លោក Zelensky ថា «មិនអាច​ទទួល​យកបាន» ចំពោះ​ការផ្តល់​សម្បទាន​ដល់​លោក​ Putin រឿង​អ៊ុយក្រែន​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskiy ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​សហគមន៍​នយោបាយ​អឺរ៉ុប​ក្នុង​ទីក្រុង Budapest ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky កាលពី​ថ្ងៃព្រហស្បតិ៍​បាន​និយាយ​ថា វាជា​រឿង «មិនអាច​ទទួល​យកបាន»ទេ ដែលអឺរ៉ុប​ផ្តល់សម្បទាន​ឲ្យ​វិមានក្រឹមឡាំង​ដើម្បីបញ្ឈប់​ការ​លុកលុយ​របស់ខ្លួន​លើ​អ៊ុយក្រែន បន្ទាប់​ពីទីក្រុង​មូស្គូ​បាន​ទាមទារ​ឱ្យ​លោក​ខាងលិច​ចូលរួម​ការចរចា​ដោយ​ផ្ទាល់​ស្តីពី​ការ​បញ្ចប់​សង្រ្គាម។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីក្រុងកៀវ កំពុង​តែ​ព្យាយាម​បង្កើន​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​សម្រាប់​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុង​មូស្គូ​ បន្ទាប់​ពី​ជ័យជម្នះ​របស់​លោក Donald Trump ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​សប្តាហ៍​នេះ។

លោក Trump បាន​អួតថា​ លោក​អាច​បញ្ចប់​ជម្លោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ហើយ​បាន​រិះគន់​ជំនួយ​អាមេរិក​ម្តងហើយ​ម្តងទៀត​ដល់​ទីក្រុងកៀវ។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ទាមទារ​ឲ្យ​អ៊ុយក្រែន​ ប្រគល់​ទឹកដី​បន្ថែម​ទៀត នៅ​ភាគ​ខាងកើត​ និង​ខាងត្បូង​ ដើម្បី​ជាលក្ខខណ្ឌ​នៃ​កិច្ចចរចា​សន្តិភាព ​ខណៈ​ទីក្រុងកៀវ​បាន​ច្រាន​ចោល​ម្តង​ហើយ​ម្តងទៀត​ មិនព្រម​លះបង់​ទឹកដីជាថ្នូរ​នឹង​សន្តិភាព។

អ៊ុយក្រែន​ និង​មនុស្ស​ជាច្រើន​នៅ​លោក​ខាងលិច​បារម្ភថា​ ដំណោះស្រាយ​ណាមួយ​ដែល​ផ្តល់​រង្វាន់​ដល់​លោក Putin នឹង​ធ្វើឱ្យ​មេដឹកនាំ​វិមាន​ក្រឹមឡាំង​មានភាព​ក្លាហាន និងនាំឱ្យ​មាន​ការ​ឈ្លានពាន​កាន់​តែខ្លាំង។

ថ្លែង​ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ប្រទេស​ហុងគ្រី ​លោក Zelensky បាន​បន្ទោស​អ្នក​ដែល​កំពុង​ដាក់​សម្ពាធ​ឱ្យលោក​យល់ព្រម​នឹងការ​ទាមទារដ៏​តឹងរ៉ឹង​មួយ​ចំនួន​របស់លោក Putin។

យោង​តាម​ច្បាប់​ចម្លង​នៃ​សេចក្តី​ថ្លែង​ការណ៍​ដែលបាន​ផ្តល់ទៅ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មានAFP ដោយ​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន ​លោក Zelensky បាន​និយាយ​ថា៖ «មានការ​ពិភាក្សា​ជាច្រើន​អំពី​តម្រូវការ​ឲ្យ​ធ្វើតាម​លោក​ Putin ​ឲ្យ​ដកខ្លួន ឲ្យធ្វើ​សម្បទាន​មួយ​ចំនួន»។

លោកបាន​បន្ថែម​ថា «វាមិនអាច​ទទួល​យកបាន​សម្រាប់​អ៊ុយក្រែន និង​មិនអាច​ទទួល​យកបាន​សម្រាប់​អឺរ៉ុប​ទាំងអស់»។ លោក​ក៏បាន​ចោទ​ប្រកាន់​មេដឹកនាំ​អឺរ៉ុប​មួយចំនួន ដោយ​មិនបាន​បញ្ជាក់​ឈ្មោះ ចំពោះការ​ជំរុញ​អ៊ុយក្រែន​ «យ៉ាងខ្លាំង»​ ឱ្យ​សម្រប​សម្រួល។

លោក Zelensky បាន​និយាយ​ថា៖ «យើង​ត្រូវការ​សព្វាវុធ​គ្រប់គ្រាន់​ មិនមែន​ការ​គាំទ្រ​ក្នុងការ​ពិភាក្សា​នោះ​ទេ។ ការ​ជិតស្និទ​ជាមួយ​លោក Putin នឹង​មិនអាច​ជួយ​អ្វី​បានទេ។ អស់​លោក​មួយ​ចំនួនបាន​ជិត​ស្និទ​ជាមួយលោក Putin អស់​រយៈពេល ​២០ឆ្នាំ​មក​ហើយ​ ហើយអ្វីៗ​កាន់​តែ​អាក្រក់​ទៅៗ​តែប៉ុណ្ណោះ»៕