ការ​ប្រឆាំង​តបត​ដ៏​ខ្លាំង​ក្លា​របស់​លោក Zelenskyy ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ឥស្សរជន​ល្បីក្នុងពិភពលោក

វ៉ាស៊ីនតោន — ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ក្លាយ​ជា​តួរអង្គ​ដ៏​សំខាន់​មួយ​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ ចាប់​តាំង​ពី​កង​កម្លាំង​រុស្ស៊ី​បាន​ឈ្លានពានចូល​ប្រទេស​របស់​លោក ដោយ​លោក​បាន​ប្រកាស​ពី​គោលជំហរ​បន្ត​ស្ថិត​នៅ​ទីក្រុង​កៀវ បើ​ទោះ​បី​ជា​ទាហាន​រុស្ស៊ី​រាប់​ម៉ឺន​នាក់​ឡោម​ព័ទ្ធ​រដ្ឋធានី​នេះ​ក៏ដោយ។

ជា​ការ​ឆ្លើយ​តប​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​នឹង​សំណើ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជម្លៀស​លោក​និង​ក្រុម​គ្រួសារ​ចេញ​ពី​អ៊ុយក្រែន ​បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​បាន​ចាប់​ផ្ដើម លោក​ថា «ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​ឡើង​នៅ​ទីនេះ ខ្ញុំ​ត្រូវ​ការ​គ្រាប់​រំសេវ មិន​មែន​ដំណើរ​ចាក​ចេញ​នោះ​ទេ»។ ពាក្យ​សម្ដី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​និម្មិត​សញ្ញា​នៃ​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​របស់​អ៊ុយក្រែន​ទៅ​លើ​ទាហាន​ឈ្លានពាន​រុស្ស៊ី។

ការថ្លែង​តាម​វីដេអូ​ឃ្លីប​មួយ​របស់​លោក ​Zelenskyy ​ថត​ចេញ​ពី​វិថី​មួយ​នៃ​រដ្ឋធានី​អ៊ុយក្រែន ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​និង​ការ​អំពាវនាវ​របស់​លោក​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត​ឲ្យ​ជួយ​គាំទ្រ​ដល់​ការ​រើ​បម្រះ​នៃ​ប្រទេស​របស់​លោក​ចេញ​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​លោក​ល្បីល្បាញ​ពាសពេញ​សាកលលោក។

រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ធ្វើទស្សនកិច្ចនៅតំបន់ប្រយុទ្ធគ្នាជាមួយរុស្ស៊ី Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ (Ukrainian Presidential Press Office via AP)

ប៉ុន្តែ​ថ្មីៗ​មុនពេល​នេះ អតីត​តារា​សម្ដែង​និង​កំប្លែង​រូប​នេះ មិន​មាន​ភាព​ល្បី​ល្បាញនៅ​ក្រៅ​ប្រទេស​កំណើត​របស់​លោក​នោះ​ទេ។ លោក Zelenskyy ដែល​មាន​អាយុ​ ៤៤ ឆ្នាំ បាន​ចូល​កាន់​តំណែង​នៅ​រដូវ​ផ្ការីក ក្នុង​ឆ្នាំ ២០១៩ ដោយ​ទទួល​បាន​សន្លឹក​បោះ​ឆ្នោត​គាំទ្រ ៧៣.២ ភាគរយ យក​ឈ្នះ​ទៅ​លើ​អតីត​ប្រធានាធិបតីលោក Petro Poroshenko។

ការ​ជាប់​ឆ្នោត​របស់​លោក គឺ​ជា​ករណីកើតចេញ​ពី​សិល្បៈ​ច្នៃប្រឌិត​នៃជីវិត​លើលោក​នេះពិតៗដោយសារ​តែ​មុន​ពេល​បោះ​ឆ្នោត លោក Zelenskyy មាន​ភាព​ល្បី​ល្បាញ​ នៅ​ពេល​លោក​បាន​សម្ដែង​និង​ដើរ​តួ​ជា​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​ម្នាក់​ ហើយ​ត្រូវ​បានជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​មួយ​ឈ្មោះ​ថា «អ្នក​បម្រើ​ពលរដ្ឋ»។

