វៀតណាម​​​ក្លាយ​​ជា​ទីតាំង​ពិសោធន៍​បច្ចេកវិទ្យា​​ថ្មីៗ​សម្រាប់​ប្រទេស​កំពុង​ដែល​អភិវឌ្ឍ​ខ្លាំង

បុគ្គលិក​របស់ Google និង​ដៃ​គូ​របស់​ក្រុមហ៊ុន​នេះ​កាត់​នំ​ខួប​១ឆ្នាំ​នៃ​ការ​បង្កើត​ YouTube ជា​ភាសា​វៀតណាម។

ប្រទេស​វៀតណាម​បាន​បង្ហាញ​កម្លាំង​លើស​ពី​​មាឌ​របស់​ខ្លួន​​ក្នុង​​ពិភពលោក​ នៅ​ពេល​ដែល​ប្រទេស​នេះ​ចំណាយ​ពេល​វេលា​​យ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​ YouTube ជាង​ប្រទេស​ណាៗ​ទាំង​អស់។

ក្រុមហ៊ុន​វីដេអូ​តាម​អ៊ីនធឺណិត YouTube និយាយ​កាល​ពី​សប្តាហ៍​មុន (២៨ តុលា) ថា ប្រទេស​វៀតណាម​បាន​បង្ហាញ​កម្លាំង​លើស​ពីមាឌ​របស់​ខ្លួនក្នុងពិភពលោក​ នៅ​ពេល​ដែល​ប្រទេស​នេះ​ចំណាយ​ពេល​វេលាយ៉ាង​ច្រើន​នៅ​លើ​បណ្តាញ​ YouTube ជាង​ប្រទេស​ណាៗ​ទាំង​អស់។ ការ​ប្រើ​ប្រាស់​បណ្តាញ YouTube យ៉ាង​ខ្លាំង​របស់​ប្រទេស​នេះ ​បាន​ជួយ​ធ្វើ​ឲ្យ​អាស៊ី​ក្លាយ​ជា​ទីតាំង​សាកល្បង​របស់​ក្រុមហ៊ុន​ YouTube ដែល​ជា​ឧទាហរណ៍ ក្រុមហ៊ុន​នេះ​បាន​បង្កើត​កម្មវិធី​ Offline ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​ ក្នុង​ទី​ផ្សារ​មួយ​ចំនួន​ ដែល​ទីផ្សារ​ទាំង​នោះ​គឺ​សុទ្ធ​តែ​នៅ​ទ្វីប​អាស៊ី​ទាំង​អស់។​

ចំនួន​ប្រជាជន​សរុប​របស់​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​ប្រទេស​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ធំ​ជាង​គេទាំង​១០​របស់ YouTube សម្រាប់​ការ​ចំណាយ​ពេល​មើល​វីដេអូ។ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ពី​តួលេខ​នេះ​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​ទី​ក្រុង​ហូជីមិញ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​មួយ​នៃ​គេហទំព័រ YouTube.vn ​ដែល​ជា​ គេហទំព័រ​ YouTube ក្នុង​ស្រុក​របស់​វៀតណាម។

អ្នកស្រី ​Phoung Anh Nguyen ​ប្រធាន​ទីផ្សារ​សម្រាប់​វៀតណាម​របស់​ក្រុមហ៊ុន Google ដែល​ជា​ក្រុមហ៊ុន​មេ​របស់​គេហទំព័រ YouTube បាន​ឱ្យ​ដឹង​ថា៖​ «ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ មាន​ការ​កើន​ឡើង​១២០​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ នៅ​ក្នុង​ការ​ចំណាយ​ពេល​មើល​វីដេអូ»។ នេះ​បើ​ប្រៀបធៀប​ជាមួយ​នឹង​កំណើន ៥០ ភាគ​រយ​នៅ​ទូទាំង​ពិភពលោក។

«នេះ​ត្រូវ​បាន​ចូល​រួម​ចំណែក​ភាគច្រើន​ដោយ​ការ​ចាប់​ផ្តើម​នៃ​គេហទំព័រ .vn ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​ ស្វែង​រក​វីដេអូ​ទាក់ទង​នឹង​វៀតណាម​កាន់​តែ​ច្រើន​ សម្រាប់​អ្នក​ប្រើប្រាស់​របស់​វៀតណាម​ ដើម្បី​បង្ហោះ​វីដេអូ​វៀតណាមនិង​ទទួល​កម្រៃ​ផង​ដែរ។‍»

