លោក Zelenskyy ថា អ៊ុយក្រែន​នឹង​ប្រយុទ្ធ​«ដល់​ទីបំផុត»

ទាហាន​អ៊ុយក្រែន​បាញ់​ទៅ​កាន់​ទីតាំង​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​កំពុង «ប្រយុទ្ធ​ដើម្បី​ជោគ​វាសនា​របស់​ខ្លួន»។ លោក​ថ្លែង​ដូច្នេះ នៅ​ចំ​ពេល​ទិវា​ឯករាជ្យ​របស់​ប្រទេស​អ៊ុយក្រែន​និង​ចំ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​បាន​រយៈពេល ៦ ខែ។

លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​មួយ​ពី​ទីលាន​ឯករាជ្យ​ក្នុង​រដ្ឋធានី​កៀវ​ថា ប្រទេស​អ៊ុយក្រែន​នឹង​ប្រយុទ្ធ​ដើម្បី​ទឹកដី​របស់​ខ្លួន «រហូត​ដល់​ទី​បំផុត» និង​ថា​បើ​ទោះបីជា​នៅ​ពេល​ចុង​បញ្ចប់​នៃ​សង្គ្រាម​នឹង​មាន​សន្តិភាព​ក៏ដោយ ក៏​ឥឡូវ​នេះ​អ៊ុយក្រែន​ចង់​បាន​ជ័យជម្នះ។

លោក Zelenskyy បញ្ជាក់​ដូច្នេះ​ថា៖ «យើង​នឹង​លើក​ដៃ​របស់​យើង​ឡើង​លើ​តែ​ម្ដង​គត់ ដែល​នោះ​គឺ​នៅ​ពេល​ដែល​យើង​ប្រារព្ធ​ជ័យជម្នះ​របស់​យើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដោយ​ហេតុ​ថា​យើង​មិន​ដោះដូរ​ទឹកដី​និង​ប្រជាពលរដ្ឋ​របស់​យើង​នោះ​ទេ។ សម្រាប់​យើង ប្រទេស​អ៊ុយក្រែន​គឺ​រួម​មាន​ទឹកដី​ទាំង​អស់​របស់​អ៊ុយក្រែន ដែល​នោះ​គឺ​តំបន់​ទាំង ២៥ របស់​អ៊ុយក្រែន ដោយ​មិន​មាន​ការ​ធ្វើ​សម្បទាន​ឬ​ក៏​ការ​សម្រុះសម្រួល​ណា​មួយ​ឡើយ»។

លោក Zelenskyy បាន​និយាយ​ថា អ៊ុយក្រែន​នឹង​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​តំបន់ Donbas នៅ​ភាគ​ខាង​កើត ក៏​ដូចជា​តំបន់ Crimea ផង​ដែរ។

កន្លង​មក កងទ័ព​រុស្ស៊ី​បាន​បង្វែរ​ការ​ផ្ដោត​របស់​ខ្លួន​ទៅ​លើ​តំបន់ Donbas បន្ទាប់ពី​បាន​បរាជ័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​សំដៅ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​កៀវ​កាលពី​លើក​ដំបូងៗ។ ក្រុម​ផ្ដាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Donbas តាំង​ពី​ឆ្នាំ ២០១៤ មក។ នៅ​ឆ្នាំ​ដដែល​នោះ រុស្ស៊ី​បាន​ដណ្ដើម​ភ្ជាប់​យក​តំបន់ Crimea ដែល​ជា​ទង្វើ​មួយ​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់។

លោក Zelenskyy បាន​លើកឡើង​បន្ថែម​ថា៖ «ប្រសិនបើ​អ្នក​មិន​ចង់​ឱ្យ​ទាហាន​របស់​អ្នក​ស្លាប់ អ្នក​ត្រូវ​ដោះលែង​ទឹកដី​របស់​យើង។ ប្រសិនបើ​អ្នក​មិន​ចង់​ឱ្យ​ម្ដាយ​របស់​អ្នក​យំ អ្នក​ត្រូវ​ដោះលែង​ទឹកដី​របស់​យើង។ ទាំង​នេះ​គឺ​ពាក្យ​សាមញ្ញ​និង​ច្បាស់លាស់​របស់​យើង»។

ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​នៅ​ថ្ងៃ​ពុធ​នេះ​ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​រដ្ឋធានី​កៀវ ដោយសារតែ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា រុស្ស៊ី​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​និង​អាគារ​នានា​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។