គោលគំនិត​នៃ​កម្មវិធី​ទូរទស្សន៍​នោះ បាន​ធ្វើ​ឲ្យ​តួអង្គ​លោក Zelenskyy​ កើនប្រជាប្រិយភាព បន្ទាប់​ពី​វីដេអូ​មួយ​បាន​បង្ហាញ​រូប​លោកស្រែក​ឡូឡា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​អ៊ុយក្រែន។ កាល​ពី​ឆ្នាំ ២០១៨ គណបក្ស​នយោបាយ​ថ្មី​មួយ​នៅ​អ៊ុយក្រែន ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​កម្មវិធី​ទូរទស្សន៍​របស់​លោក Zelenskyy បានប្រកាស​តែង​តាំង​តារា​ទូរទស្សន៍​រូប​នេះ​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី នៅ​លើ​វេទិកា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​ស្រដៀង​ទៅ​នឹង​តួអង្គ​ប្រធានាធិបតី​នៅ​ក្នុង​សាច់​រឿង​នោះ​ដែរ។

លោក Zelenskyy មាន​ដើម​កំណើត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ លោក​កើត​ក្នុង​ទីក្រុង Kryvyi Rih ដែល​ជា​ទីក្រុង​មួយ​នៅ​តំបន់​និយាយ​ភាសារុស្ស៊ី នៅ​ប៉ែក​កណ្ដាល​ភាគ​ខាង​ត្បូង​នៃ​អ៊ុយក្រែន ដែល​កាល​នោះ​ជា​ផ្នែក​មួយ​នៃ​សហភាព​សូវៀត។

លោក Zelenskyy ដែលជា​ជនជាតិ​ជ្វីស បាន​ថ្លែង​ថា ខ្សែ​ស្រឡាយ​គ្រួសារ​របស់​លោក​បាន​ទទួល​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍។ ជីតា​របស់​លោក​បាន​បាត់​បង់​ឪពុក​និង​បង​ប្អូន​ប្រុស​ ៣ នាក់ នៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ណាស៊ី ហើយ​ជីតា​លោក​បាន​បម្រើការ​ជា​ទាហាន​ក្រហម​នៅ​ក្នុង​សង្គ្រាម​នាពេល​នោះ។ លោក Zelenskyy បាន​បញ្ចប់ការសិក្សា​ផ្នែក​ច្បាប់​ពី​សាកល​វិទ្យាល័យ​ ដែល​បច្ចុប្បន្ន​នេះ​មាន​ឈ្មោះ​ថា​ សាកល​វិទ្យាល័យ​ជាតិ Kryvyi Rih។

ប៉ុន្តែ​លោក​មិន​បាន​ស្វះស្វែង​បំពេញ​ការងារ​ក្នុង​វិស័យ​ច្បាប់​ទេ ផ្ទុយ​ទៅវិញ លោក​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈកំប្លែង និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Kvartal 95 ដែល​ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ទូរទស្សន៍​ដ៏​ជោគ​ជ័យ​មួយ។

ក្នុង​ចំណោម​សមិទ្ធផល​សំខាន់ៗ​របស់​លោក Zelenskyy នោះ​គឺ​ភាព​ជោគជ័យ​របស់​លោក​កាល​ពី​ឆ្នាំ ២០០៦ នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ភាសា​អ៊ុយក្រែន​មាន​ឈ្មោះ​ថា «រាំ​ជាមួយ​តារាៗ» ដែល​កម្មវិធី​នេះ លោក​បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​រាំ​របាំ​អាជីព​ម្នាក់។

នៅ​ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៨ លោក Zelenskyy បាន​ធ្វើ​ជា​តួសម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន ដែល​ភាគ​ច្រើន​ជា​រឿង​កំប្លែង​បែប​មនោសញ្ចេតនា។ លោក Zelenskyy បាន​រៀប​ការ​នៅ​ឆ្នាំ ២០០៣ ជាមួយ​នាង Olena Kiyashko ដែល​ជា​អ្នក​និពន្ធ​រឿង។ អ្នកទាំងពីរមាន​កូនស្រី​ម្នាក់ ​អាយុ ១៧ ឆ្នាំ និង​កូន​ប្រុស​ម្នាក់​អាយុ ៨ ឆ្នាំ។ បច្ចុប្បន្ន​នេះ អ្នក​ទាំង ៣ ត្រូវ​គេ​ជឿ​ថា កំពុង​ស្ថិត​នៅ​ទីក្រុង​កៀវ​ជាមួយ​នឹង​លោក Zelenskyy ដែរ។

លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ពេល​មាន​ជម្លោះ។ នៅ​ពេល​លោក Zelenskyy ចូល​កាន់​តំណែង​នៅ​ឆ្នាំ ២០១៩ ពេលនោះ​ប្រទេស​របស់​លោក​បាន​ស្ថិត​ក្នុង​ជម្លោះ​កម្រិត​ស្រាល​ជាមួយ​ក្រុម​យោធា​ផ្ដាច់​ខ្លួន​នៅ​តំបន់ Luhansk និង ​Donetsk អស់​រយៈ​ពេល ៥ ឆ្នាំ​រួច​ទៅ​ហើយ ដែល​ខេត្ត​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​បង្កើត​បាន​ជា​តំបន់​មួយ​ឈ្មោះ​ថា Donbas។

ក្រុម​ជីវពល​ដែល​ទទួលបានការ​គាំទ្រ​ពី​រុស្ស៊ី បាន​គ្រប់​គ្រង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ទាំង​ពីរ​នេះ ហើយ​ពួក​គេ​បាន​បាញ់​តបត​ជាមួយ​កង​កម្លាំង​អ៊ុយក្រែន​ជា​ញឹក​ញាប់។ បន្ថែម​ពី​លើ​នេះ រុស្ស៊ី​បាន​កាន់​កាប់​តំបន់​Crimea ដ៏ប្រទាញ​ប្រទង់​ដែល​រុស្ស៉ីបាន​ដណ្តើមយក​កាល​ពី​ឆ្នាំ ២០១៤ ដោយ​បាន​អះអាង​ថា វា​ជា​ផ្នែកមួយ​របស់​រុស្ស៊ី។

រូបឯកសារ៖ លោក Volodymyr Zelenskyy កាលពីលោកជាតារាសម្តែងភាពយន្តនិងកំប្លែង និងកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី កំពុងសម្តែងលើឆាកមួយ នៅតំបន់ Brovary ក្បែរទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្រោយពីផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅទីក្រុងកៀវ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន ពួក​គេ​បាន​ស្គាល់​លោក Zelenskyy នៅ​ឆ្នាំ ២០១៩ នៅ​ពេល​លោក​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នានា​ដែល​ឈាន​ដល់​ការ​ប្ដឹង​ដក​មុខ​តំណែង​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ។ ដោយសារ​តែ​ជម្លោះ​នៅ​តែ​បន្ត​ក្នុង​ប្រទេស​អ៊ុយក្រែន ក្រុម​អ្នក​តាក់​តែង​ច្បាប់​អាមេរិកាំង បាន​អនុម័ត​ថវិកា​ចំនួន ៤០០ លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន នៅ​ឆ្នាំសារពើពន្ធ​ ២០១៩។

នៅ​ក្នុង​រដូវ​ផ្ការីក និង​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​ដដែល​នោះ រដ្ឋបាល​លោក ត្រាំ​ បាន​បដិសេធ​មិន​បញ្ចេញ​ជំនួយ​នោះ​ ដោយ​ពុំ​បាន​លើកហេតុផល​ណា​មួយ​ច្បាស់លាស់​នោះ​ទេ។

នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៩ ជាមួយ​លោក Zelenskyy ដែល​មិន​បាន​បែក​ធ្លាយ​ជា​សាធារណៈ​អស់​មួយ​រយៈនោះ​ លោក ត្រាំ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រធានាធិបតី អ៊ុយក្រែន ដែល​សុំ​ទិញ​អាវុធ​ប្រឆាំង​រថក្រោះ​បន្ថែម​ទៀត ដោយ​លោក​ ត្រាំ ​ថ្លែង​ពេល​នោះ​ថា «ខ្ញុំ​សុំ​ឲ្យ​លោក​ជួយ​ដល់​ពួក​យើង»។

លោក ត្រាំ បាន​បន្ត​ដោយ​សុំ​ឲ្យ​លោក Zelenskyy បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជំនួញ​ពាក់​ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក Biden។

