ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានគម្រោងដាក់សម្ពាធឱ្យបញ្ចូលសមាជិកភាពរបស់ប្រទេសលោកក្នុងអង្គការអូតង់នៅពេលដែលលោកជួបជាមួយអស់លោករដ្ឋមន្ត្រីការពារជាតិមកពីសម្ពន្ធមិត្តយោធាសំខាន់ៗរបស់ប្រទេសលោកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុងព្រុចសែល ក៏ប៉ុន្តែ អគ្គលេខាធិការអង្គការអូតង់លោក Mark Rutt បាននិយាយថាបញ្ហា«ពិបាក»នៅតែមានមុនពេលអ៊ុយ ក្រែនអាចចូលអង្គការអូតង់។
ក្នុងសុន្ទរកថាមួយទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃពុធ លោក Zelenskyy បានសង្កត់ពីអ្វីដែលលោកបានពណ៌នាថាជា«ផែនការជ័យជម្នះ»ដើម្បីបញ្ចប់ការឈ្លានពានរយៈ ពេល៣២ខែរបស់រុស្ស៊ី រួមមានការអំពាវនាវឱ្យមានការអញ្ជើញដោយគ្មានលក្ខខណ្ឌដើម្បីចូលក្នុងអង្គការអូតង់។
លោកប្រធានាធិបតី Zelenskyy បាននិយាយថា«ជាមួយដៃគូរបស់យើង យើងត្រូវតែផ្លាស់ប្តូរកាលៈទេសៈ ដែលសង្គ្រាមអាចបញ្ចប់។ ដោយមិនខ្វល់អ្វីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់បាន យើងត្រូវតែផ្លាស់ប្តូរកាលៈទេសៈ ដែលរុស្ស៊ីត្រូវបង្ខំចិត្តវិលទៅកាន់សុខសន្តិភាព»។
លោក Ruttបាននិយាយថាសមាជិកភាពជាយថាហេតុរបស់អ៊ុយក្រែនក្នុងអង្គការអូតង់ថា«ពុំអាចប្រែប្រួលបាន»នៅពេលដែលពេលវេលាមកដល់ ក៏ប៉ុន្តែបាននិយាយទៀតថាលោកមិនអាចនិយាយថាលោកគាំទ្រផែនការ«ជ័យជម្នះ»ទាំងអស់របស់លោក Zelenskyy ទេ។ លោក Zelenskyy បានអំពាវនាវម្តងទៀតឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែននិងធ្វើឱ្យមានឡើងវិញនូវខែ្សបន្ទាត់ទឹកដីមុនពេលរុស្ស៊ីយកតំបន់ Crimeaជាឧបសម្ព័ន្ធជាឯតោភាគីនៅឆ្នាំ២០១៤ ជាសំណើមួយដែលរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធ។
ប្រទេសជាសមាជិករបស់អង្គការអូតង់ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជូនអាវុធដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែនសម្រាប់ការដាក់ពង្រាយកងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវនៅក្នុងការប្រយុទ្ធនឹងរុស្ស៊ី ក៏ប៉ុន្តែមិនបញ្ជូនកងទ័ពទេ៕