លោកZelenskyy ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ​ប្រទេស​ផ្សេង​ទៀត​នឹង​មិន​ដាក់​ឆន្ទៈ​របស់​ពួកគេ​លើ​អ៊ុយក្រែន​បានទេ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​ប្រាប់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ថា​ប្រទេស​របស់​លោក​នឹង​មិន​ទទួល​យកកិច្ចព្រមព្រៀង​ណា​មួយ​ដែល​ត្រូវ​ដាក់​មក​លើ​ខ្លួន​ដោយ​ប្រទេស​ផ្សេង​ទៀត ​ដើម្បី​បញ្ចប់​ការឈ្លាន​ពាន​រយៈពេល៣១ខែ​របស់​ប្រទេស​រុស្ស៊ី​នោះ​ទេ។ លោក Zelenskyy ថ្លែង​ដូចនេះ ដោយចោទសួរ​ពី​គោលបំណង​របស់​ចិន​និង​ប្រេស៊ីល​នៅ​ក្នុង​ការជំរុញ​ឱ្យ​មាន​ការចរចា​ជាមួយ​រុស្ស៊ី។

ផ្ទុយ​ទៅវិញ លោក Zelenskyy បាន​អំពាវនាវ​ឱ្យអនុម័ត​សំណើ​រយៈពេល ២ឆ្នាំ​របស់​លោក​ ដើម្បី​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង មុន​ពេល​រដ្ឋាភិបាល​ក្រុង​មូស្គូ​រឹបអូស​ជា​ឯកតោ​ភាគី​នូវ​ឧបទ្វីប Crimean នៅ​ក្នុង​ឆ្នាំ២០១៤ ហើយ​បន្ទាប់មក​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២២។ រដ្ឋាភិបាល​ក្រុង​មូស្គូ​ឥឡូវនេះ​ត្រួតត្រា​ទឹក​ដី​អ៊ុយក្រែន​ប្រហែល១ភាគ៥។

លោក Zelenskyy បាន​និយាយ​ទៀត​ថា«យើង​ត្រូវតែ​លើក​តម្កើង​ធម្មនុញ្ញ​អង្គការ​សហ ប្រជាជាតិ​ហើយ​និង​ធានា​សិទ្ធិ​របស់​យើង សិទ្ធិ​របស់​អ៊ុយក្រែន​ដើម្បី​ការពារ​បូរណភាព​និង​អធិបតេយ្យភាព ដូច​ដែល​យើង​ធ្វើ​សម្រាប់​ប្រទេស​ដ៏​ទៃទៀត។ យើង​ចាំបាច់​ត្រូវ​ដក​កងទ័ព​ឈ្លានពាន​រុស្ស៊ី​ ដែល​នឹង​បញ្ចប់​អរិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

លោក Zelenskyy បាន​ប្រាប់​មហាសន្និបាត​ដែល​មាន​សមាជិក១៩៣ប្រទេស​ថា«អ៊ុយ ក្រែន​នឹង​មិន​សុខចិត្ត​ទទួល​យក​ទេ។ ហេតុអ្វីមាន​នរណា​ម្នាក់​នៅ​ក្នុង​ពិភពលោក​ជឿ​ថា​អាណានិគម​ព្រៃផ្សៃ​ដូច​អតីតកាល​ដែល​មិន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកណា​ម្នាក់​បែប​នេះ អាច​ត្រូវ​ធ្វើ​លើអ៊ុយក្រែន​បាននៅ​ពេល​ឥឡូវ​នេះ»។

លោក Zelenskyy បាន​បន្ថែម​ទៀត​ថា​គ្រប់​ប្រទេស​ទាំង​អស់«រួមទាំង​ប្រទេស​ចិន​ប្រេស៊ីល បណ្តា​ប្រទេស​អឺរ៉ុប អាហ្វ្រិក​ និង​មជ្ឈឹម​បូព៌ា​សុទ្ធ​តែ​យល់​ហើយ​ថា​ហេតុអ្វី​ការណ៍​នេះ​ត្រូវតែ​ស្ថិត​នៅ​ក្នុង​អតីតកាល។ ហើយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន នឹង​មិន​សុខចិត្ត​ទទួល​យក​ទេ៕