អ្នកដឹកនាំ​យុវជន៖ ការ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស ត្រូវ​តែ​មាន​ការ​លះបង់

ស ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា នៅក្នុង​បន្ទប់ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​រាត្រី​ថ្ងៃចន្ទ​ទី ១៣ ខែមីនា ឆ្នាំ២០១៧។ (លឹម សុធី/VOA)

លោក ស ម៉ូរី ថ្លែងថា៖ «យើង​ត្រូវ​តែ​មាន​ការ​លះបង់ ហើយ​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​បញ្ហា​ទាំងអស់​ហ្នឹង យើង​អាច​នឹង​ជួប​ប្រទះ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឯង​ជាមុន បើ​ជួប​បញ្ហា​ទាំង​អស់​ហ្នឹង»។

មេដឹកនាំ​ម្នាក់​នៃ​បណ្ដាញ​អ្នកការពារ​សិទ្ធិមនុស្ស​វ័យក្មេង​នៅ​កម្ពុជា ថ្លែង​ថា យុវជន​ដែល​ចូលរួម​ក្នុង​ការងារការពារ​សិទ្ធិមនុស្ស ត្រូវ​តែ​មាន​ការ​លះបង់​និង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច ដោយសារ​ពួកគេ អាច​នឹង​ប្រឈម​មុខ នឹង​ការ​ចោទប្រកាន់​និង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ ដូច​ករណី​ដែល​បាន​កើតឡើង​ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មុនៗ​មួយ​ចំនួន​ស្រាប់។

Your browser doesn’t support HTML5

Hello VOA៖ អ្នកដឹកនាំ​យុវជន​ថា ការ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស ត្រូវតែ​មាន​ការ​លះបង់

លោក ស ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា បាន​មាន​ប្រសាសន៍នៅ​ក្នុង​កម្មវិធី«Hello VOA»​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ ខែ​មីនា​នេះ​ថា៖

«យើង​ត្រូវ​តែ​មាន​ការ​លះបង់ ហើយ​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​បញ្ហា​ទាំងអស់​ហ្នឹង យើង​អាច​នឹង​ជួប​ប្រទះ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឯង​ជាមុន បើ​ជួប​បញ្ហា​ទាំង​អស់​ហ្នឹង»។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន​៤​រូប​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ដែល​ជា​អតីត​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​នេះ​ដែរ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្រោម​បទ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​សូកប៉ាន់​សាក្សី និង​ការ​សមគំនិត​សូក​ប៉ាន់​សាក្សី នៅ​ក្នុង​សំណុំរឿង​ចោទប្រកាន់​រឿងអាស្រូវ​ផ្លូវ​ភេទ​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​នារី​កាត់​សក់​វ័យក្មេង​ម្នាក់។

អ្នក​ទាំង​៥ ដែល​កំពុង​ជាប់​ឃុំ​រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុនី និង​លោក នី​ ចរិយា។

នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ តុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤រូប​នៃ​សមាគម​អាហុក ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​ជំនុំជម្រះ​ក្តី​ ទៅ​តាម​បទ​ចោទប្រកាន់​នោះ ទោះបីជា​មាន​ការ​អំពាវនាវ​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​៧៨​អង្គការ ឲ្យ​ដោះលែង​អ្នក​ទាំង​៥ក៏​ដោយ។

​លោក ស ម៉ូរី នៃ​បណ្ដាញ​យុវជន​កម្ពុជា ដែល​បាន​បង្កើត​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​វ័យក្មេង​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ការងារ​ការពារ​សិទ្ធិមនុស្ស​នេះ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួម​ទាំង​សន្តិសុខ​ផ្ទាល់​ខ្លួន​ក៏​ដោយ ក៏​លោក​ថ្លែង​ថា ក្រុម​របស់​លោក បាន​ព្យាយាម​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​រក្សាសុវត្ថិភាព​ដល់​យុវជន​ដែល​ចូលរួម​ក្នុង​សកម្មភាព​សិទ្ធិមនុស្ស​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ។

«សម្រាប់​ការងារ​របស់​យើង​គឺ​យើង​ព្យាយាម​បង្កើត​បណ្ដាញ​របស់​យើង​ឲ្យ​បាន​ច្រើន ហើយ សកម្មភាព​ដែល​យើង​អាច​ធ្វើ​បាន គឺ​ធ្វើ​យ៉ាង​ម៉េច​ធានា​បរិយាកាស​ដែល​មាន​សុវត្ថិភាព​ដល់​យុវជន​ដែរ»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា សកម្មភាព​សិទ្ធិមនុស្ស យើង​ត្រូវ​តែ​មាន​ការ​លះបង់»៕