ខណៈ​ពេល​ដែល​គេហទំព័រ YouTube បាន​បង្កើត​គេហទំព័រ​ក្នុង​ស្រុក​សម្រាប់​ប្រទេស​ចំនួន​ ៧៣​ វៀតណាម​ក៏​ជា​ទីតាំង​សាកល្បង​មួយ​ ដែល​ក្រុម​ហ៊ុន​នេះ ​អាច​សាកល្បង​សេវាកម្ម​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន។ ជម្រើស​ក្រៅ​បណ្ដាញ​នេះ​ (offline option) ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ក្នុង​ខែ​មេសា​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ ប្រទេស​ប្រាំបី​ ដែល​ជា​កន្លែង​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​រក្សា​ទុក​វីដេអូ​ដើម្បី​មើលនៅ​ពេល​ក្រោយ ​ដោយ​មិន​បាច់​ប្រើ​អ៊ីនធឺណិត។

​អ៊ីនធឺណិត​មាន​តម្លៃ​ថោក​ ប៉ុន្តែ​វា​មានកំណត់​ ដូច្នេះ​ជនជាតិ​វៀតណាមជា​ធម្មតា ​ប្រើ​ទូរស័ព្ទ​ទំនើបរបស់​ខ្លួន ​ដើម្បី​ភ្ជាប់​អ៊ីនធឺណិត​តាម​ហាង​កាហ្វេ​ភ្លាមៗ​ នៅ​ពេល​ពួកគេ​ទៅ​ដល់​ទីនោះ។ ប្រព័ន្ធ WiFi គឺ​ជា​ការ​រំពឹង​ទុក​របស់​អតិថិជន​ ព្រោះ​វា​មាន​នៅ​គ្រប់​ទី​កន្លែង ​ដូច្នេះ​វា​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​អ្នក​លក់​ សូម្បី​អ្នក​លក់​ក្នុង​តូប​លក់​តាម​ចិញ្ចើម​ផ្លូវ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​គេ​បាន​សម្ពោធ​កម្មវិធី YouTube Offline​ នៅ​ទីនេះ ​និង​នៅ​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​ ដូចជា​ប្រទេស​ឡាវ​ ​ឥណ្ឌា​ និងហ្វីលីពីន។ ពលរដ្ឋ​ប្រទេស​ទាំង​នេះ​ចូលចិត្ត​ប្រើបណ្ដាញអ៊ីនធឺណិត​ ប៉ុន្តែ​ជា​ញឹកញាប់​គេប្រើ​ប្រាស់​វា​ជា​រយៈពេល​ខ្លី​តាម​រយៈទូរស័ព្ទ​ទំនើប​ដែល​ធ្វើ​ឱ្យ​កម្មវិធី​ប្រើប្រាស់​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​មាន​ប្រយោជន៍។

នាង Lisa Nguyen ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​លក់​រាយ​បណ្ដាញ​អ៊ីនធឺណិត​ Cho Tot បាន​និយាយ​ថា «អ៊ីនធឺណិត ជា​ពិសេស​អ៊ីនធឺណិត​ទូរស័ព្ទ​ដៃ​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​វៀតណាម»។ «ទោះ​បី​ជា​យើង​បាន​ចាប់ផ្ដើម​យឺត​ជាង​បណ្តា​ប្រទេស​ផ្សេង​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ​ដូចជា​ សិង្ហបុរី ​កូរ៉េ​ និង​ ប្រទេស​ជប៉ុន​ក៏​ដោយ ក៏​ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​យើង​រីក​លូតលាស់​លឿន ​ដោយសារ​តែ​បច្ចេកវិទ្យា​មាននៅ​ទីនោះ​រួច​ទៅ​ហើយ។ ដូច្នេះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​នេះ»។

ដូច​ប្រទេស​ដទៃ​ដែល​មាន​សេដ្ឋកិច្ចកំពុង​រីក​ចម្រើន​ដែរ​ មនុស្ស​ជា​ច្រើននៅ​ក្នុង​ប្រទេស​វៀតណាម ​ទំនង​ជា​មាន​ទូរស័ព្ទ​ទំនើប​ច្រើន​ជាង​កុំព្យូទ័រ​យួរ​ដៃ។ ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អាល្លឺម៉ង់ GfK ដែល​បាន​ចេញ​ផ្សាយ​ការ​ស្ទង់​មតិ​មួយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ​បាន​និយាយ​ថា ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ក្នុង​ប្រទេស​វៀតណាម​លូតលាស់​លឿន​បំផុត ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

