លោក Zelenskyy ស្នើ​សុំ​ជំនួយ​យោធា​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​អូតង់

អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg (ស្តាំ) និងប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​មុនពេល​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង្គការអូតង់ នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​សុំ​ជំនួយ​យោធា​ជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស កាំភ្លើង​ធំ និង​គ្រាប់​រំសេវ។

លោក Zelenskyy បាន​និយាយ​នៅ​ពេល​ចាប់ផ្ដើម​កិច្ច​ប្រជុំ​របស់​ក្រុម​ទាក់ទង​ការពារ​អ៊ុយក្រែន (Ukraine Defense Contact Group) ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ថា៖ «ប្រព័ន្ធ​ការពារ​ដែន​អាកាស​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ចម្លើយ​ចំពោះ​សំណួរ​ថា​តើ​នៅ​ពេល​ណា​សង្គ្រាម​នេះ​នឹងបញ្ចប់ ​និង​ថា​តើ​សង្គ្រាម​នេះ​នឹង​បញ្ចប់​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន​ ឬ​ក៏​អត់»។

លោក Zelenskyy បាន​និយាយ​ថា ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​គ្រប់គ្រាន់​ដល់​អ៊ុយក្រែន​គឺ​មាន​ន័យ​ថា​ជា​ការ​ធានា​ឱ្យ​មាន​នូវ​ដំណើរ​ជីវិត​ធម្មតា​នៅ​តាម​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ការ​ធ្វើ​ឱ្យ​ច្រក​របៀង​ធញ្ញជាតិ​ដំណើរការ​ល្អ​ដើម្បី​នាំចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន​កាត់​តាម​សមុទ្រ​ខ្មៅ​និង​ទន្លេ Danube ទៅ​កាន់​ពិភពលោក។

លោក​បាន​បន្ថែម​ថា មីស៊ីល​និង​ដ្រូន​របស់​រុស្ស៊ី​មិន​អាច​គំរាម​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​បាន​ទេ ប្រសិនបើ​សព្វាវុធ​ទាំង​នេះ​មិន​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​បន្ត​បង្កើន​និង​ទ្រទ្រង់​លំហូរ​អាវុធ​និង​គ្រាប់​រំសេវ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។

លោក Stoltenberg បាន​និយាយ​ថា កង​កម្លាំង​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ខាត​បង់​ធ្ងន់ធ្ងរ និង​ថា រុស្ស៊ី​បាន​ចុះ​ខ្សោយ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​និង​បាន​ក្លាយជា​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​ថ្មី​ចំនួន ២០០ លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សព្វាវុធ​ការពារ​ដែន​អាកាស កាំភ្លើង​ធំ​និង​គ្រាប់​រំសេវ​ រ៉ុក្កែត និង​គ្រាប់​កាំភ្លើង​និង​អាវុធ​បាញ់​រថក្រោះ ដើម្បី​ទប់ទល់​នឹង​ដ្រូន​របស់​រុស្ស៊ី។ សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​អំពី​ជំនួយ​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ៕