លោក Zelenskyy អំពាវនាវ​ឱ្យ​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន នៅ​ក្រោយ​ការ​វាយ​ប្រហារ​ជាច្រើន​របស់​រុស្ស៊ី

អ្នក​ស្រុក​ម្នាក់​បណ្តើរកង់ នៅ​កន្លែង​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ចំ​ពេល​ដែល​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែន នៅ​ក្នុង​ភូមិ Lyptsi តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​ផ្តល់​ជំនួយ​យោធា​ឱ្យ​ប្រទេស​របស់​លោក ជាពិសេស​ប្រព័ន្ធ​ការពារ​ដែន​អាកាស បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​ពេញ​មួយ​យប់​ដែល​យោធា​អ៊ុយក្រែន​ថា​រុស្ស៊ី​បាន​ប្រើ​មីស៊ីល ៤២ គ្រាប់​និង​ដ្រូន ៤០ គ្រឿង​នៅក្នុង​ការ​វាយ​ប្រហារ​នោះ។

លោក Zelenskyy បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​អនឡាញ​ថា៖ «ប្រសិនបើ​មីស៊ីល​និង​ដ្រូន Shahed របស់​រុស្ស៊ី​នៅតែ​បន្ត​វាយប្រហារ​មិនមែន​តែ​លើ​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ​ទេ​តែ​ក៏​លើ​ការ​តាំងចិត្ត​របស់​សម្ព័ន្ធមិត្ត​យើង​ផងដែរ នោះ​ករណី​នេះ​គឺ​ស្មើ​នឹង​ការ​អនុញ្ញាត​ជា​សាកល​ឱ្យ​មាន​ភេរវកម្ម​កើតឡើង។ យើង​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​ជំនួយ​ផ្នែក​ការពារ​ដទៃ​ទៀត មិនមែន​ការ​មិន​អើពើ​និង​ការ​ពិភាក្សា​គ្នា​វែង​អន្លាយ​នោះទេ‍»។

លោក Zelenskyy បាន​និយាយ​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី​លើក​នេះ​បាន​សំដៅ​លើ​តំបន់ Kharkiv តំបន់​រដ្ឋធានី​កៀវ តំបន់ Zaporizhzhia តំបន់ Lviv និង​តំបន់ Odesa។

លោក Zelenskyy បាន​បញ្ជាក់​ថា៖ «ក្រុម​ភេរវករ​រុស្ស៊ី​បាន​វាយប្រហារ​ជាថ្មី​ម្ដងទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ‍»។

កងកម្លាំង​ការពារ​ដែនអាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ៣៩ គ្រឿង​ក្នុង​ចំណោម ៤០ គ្រឿង និង​បាន​បំផ្លាញ​មីស៊ីល ១៨ គ្រាប់​ក្នុង​ចំណោម ៤២ គ្រាប់។

លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា អ៊ុយក្រែន​ត្រូវតែ​អាច​ការពារ​ដែន​អាកាស ដែនដី និង​ដែនទឹក​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចប់​សង្គ្រាម​ដោយ​យុត្តិធម៌៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។