ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zenenskyy បានជំទាស់មិនឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរបស់លោក ដោយសារតែលោក Guterres បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើប្រភពជាន់ខ្ពស់មួយរូបនៅក្នុងខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃសុក្រ។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស BRICS ដែលរៀបចំឡើងដោយប្រទេសរុស្ស៊ីនៅក្នុងទីក្រុង Kazan លោក Guterres បានតាំងចិត្តកាលពីថ្ងៃព្រហស្បតិ៍ធ្វើយ៉ាងណាឱ្យមាន «សន្តិភាពដ៏យុត្តិធម៌» នៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកអំពាវនាវនៅក្នុងសុន្ទរកថានៅពីមុខប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យមានការបញ្ចប់សង្គ្រាមរយៈពេលជាងពីរឆ្នាំកន្លងមកនេះនៅក្នុងប្រទេសអ៊ុយក្រែន។
ប៉ុន្តែ ការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំចំនួន ២០ រូបមកពីជុំវិញពិភពលោកដែលរួមមានទាំងប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ផងដែរនេះ បានធ្វើឱ្យអ៊ុយក្រែនមិនសប្បាយចិត្ត។
ប្រភពនៃខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែននោះបានបញ្ជាក់ថា៖ «បន្ទាប់ពី [ទៅ] តំបន់ Kazan លោក [Guterres] ចង់មកអ៊ុយក្រែន ប៉ុន្តែលោកប្រធានាធិបតី [Zelenskyy] មិនបានបញ្ជាក់អំពីទស្សនកិច្ចរបស់លោក Guterres នេះទេ។ ដូច្នេះលោក Guterres នឹងមិនមកអ៊ុយក្រែនទេ ជាពិសេសដោយសារតែសេចក្ដីអាម៉ាស់នៃភាពត្រឹមត្រូវនិងច្បាប់អន្តរជាតិនៅក្នុងតំបន់ Kazan»។
ក្រសួងការបរទេសអ៊ុយក្រែនបានរិះគន់លើការសម្រេចចិត្តរបស់លោក Guterres ក្នុងការទៅតំបន់ Kazan ថា៖ «នេះគឺជាជម្រើសដ៏ខុសឆ្គងដែលមិនជួយដល់បុព្វហេតុសន្តិភាពនោះទេ។ វាមានតែបំផ្លាញកិត្តិនាមរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ»៕