នៅ​ពេល​នោះ លោក Joe Biden ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គូប្រជែង​របស់​លោក ​ត្រាំ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ​២០២០។ កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter បាន​ធ្វើ​ជា​គណៈកម្មការ​នាយក​នៃ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​មួយ​ នៅ​អ៊ុយក្រែន។

កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នោះ គឺ​ជា​មូលដ្ឋាន​នៃ​ការ​ប្ដឹង​ដក​តំណែង​លោក ត្រាំ នៅ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ដោយ​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ចោទ​ប្រកាន់​ថា លោក ត្រាំ មិន​ព្រម​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លោក Zelenskyy ឲ្យបំផ្លាញកេរ្តិ៍ឈ្មោះ​គូ​ប្រកួត​ផ្នែក​នយោបាយ​ដ៏សំខាន់​របស់​លោក។

លោក Zelenskyy បាន​ថ្លែង​ថា លោក​មិន​បាន​រង​នូវ​សម្ពាធ​អ្វី​ឡើយ ហើយ​លោក​បាន​បញ្ជាក់​ច្បាស់​ថា លោក​មិន​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះទេ។

សកម្មភាព​របស់​លោក Zelenskyy គិត​ចាប់​ពី​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​ប្រទេស​របស់​លោក បាន​ជួយ​ឲ្យ​លោក​មាន​ភាព​ល្បី​ល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​និងនៅ​ក្នុង​ប្រទេសអ៊ុយក្រែន​ផងដែរ។

សូម្បី​តែ​អ្នក​នយោបាយ​ពី​បក្ស​ប្រឆាំង​ដែល​តែង​តែ​រិះគន់​លោក​មុន​ពេល​មាន​ការ​ឈ្លានពាន ក៏​បាន​កោតសរសើរ​លើ​ការ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​ប្រមូល​កម្លាំង​ការពារ​ប្រទេស។ យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដំបូង​របស់​លោក ភាព​ល្បី​ល្បាញ​របស់​លោក​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អ៊ុយក្រែន បាន​បាត់​បង់​យ៉ាង​ខ្លាំង។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​អំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ដ៏​ចម្បង​មួយ​នោះ លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដូច​ដែល​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​កិត្យានុភាព​ផ្នែក​នយោបាយ។

កាល​ពី​ខែ​មករា ការ​ស្ទង់​មតិ​សាធារណៈ​បាន​បង្ហាញ​ថា លោក Zelenskyy ទទួល​បាន​ការ​គាំទ្រ​តែ ៣០ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពលរដ្ឋ​អ៊ុយក្រែន។ ការណ៍​ដែល​លោក​មិន​បាន​ព្រមាន​ខ្លាំងៗ​ប្រឆាំងនឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ធ្វើ​ឲ្យ​លោក Zelenskyy​ ប្រឈម​នឹង​ការ​រិះ​គន់​ថា លោក​មិន​ជឿ​ទៅ​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក ដែល​បញ្ជាក់​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្ដេជ្ញាចិត្ត​ចូល​ឈ្លានពាន​អ៊ុយក្រែន។

នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​មាន​ការ​ឈ្លានពាន លោក Zelensky បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​មេដឹកនាំ​នៅ​អឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក ដោយ​សង្ឃឹម​ថា លោក​នឹង​អាច​ដាក់​សម្ពាធ​លើ​លោក ពូទីន ឲ្យ​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន។

ទោះ​ជាលោក​បានទទួល​ការព្រមាន​ជារឿយៗ​ពី​សហរដ្ឋ​អាមេរិក​អំពី​ការ​ឈ្លានពាន​ដ៏​ធំ​នោះ​ក្តី តែលោក​ថ្លែង​ជា​សាធារណៈ​ថា ​លោក​មិន​ជឿ​នោះ​ទេ ហើយថែម​ទាំង​ចំអក​ទៅ​លើ​ការ​ព្រមាន​ទាំង​នោះ​ទៀត​ផង។

អ្នក​រិះ​គន់​បាន​និយាយ​ថា ការ​ទទូច​របស់​លោក​ដែល​ថា លោក​ ពូទីន គ្រាន់​តែ​បង្ហាញ​អំណួត និង​មិន​ចូល​លុកលុយ​អ៊ុយក្រែន​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រឈម​នឹង​ការ​ឈ្លាន​ពាន ដូច​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ព្រមាន៕