យុវជន​មួយ​ក្រុម​ប្តឹង​សភា​សុំ​លោក​កឹម សុខា​បកស្រាយ​ពី​ការ​ចោទ​ពី​ខ្សែអាត់​សេ្នហា

យុវជន ស្រី ចំរើន (ឆ្វេង) និង​ ម៉ី ម៉េងសៀ ដែល​អះអាង​ថា​ខ្លួន​ជា​ក្រុម​និស្សិត​ឯករាជ្យ​បាន​ដាក់​ញតិ្ត​ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​ឲ្យ​លោក​ កឹម សុខា​ប្រធាន​ស្តី​ទី​គណបក្ស​ជំទាស់​ចេញ​មុខ​បកស្រាយ​ចំពោះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​យល់​ថា​ជា​សំឡេង​លោក​ កឹម សុខា​និង​នាង​ ខុម ចាន់ដារាទី​ឬ​ស្រីមុំ។​ (ហ៊ាន សុជាតា/VOA)

ក៏​ប៉ុន្តែ​ ក្រុម​អ្នក​ច្បាប់​យល់​ថា​ សកម្មភាព​ទាំង​នេះ​ជា​រឿង​ឯកជន​របស់​លោក​ កឹម សុខា​ ដែល​មិន​មាន​ធាតុផ្សំ​ ឬ​មូលដ្ឋាន​ណា​មួយ​បញ្ជាក់​ពី​បទល្មើស​ ឬ​ប៉ះពាល់​ដល់​សាធារណជន​នោះ​ទេ។

យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ខ្លួន​ជា​និស្សិត​ឯក​រាជ្យនៅ​រសៀលថ្ងៃ​ច័ន្ទ​នេះ​ បានដាក់​ញតិ្ត​ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​ឲ្យ​លោក ​កឹម ​សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​បក​ស្រាយ​ចំពោះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​យល់ថា​ជា​សំឡេង​សាសង​ស្នេហា​រវាង​លោក​ កឹម​ សុខា​ និង​នាង​ ខុម ​ចាន់ដារាទី ​ឬ ​ស្រីមុំ។

ក៏​ប៉ុន្តែ​ ក្រុម​អ្នក​ច្បាប់​យល់​ថា​ សកម្មភាព​ទាំង​នេះ​ជា​រឿង​ឯកជន​របស់​លោក​ កឹម សុខា​ ដែល​មិន​មាន​ធាតុផ្សំ​ ឬ​មូលដ្ឋាន​ណា​មួយ​បញ្ជាក់​ពី​បទល្មើស​ ឬ​ប៉ះពាល់​ដល់​សាធារណជន​នោះ​ទេ។

លោក​ សុក សំអឿន​ ជា​មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​ ប្រាប់​ VOA ​ថា ​ការ​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​មាន​ការ​បំភ្លឺ​ពី​លោក​ កឹម សុខា​ទៅ​លើ​រឿង​បុគ្គល​នេះ​ ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។

«រឿង​ឯកជន​វា​យ៉ាង​ម៉េច​ សភា​លូក​ដៃ​ដែរ​អត់​ ហើយ​ចឹងបើថ្ងៃ​ក្រោយ​មាន​អ្នក​ផ្សេង​ទៀត​ត្រូវ​ធ្វើ​ម៉េច? ស៊ីសង​លើ​សភា​គេ​គិត។ តម្លៃ​គតិយុត្តិ​ រឿង​ឯកជន​អត់មាន​រឿង​អ្វី​ផង។ ចឹង​ថ្ងៃ​ក្រោយ​លោក​ កឹម សុខា​ គ្រាន់​តែ​បត់ជើង​អត់​ចេញ​ឲ្យ​គេ​សួរ​ដែរ​ហី​ក៏​ម៉េច? ព្រោះ​រឿង​ឯកជន​គេ»។​

ស្រដៀង​គ្នា​ដែរ​ លោក​ស្រី​ ទ្រី ឈួន ​ជា​មេធាវី​ការពារ​ក្តី​ របស់​នាង​ ខុម ​ចាន់ដារា​ទី ​ឬ​ស្រីមុំ​ មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​ Adhoc​ បញ្ជាក់​ប្រាប់​ VOA ​ចាប់​តាំង​ពី​ក្រសួង​មហាផ្ទៃ​សាកសួរ​កូន​ក្តី​លោកស្រី​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​មិន​ទាន់​មាន​ជា​ដីកា​កោះ ​ឬ​លិខិត​អញ្ជើញ​ផ្សេង​ទៀត​ឡើយ។ ហើយ​លោក​ស្រី​មិន​ចាប់​អារម្មណ៍​ឡើយ​ចំពោះ​ការ​ដាក់​ញត្តិ​របស់​ក្រុម​និស្សិត​ទៅ​កាន់​រដ្ឋសភា។

«ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ច្បាប់​ ហើយ​ខ្ញុំ​ជា​មេធាវី​ការពារ​ក្តី​សិទ្ធិ​ឲ្យ​កូន​ក្តីខ្ញុំ​[ស្រីមុំ​]​ រឿង​ហ្នឹង​អត់មាន​បទល្មើស​អ្វី​ទាំង​អស់ ​អត់​មាន​ធាតុផ្សំ​បទល្មើស​អ្វី​ពាក់ព័ន្ធ​នឹង​កូន​ក្តី​ខ្ញុំ​ផង​ ចឹង​យើង​អត់​ចាប់​អារម្មណ៍​អ្វី​ទាំង​អស់​រឿង​អស់​ហ្នឹង»។

