ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាវាមិនទាន់ដល់ពេលវេលាសម្រាប់កងទ័ពរបស់លោកដើម្បីចាប់ផ្តើមការវាយប្រហារតបតវិញដូចការរំពឹងទុកជាយូរយាមកហើយដើម្បីកាន់កាប់ទឹកដីនោះឡើងវិញដែលត្រូវបានកាន់កាប់ដោយកងទ័ពរបស់រុស្ស៊ី។
លោក Zelenskyy បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានអង់គ្លេសដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងត្រូវការពេលវេលាបន្តិចទៀត»។
ការប្រុងប្រៀបនោះរួមមានការហ្វឹកហាត់កងទ័ពអ៊ុយក្រែនដោយបណ្តាដៃគូប្រទេសលោកខាងលិចនិងការដឹកជញ្ជូនគ្រាប់រំសេវ រថក្រោះនិងប្រព័ន្ធការពារដែនអាកាសដើម្បីធ្វើឱ្យប្រសើឡើងនូវសមត្ថ ភាពខាងភាគីអ៊ុយក្រែន។
លោក Zelenskyy បានមានប្រសាសន៍ទៀតថា៖ «ជាមួយនឹងអ្វីដែលយើងកំពុងមាន យើងអាចធ្វើឱ្យរីកចម្រើននិងទទួលបានជោគជ័យ។ ក៏ប៉ុន្តែ យើងនឹងបាត់បង់ប្រជាពលរដ្ឋយ៉ាងច្រើន។ ខ្ញុំគិតថាការណ៍នេះមិនអាចទទួលយកបានទេ»។
កាលពីយប់ថ្ងៃពុធ លោកឧត្តមនាវីឯក Bob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់អង្គការអូតង់បានប្រាប់ពួកអ្នកយកព័ត៌មានថាអ៊ុយក្រែននឹងអាចប្រយុទ្ធដោយមានអាវុធកាន់តែទំនើបឡើង ខណៈដែលមានទាហានតិចជាងរុស្ស៊ីបន្តិចបន្តួច។
លោកបានមានប្រសាសន៍ទៀតថា«រុស្ស៊ីនឹងផ្តោតលើបរិមាណ។ ចំនួនទាហានជាប់កំណែនច្រើនជាង។ មិនបានទទួលការហ្វឹកហាត់ត្រឹមត្រូវ។ ឧបករណ៍ចាស់ៗ ក៏ប៉ុន្តែ មានចំនួនច្រើន ហើយមិនមានសុក្រិតភាព មិនល្អដូចជាអាវុធថ្មីៗ»។
(ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters)។