​កត្តា​នេះ ព្រម​ទាំង​កត្តា​ចំនួន​ប្រជាជន​វ័យ​ក្មេង​ដែលមាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងនឹង​បច្ចេកវិទ្យា​ ហើយ​វា​បាន​ធ្វើ​ឱ្យ YouTube មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​នេះ។​ អ្នកស្រី Phuonh Anh Nguyen បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​បណ្ដាញ​ចែក​រំលែក​វីដេអូ​នេះ​ បាន​ចាប់​ផ្តើម​ផ្សាយ​វីដេអូ​សម្រាប់​តែវៀតណាម​ តាំងពី​ឆ្នាំ២០១៤​មក​ គេ​អាច​បើក​មើល​ទំព័រ​ទូទៅ​របស់​ YouTube ​ នៅ​ប្រទេស​វៀតណាម​ជា​ច្រើន​ឆ្នាំមុន​នោះ។ ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយ​ថា​ ប្រយោជន៍​នៃ​ការ​ចូល​ទី​ផ្សារ​មុន​គេ (first-mover advantage) បាន​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​រក​ឃើញ​បណ្ណាល័យ​វីដេអូ​ ដែល​ពុំ​មាន​រក​អ្នក​អាច​ប្រកួតប្រជែង​បាន។ YouTube បាន​និយាយ​ថា ​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះវីដេអូ​ ប្រវែង​ ៤០០ ម៉ោង​ ក្នុង​មួយ​នាទី ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ ៧០ម៉ោង​ កាលពី​៥​ឆ្នាំ​មុន។

នៅ​ក្នុង​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត ​អតិថិជន​អាច​ជ្រើសរើស​យក​គេហទំព័រ​វីដេអូ​ Vimeo ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត ឬ​សេវា​មើល​វីដេអូ​បង់​ប្រាក់​ក្រុមហ៊ុន Hulu និង​ក្រុមហ៊ុន Netflix។ ប៉ុន្តែនៅ​ក្នុង​ប្រទេស​វៀតណាម​ មិន​ដូច្នេះ​ទេ។

លោក Nguyen Hoang Long​ អ្នក​គ្រប់គ្រងជាន់ខ្ពស់​ខាង​ផ្លាក​ពាណិជ្ជកម្ម​របស់​ទឹកត្រី Nam Ngu ​ដែល​បាន​ទទួល​ពានរង្វាន់​គេហទំព័រ YouTube​ សម្រាប់​ពាណិជ្ជកម្ម​របស់​ខ្លួន បាន​និយាយ​ថា «ប្រទេស​យើង​មិន​មាន​ជម្រើស​សម្រាប់​អតិថិជន​ច្រើន​ទេ។ មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ជា​គេហទំព័រ​វីដេអូ​ផ្សេង​ទាំង​នោះ​ មិន​ធំ​បែប​នេះ​ទេ‍»។

អ្នកស្រី Phuonh Anh Nguyen ​ជឿជាក់​ថា ​ហេតុផល​មួយ​ផ្សេង​ទៀត​ ដែល​គេហទំព័រ YouTube បាន​បើក​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ ដោយសារ​តែ​ពលរដ្ឋ​មាន​ភាព​ជា​សហគ្រិន ​និង​ងប់ងុល​នឹង​ការ​សិក្សា​អប់រំ​ ដូច្នេះ​ពួក​គេ​ចូល​ចិត្ត​វីដេអូ​ដែល​បង្រៀន​ពី​វីធីសាស្ត្រ​អ្វី​មួយ (how-to videos)។ ពួក​គេ​បាន​មើល​វីដេអូដែល​ដាក់​ស្លាក «ការ​អប់រំ» ជាង​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ​ដែល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក។ ហើយ​ប្រទេស​វៀតណាម​បាន​បញ្ជូន​សិស្ស​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ច្រើន​ជាងប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

អ្នកស្រី Phuonh Anh Nguyen បាន​ថ្លែង​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​វ័យក្មេង​ជាច្រើន ​ស្រេក​ឃ្លាន​ការ​រៀន​សូត្រ ការ​ស្វែង​រក​ និង​ការ​រក​ឃើញ​អ្វី​ដែល​ថ្មី»។ «ដូច្នេះ គេហទំព័រ YouTube គឺ​ជា​បរិបទ​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពួកគេ​ក្នុង​ការ​ចូល​រួម​ជាមួយ​សហគមន៍​សាកលលោក​ដើម្បី​រៀន​អំពី​អ្វី​ ដែល​ពួក​គេ​ប្រហែល​ជា​មិន​អាច​ទទួល​បាន»៕

ប្រែសម្រួល​ដោយ​ មាន​ ឥស្សរាយស​