ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា«មិនត្រូវទម្លាក់ដៃពេលនេះ» ហើយឈប់គាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងរុស្ស៊ី។
ដោយនិយាយសំដៅដល់ពេលលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ខែមករាខាងមុខនេះ លោក Zelenskyy បានប្រាប់ក្រុមប្រទេសដែលគាំទ្រអ៊ុយក្រែន (Ukraine Defense Contact Group) ក្នុងពេលថ្លែងបើកកិច្ចប្រជុំនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា «វាច្បាស់ណាស់ថាអឺរ៉ុបនិងពិភពលោកទាំងមូលនឹងចាប់ផ្តើមបើកទំព័រថ្មីមួយក្នុងពេលតែ១១ថ្ងៃទៀតប៉ុណ្ណោះពីឥឡូវនេះទៅ»។
លោក Zelenskyy បន្ថែមថា «យើងត្រូវតែសហការគ្នាកាន់តែខ្លាំងបន្ថែមទៀត ពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែខ្លាំងជាងមុននិងសម្រេចលទ្ធផលរួមគ្នាកាន់តែធំធេងច្រើនបន្ថែមទៀត។ មិនថាមានអ្វីកើតឡើងក្នុងពិភពលោកទេ គ្រប់គ្នាចង់មានអារម្មណ៍ប្រាកដប្រជាថាប្រទេសរបស់ខ្លួន នឹងមិនបាត់ពីផែនទីពិភពលោកទេ»។
ពេលអ៊ុយក្រែនបន្តប្រយុទ្ធនឹងការវាយប្រហារពីរុស្ស៊ី ការគាំទ្ររបស់អន្តរជាតិចំពោះការប្រយុទ្ធនោះមិនច្បាស់លាស់ទេ។ លោក Trump មិនបានបង្ហាញថាតើលោកនឹងបន្តភាពជាអ្នកដឹកនាំរបស់អាមេរិកចំពោះក្រុមប្រទេសជួយអ៊ុយក្រែនតទៅទៀតឬអត់ទេ នៅពេលដែលលោកប្រធានាធិបតី Joe Biden ចប់អាណត្តិរបស់លោកនៅថ្ងៃទី២០ខែមករាខាងមុខ។
តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២មក ក្រុមប្រទេសប្រមាណ៥០ បានផ្តល់ឲ្យអ៊ុយក្រែននូវជំនួយជាអាវុធ ការហ្វឹកហ្វឺននិងសម្ភារៈផ្សេងៗដែលមានតម្លៃសរុបជាង១២៦ពាន់លានដុល្លារ។ ក្នុងនោះ សហរដ្ឋអាមេរិក បានផ្តល់ប្រមាណ៦៦ពាន់លានដុល្លារ គឺច្រើនជាងពាក់កណ្តាលនៃជំនួយរបស់ក្រុមប្រទេសទាំងនោះ។
ក្រុមប្រទេសទាំងនេះបានប្រមូលផ្តុំគ្នា ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ដើម្បីសម្របសម្រួលជំនួយសន្តិសុខ ក្រោយពីការឈ្លានពាននោះ។
កាលពីថ្ងៃព្រហស្បតិ៍ លោកAustin បានប្រកាសផ្តល់ជំនួយបន្ថែមជាអាវុធនិងឧបករណ៍ផ្សេងៗដែលមានតម្លៃ៥០០លានដុល្លារដល់អ៊ុយក្រែន។ ក្រុមមន្ត្រីនិយាយថានោះជាកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់មុនពេលលោក Biden បញ្ចប់អាណត្តិរបស់លោក។
លោក Austin ថាកញ្ចប់ជំនួយនេះ រួមទាំងមីស៊ីលបន្ថែមសម្រាប់ការការពារដែនអាកាសអ៊ុយក្រែន គ្រាប់កាំភ្លើងធំ និងគ្រាប់បាញ់ពីលើអាកាសនិងសម្ភារច្រើនទៀត ដើម្បីគាំទ្រយន្តហោះចម្បាំង F-16របស់អ៊ុយក្រែន៕