VOA ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​ទេ​ នៅ​ល្ងាច​ថ្ងៃច័ន្ទ​នេះ។ ដោយ​ឡែក​លោក​ សុខ​ ឦសាន​ សមាជិក​សភា​ និង​អ្នក​នាំ​ពាក្យគណបក្ស​ប្រជាជន​កម្ពុជា​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ។ VOA ក៏​មិន​អាច​ទំនាក់ទំនង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ជំទាស់​បាន​ដែរ​ ដោយ​ហេតុ​ថា​មន្ត្រី​គណបក្ស​ជំទាស់​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ពិសេស​មួយ ​នៅ​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

​កាលពី​សប្តាហ៍​កន្លងទៅ​ ខ្សែ​អាត់​សំឡេង​ ដែល​គេ​ចោទ​ថា​ជា​សំឡេង​ពិត​របស់​លោក​ កឹម សុខា ​និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អា​មុំ»​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ទើប​បង្កើត​ថ្មី​ជា​បន្តបន្ទាប់​មាន​ឈ្មោះ​ថា «Mon Srey»។

លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​នៃ​គណបក្ស​ជំទាស់​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​យក​ជំហរ ​«មិនឈ្លោះ​ មិនឆ្លើយ​ និង​មិន​ឆ្លង» ដោយ​សំអាង​ថា​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ទើប​ជា​អាទិភាព​។​

ក្នុង​កិច្ច​សម្ភាស​ពិសេស​មួយ​រវាង​នាង​ ខុម ចាន់ដារាទី​ ឬ ​ស្រីមុំ​ នឹង​ VOA កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ នាង ចាន់ដារាទី​ បាន​ទទួល​ស្គាល់​ គណនី​ហ្វេសប៊ុក​ឈ្មោះ​ «Mon Srey» ក៏ប៉ុន្តែ​នាងបាន​បដិសេធ​ចំពោះ​ការ​ចោទ​ថា ​នាង​មាន​ទំនាក់​ទំនង​រវាង​នាង​ នឹង​លោក​ កឹម សុខា ​ហើយ​នាង​ក៏​បដិសេធខ្សែ​អាត់​សំឡេងនោះ​ផង​ដែរ។

សូមទស្សនាបទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស់​នៃ​អាត់​សំឡេង​នេះ​ ក្រុម​យុវជន​ដឹក​នាំ​ដោយ​ លោក ស្រី ចំរើន ​ជា​បន្តបន្ទាប់​ បាន​ដឹក​នាំ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​អំពើដែល​ពួក​គេ​អះអាង​ថា​ជា​អំពើអសីលធម៌​របស់​លោក​ កឹម សុខា។

យុវជន​ ស្រី ចំរើន ​ដែល​ជាតំណាង​យុវជន​ប្រមាណ​៤០​រូបផ្សេង​ទៀត ​ដោយ​មាន​កាន់​ញត្តិ​នៅក្នុង​ដៃ​ផង​នោះ​អះ​អាង​ថា​ ការ​ចោទ​នេះ​ជា​អំពើ​អសីលធម៌ ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា​ និង​ជា​គំរូ​អាក្រក់​ដល់​យុវជន​ផង​ដែរ។ យុវជន​រូប​នេះ​អះអាង​ថា​ ក្រុម​ខ្លួន​នឹង​បន្ត​សកម្មភាព​ផ្សេងៗ​ទៀត​ ​ឬ​ដាក់​ញតិ្តទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​បំភ្លឺ​ការ​ពិត​នេះ​។ លោក​ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន ​ថា៖

«តែ​អ្វី​ដែល​សំខាន់​គឺ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដែល​បាន​កាន់​តំណែង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ ក៏​ដូចជា​លោក​ កឹម សុខា​ផ្ទាល់​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ​បើ​លោក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ លោក​មិន​គោរព​នូវ​គុណភាព​ថ្នាក់ដឹកនាំ តើ​លោក​ទៅ​ដឹកនាំ​ពួក​ខ្ញុំ​ក៏ដូចជា​ប្រទេស​ទាំង​មូល​យ៉ាងណា?​»

ការដាក់​ញត្តិ​នេះ​ ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ក្រុម​យុវជន​នេះ​ធ្វើ​សិក្ខា​សាលា​ផ្ទៀង​ផ្ទាត់​អាត់​សំឡេង​និង​បង្ហាញ​ភស្តុ​តាង​បញ្ជាក់​ពី​ភាព​ដូច​គ្នា​នៃ​សំឡេង​នោះ​ កាល​ពី​ថ្ងៃ​ទី១១ ខែ​មិនា​កន្លង​ទៅ។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍនយោបាយ​នៅ​កម្ពុជា ​មើល​ឃើញ​ថា​សកម្មភាព​ទាំង​នេះ​ជា​ល្បែង​នយោបាយ​ ដែល​ជា​រឿយៗ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឈាន​ជិត​ចូល​មក​ដល់៕