លោក Zelenskyy នឹងអំពាវនាវទៅកាន់អង្គការអូតង់ ខណៈអ៊ុយក្រែនកាន់ទុក្ខការវាយប្រហារដ៏ប្រល័យរបស់រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូលរួម​សន្និសីទសារព័ត៌មាន​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Donald Tusk នៅ​ទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤។

លោក Zelenskyy នឹង​អំពាវនាវ​ទៅកាន់​អង្គការ​អូតង់​ ខណៈអ៊ុយក្រែន​កាន់ទុក្ខការវាយ​ប្រហារ​ដ៏​ប្រល័យ​របស់​រុស្ស៊ី

ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​ការកាន់​ទុក្ខ​រយៈពេល​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​ នៅពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ជួប​ប្រជុំ​ក្នុង​គ្រាអាសន្ន បន្ទាប់​ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​គ្រប់​ទិសទី​របស់​រុស្ស៊ី​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៣៧ នាក់ ​ហើយធ្វើ​ឱ្យមនុស្សជាង ១៧០ នាក់​ផ្សេង​ទៀតរង​របួស។

ក្នុង​ចំណោម​ទីដៅ​ដែលត្រូវចំ​នៅ​ក្នុង​ការវាយប្រហារ​គ្រប់​ទិសទី​ក្នុង​ទីក្រុង​កាលពី​ថ្ងៃ​ចន្ទ​ រួមមានមន្ទីរពេទ្យ​កុមារ​ដ៏​ធំ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស ​ដែល​ជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់ ​នៅ​ពេល​ថ្ងៃ​ដែល​អភិបាល​ក្រុង​លោក Vitali Klitschko បាន​ពណ៌នា​ថា​ជាការវាយ​ប្រហារ​ដ៏​ធំ​បំផុត​មួយ​នៃ​សង្គ្រាម​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការវាយ​ប្រហារ​នេះ ​ហើយ​បាន​និយាយ​ថា ​រុស្ស៊ី​ត្រូវតែ​ទទួល​ខុសត្រូវ។

កាលពី​ថ្ងៃ​អង្គារ​ នៅ​ខាង​ក្រៅ​នៃ​ការចាប់ផ្តើម​នៃ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី Zelenskyy បាន​ប្រាប់​វីអូអេ​ថា ​លោក​នឹង​ចរចា​ជាមួយ​បណ្តា​មេដឹកនាំ​អំពី​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង ការណ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា ​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី «ជា​ការរំលឹកដ៏​តក់ស្លុត​នៃ​ភាពព្រៃផ្សៃ​របស់​រុស្ស៊ី» ហើយ​បាន​សន្យា «ការគាំទ្រ​គ្មាន​ងាករេ» របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន។

នៅឯ​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ជួប​ប្រជុំ​ក្នុង​គ្រាអាសន្ន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​ការវាយ​ប្រហារ​លើ​មន្ទីរពេទ្យ​កុមារ Okhmatdyt នៅ​ក្នុង​រដ្ឋធានី​កៀវ។

ប្រធាន​ស្តីទី​របស់​ការិយាល័យ​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ​មន្ទីរពេទ្យ​ត្រូវតែ​ការពារ​នៅ​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​និង​សេតវិមាន​អ្នក​ស្រី Misha Komadovsky បាន​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយ ការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AFP និង AP