកាល​ ក៏ដូច​ជា​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​កាល​ពីប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ​ដែល​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​កងកម្លាំង​សន្តិសុខ​ជាតិ​ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​តម្លៃសិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​»។

ដូចគ្នា​នេះដែរ​ នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ក្រុមមន្រ្តី​សិទ្ធិមនុស្ស​ បាន​និយាយ​ថា​ភាពចម្រូងចម្រាស ​និង​ការពន្យាពេល​ការ​បោះឆ្នោត​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​លើការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​នយោបាយ​ផងដែរ។ នាយក​ក្រុមអង្គការ​តស៊ូមតិ​ប្រចាំ​ទ្វីបអាហ្វ្រិក​ បានគូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ជូន​អ.ស.ប.ដោយ​បាន​ចោទប្រកាន់​ថា​មនុស្ស​ជាង៨០០​នាក់ត្រូវ​បាន​សម្លាប់នៅ​តាមតំបន់​ជនបទ​ភាគខាង​កើត​ប្រទេស​កុងហ្គោ។

លោកស្រី​ Carine Kaneza Nantulya គឺជា​នាយកក្រុម​អង្គការ​តស៊ូមតិ​ប្រចាំ​ទ្វីប​អាហ្វ្រិក។

លោកស្រី​ Nantulya បាន​និយាយថា​៖ «ជារួម​ គឺមាន​ស្ថានភាព​មួយដែល​ការបោះឆ្នោត​អាចប្រព្រឹត្ត​ទៅ​បាន​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​គេ​ក៏​ឃើញ​យ៉ាង​ច្បាស់​ថា​មាន​អំពើហិង្សា​ ការគាប​សង្កត់​ទៅ​លើ​អ្នកបោះឆ្នោត​ជាដើម។ ដែល​ការណ៍​នេះ​រឹតតែ​ធ្វើ​ឲ្យ​មាន​ភាពតានតឹង​កាន់​តែ​ខ្លាំងឡើង​រវាង​ក្រុមនានា​ក្នុង​ប្រទេស​ ហើយភាពតាន​តឹង​នេះ​បានកើត​ឡើង​តាំង​ពី​មុន​ពេល​បោះឆ្នោត​មក​ម៉្លេះ»។

បើយោង​តាមក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស ​ប្រទេស​ក្នុងទ្វីប​អាហ្រ្វិកទាំងពីរ​នេះ​ មាន​ស្ថានភាព​សិទ្ធិមនុស្ស​គួរឲ្យ​ព្រួយបារម្ភ​ដូចគ្នា។ សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​ដោយ​សេរី​ ត្រូវបាន​គេបំ​បិទ។ ប្រជាពលរដ្ឋ​មានអារម្មណ៍​ខឹងសម្បារ។ ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ ​ការប្រេះស្រាំ​ និង​ឈាន​ទៅ​រក​របប​ផ្តាច់ការ។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ក៏​បានបន្ថែម​ទៀត​ថា​ ស្ថានការណ៍​បែប​នេះ​ កំពុង​តែធ្វើ​ឲ្យ​ព្រួយបារម្ភ​ដល់និន្នាការ​សាកល​លោក៕

ប្រែ​សម្រួល​ដោយ​ កោះ ​សុគន្ធី​