យុវជន​ជា​កត្តា​ផ្លាស់​ប្តូរ​នៃ​គំនាប​យេនឌ័រ​នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​ធ្វើការ​ផ្សាយ​ផ្ទាល់​ហ្វេសប៊ុក​ពេល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សុន្ទរកថា ក្នុង​ការ​ជួប​ជុំ​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ក្នុង​ភោជនីយដ្ឋាន Harvest Moon រដ្ឋ Virginia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី០៦ ខែ​តុលា ឆ្នាំ២០១៦។ 

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​តម្រូវ​ឲ្យ​មាន​«តំណាង​ស្ត្រី​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ‍»ក្តី ក៏​មេដឹកនាំ​ជា​បុរស​នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល​នៅ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​នៃ​ស្ថាប័ន​នីមួយៗ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែល​មាន​ចំណង​ជើង​ថា ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​អំណាច​ស្រ្តី​កាន់​តែ​ប្រសើរ​ឡើង។

របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា ការ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ​និង​សហគមន៍​គឺជា​កត្តា​ប្រឈម​ដ៏​ចម្បង​ក្នុង​កត្តា​ប្រឈម​ផ្សេងៗ​ទៀត។ ក៏​ប៉ុន្តែ ​បើ​ទោះ​បី​ជា​ការ​គាំទ្រ​ពី​បុរស និង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​កើន​ឡើង​ក្តី ក៏​«គំនាប​វប្បធម៌‍»​នៅ​តែ​បន្ត​រារាំង​ស្ត្រី​មិន​ឲ្យ​ឈាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹក​នាំ​ខាង​នយោបាយ ​និង​ចូលរួម​កិច្ចការ​សង្គម។

លោកស្រី Darcy Ashman អ្នក​វាយ​តម្លៃ​លើ​របាយ​ការណ៍​របស់ USAID នេះ ពន្យល់​ថា ក្បួន​ច្បាប់​ប្រពៃណី​ដែល​តម្រូវ​ឲ្យ​ស្ត្រី​គោរព​តាម​នោះ​នៅ​តែ​ជា​កត្តា​ប្រឈម​មួយ​នៃ​ការ​ពង្រឹង​អំណាច​ស្ត្រី។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«‍ដោយ​សារ​តែ​វប្បធម៌​ប្រពៃណី ស្ត្រី​ភាគ​ច្រើន​ត្រូវ​នៅ​ផ្ទះ។ ហើយ​បុរស​ជា​អ្នក​ចូលរួម​ក្នុង​សង្គម។ ហើយ​ដោយ​សារ​តែ​ក្បួន​ច្បាប់​ប្រពៃណី​នេះ ស្ត្រី​មិន​សូវ​មាន​ជំនឿ​ជឿ​ជាក់​ក្នុងការ​បំពេញ​តួនាទី​ក្នុង​សង្គម​ទាំង​អស់​នោះ​ទេ»។

អ្នក​នយោបាយ​ដូចជា​លោកស្រី មូរ សុខហួ ជា​ដើម​បាន​យល់​ស្រប​ថា ការ​ខ្វះ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង គឺ​ជា​កត្តា​ប្រឈម​ចម្បង​មួយ។

លោក​ស្រី ឲ្យ​ដឹង​ថា៖ «‍យើង​ឃើញ​ថា ស្ត្រី​ភាគ​ច្រើន​មិន​សូវ​ចង់​ឈរ​ឈ្មោះ​ទេ។ ពេល​ខ្លះ​មិន​មែន​ជា​រឿង​របស់​គណបក្ស​ទេ។ ពេល​ខ្លះ​គឺជា​ស្ត្រី​ខ្លួនឯង ដែល​ចេះ​តែ​មិន​ទាន់​ច្បាស់ មិន​ហ៊ាន​ក្នុង​នយោបាយ»។

បន្ថែម​លើ​នេះ ឱកាស​របស់​ស្ត្រី​ក្នុងការ​ទទួល​បានមុខ​នាទី​ក្នុង​រដ្ឋាភិបាល​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​សារ​តែ​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ត្រី​លើ​កិច្ចការ​ជា​មេផ្ទះ និង​ការ​ចូលរួម​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

អ្នកស្រី​ ចក់ សុភាព ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​របាយការណ៍ ​USAID ​ដែល​ថា ​រចនា​សម្ព័ន្ធ​សង្គម​កម្ពុជា​មិន​បាន​ផ្តល់​ឱកាស​ច្រើន​ឲ្យ​ស្ត្រី​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ អ្នកស្រី និយាយ​ថា ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​របស់​អ្នកស្រី គឺជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ដ៏​ធំ​បំផុត​របស់​អ្នកស្រី​ក្នុង​ការ​ធ្វើ​ជា​អ្នក​ដឹក​នាំ។

អ្នកស្រី​ សុភាព ​និយាយ​ថា៖ «‍សម្រាប់​ខ្ញុំ បរិបទ​គ្រួសារ​គឺ​គាត់​ផ្តល់​ឱកាស​ស្មើ​គ្នា​រវាង​កូន​ប្រុស និង​កូន​ស្រី។ ដូច្នេះ ខ្ញុំ​មាន​សំណាង បើ​ទោះ​បី​ជា​ក្នុង​សង្គម​ហាក់​បី​ដូច​ជា​មាន​ការ​ឲ្យ​តម្លៃ​លើ​បុរស​ច្រើន ក៏​ប៉ុន្តែ ក្នុង​សង្គម​គ្រួសារ​ខ្ញុំ​គឺ​យើង​ឲ្យ​តម្លៃ​ស្មើ​គ្នា»។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​ម្នាក់ និង​ជា​ប្រធាន​អង្គការ​ លីកាដូ ​បាន​ចែក​រំលែក​ដំណើរ​ជីវិត​ក្នុងការ​ក្លាយ​ជា​អ្នក​ដឹក​នាំ​របស់​លោក​ស្រី ដោយ​និយាយ​ថា ​ការ​គាំ​ទ្រ​ពី​ក្រុម​គ្រួសារ ​និង​ស្វាមី​របស់​លោក​ស្រី​បាន​ជួយ​សម្រួល​ដល់​ការ​បំពេញ​តួនាទី​របស់​លោកស្រី​ក្នុង​នាម​ជា​ភរិយា និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មាន​សំណាង​ដែល​ស្វាមី​របស់​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការងារ​មិន​ដែល​ឲ្យ​ខ្ញុំ ​ថា​ត្រូវ​តែ​ឲ្យ​ខ្ញុំ​នៅ​ផ្ទះ ធ្វើ​បាយ​ធ្វើ​ទឹក​នៅ​ផ្ទះ​ទេ។ ធ្វើ​ហើយ ប៉ុន្តែ យល់​កិច្ច​ការងារ ថា​ខ្ញុំ​ចង់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ‍»។

អ្នក​ជំនាញ​ខាង​ការ​ពង្រឹង​អំណាច​ស្ត្រី និង​ភាព​ដឹក​នាំ​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ តែង​តែ​លើក​ឡើង​ការ​ខ្វះ​ឱកាស​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​គុណភាព​ល្អ។ បញ្ហា​នេះ​នៅ​តែ​បន្ត​រារាំង​មិន​ឲ្យ​ស្ត្រី​មាន​ភាព​សកម្ម​ក្នុង​សង្គម និង​នយោបាយ ជាពិសេស ​គឺ​ស្ត្រី​នៅ​តាម​តំបន់​ជនបទ៕