ភ្នំពេញ —
ក្រុមអ្នកស្រលាញ់ភេទដូចគ្នានិងអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា ទទូចឲ្យសមាជិកក្រុមគ្រួសារនិងសង្គមទាំងមូលបញ្ឈប់ការមាក់ងាយនិងការរើសអើងចំពោះពួកគេតទៅទៀត ដោយពួកគេលើកឡើងថា ពួកគេត្រូវការសិទ្ធិសេរីភាពដូចមនុស្សដទៃទៀតដែរក្នុងការជ្រើសរើសដៃគូទៅតាមការស្រលាញ់ពីធម្មជាតិរបស់ពួកគេ។
កាលពីមុន ឈឿង រចនា មានសង្សារប្រុស ប៉ុន្តែពេលនេះ នាងស្រលាញ់មនុស្សស្រីទៅវិញ។
សក់កាត់ខ្លីត្រឹមស្មារក្នុងវ័យ២៧ឆ្នាំ រចនាបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេក្នុងសប្តាហ៍នេះថា នាងទើបតែស្គាល់ខ្លួនឯងច្បាស់ ក្រោយពីបានព្យាយាមឆ្វេងយល់អំពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងកាលពី៤ឆ្នាំមុន។
«ឆ្នាំ២០១០ហ្នឹង គឺខ្ញុំសាកល្បងមានសង្សារប្រុស ដើម្បីចង់ដឹងថា តើស្រលាញ់មនុស្សប្រុសហ្នឹង យើងមានអារម្មណ៍ស្រលាញ់ដែរឬអត់។ ប៉ុន្តែវាអត់មាន វាបរាជ័យ វាអត់អាចស្រលាញ់បាន។ អញ្ចឹងបានបែកគ្នា ហើយខ្ញុំក៏ចាប់ផ្តើមស្រលាញ់មនុស្សស្រី ចេញមុខទៅទាក់ទងគេ។ ពេលហ្នឹងបានដឹងថាខ្លួនឯងមានអារម្មណ៍ស្រលាញ់មនុស្សស្រី ១០០ភាគរយ។»
ក្រោយពីដឹងច្បាស់ពីអារម្មណ៍ខ្លួនឯងថាជាមនុស្សស្រលាញ់ភេទដូចគ្នាមក រចនាក៏ចាប់ផ្តើមបើកចំហរខ្លួនឯង ហើយទទួលស្គាល់ការណ៍ពិតនេះតាំងពីពេលនោះមក។
«ខ្ញុំមានអារម្មណ៍ថា បើខ្ញុំនៅតែបន្តកុហកខ្លួនឯង កុហកគ្រួសារ កុហកសង្គម និងមនុស្សជុំវិញ ខ្ញុំមានអារម្មណ៍ថា ជីវិតយើងកើតមកមួយជាតិហ្នឹង គឺអត់មានន័យអ្វីទេ គឺរស់ក្នុងភាពកុហក។ អញ្ចឹងខ្ញុំចង់បង្ហាញថា ពេលដែលខ្ញុំរកខ្លួនឯងឃើញហើយ ខ្ញុំចង់រស់នៅក្នុងជីវិតខ្លួនឯង។»
ដូចឈឿង រចនាដែរ យុវជន ង៉ោ ម៉េងហ៊ួង ដែលមានរូបរាងតូចច្រលឹងនិងមានអាកប្បកិរិយាល្វត់ល្វន់ដូចនារី បាននិយាយថា ខ្លួនក៏មិនចង់លាក់ធាតុពិតរបស់ខ្លួនដែលធម្មជាតិបានផ្តល់ឲ្យតទៅទៀតដែរ គឺថាខ្លួនជាបុរសស្រលាញ់បុរសឬដែលគេតែងហៅថាស្រីស្រស់នោះឯង។
«ខ្ញុំមិនចង់រក្សាវាទុកដែលជាបន្ទុកមួយដ៏ធ្ងន់នៅក្នុងបេះដូងខ្ញុំនៅក្នុងអារម្មណ៍ខ្ញុំ ដែលធ្វើឲ្យខ្ញុំកើតរោគចិត្តនោះទេ។ ខ្ញុំចង់ឲ្យអាគំនាបហ្នឹងផ្ទុះចេញមកក្រៅឲ្យដឹងថា ខ្ញុំជានរណា។»
ថ្មីត្បិតតែក្រុមមនុស្សស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា បានចេញមុខជាចំហរបែបនេះកាន់តែច្រើនឡើងៗក៏ដោយ ក៏ពួកគេអះអាងថា ពួកគេនៅតែប្រឈមមុខនឹងការមាក់ងាយនិងការរើសអើងពីសង្គមដូចជានៅកន្លែងការងារ នៅសាលារៀននិងជាពិសេសគឺការមិនទទួលស្គាល់ពីសំណាក់សមាជិកក្រុមគ្រួសាររបស់ពួកគេផ្ទាល់តែម្តង។
ង៉ោ ម៉េងហ៊ួង ដែលមានរាងកាយពីកំណើតជាមនុស្សប្រុស ប៉ុន្តែមានចរិតដូចមនុស្សស្រីនោះ និយាយថាទាំងឪពុក ទាំងបងប្អូនប្រុសៗរបស់ខ្លួន ពេលខ្លះបង្ហាញការស្អប់ខ្ពើមចំពោះភាពជាមនុស្សស្រលាញ់ភេទដូចគ្នានេះ។
«ខ្ញុំមានអារម្មណ៍ថា ឈឺចាប់ នៅពេលដែលគាត់អត់ព្រមទទួលយកថា យើងជានរណា។ គាត់អាចបង្ហាញខ្លួនគាត់បានថាគាត់ជាបុរស គាត់អាចធ្វើអ្វីៗបាន។ ដល់ពេលយើង ពេលខ្លះយើង Make up (ផាត់ម៉ាកកាយ៉េ) អីអញ្ចឹង គាត់យករបស់យើងបោះចោល។»
មិនខុសគ្នាពីស្ថានភាពរបស់ម៉េងហ៊ួងប៉ុន្មានទេ ឈឿង រចនា និយាយថា ក្រុមគ្រួសាររបស់នាងក៏បង្ហាញឥរិយាបទមិនទាន់ទទួលស្គាល់រូបនាងក្នុងនាមជាមនុស្សស្រីស្រលាញ់ភេទដូចគ្នានេះដែរ។
«ការណ៍ដែលគាត់គិតថា មិនងាយនឹងទទួលយកបាន ដោយសារតែគាត់គិតថា សង្គមជុំវិញមើលមក វាពិបាកដែលថាឲ្យសង្គមទទួលស្គាល់គាត់។ ទោះបីជាចិត្តគាត់ចង់ទទួលស្គាល់កូន ប៉ុន្តែសង្គមជុំវិញ បើគាត់ទទួលស្គាល់កូន តើគាត់ត្រូវប្រឈមមុខអ្វីខ្លះ សាច់ញាតិ មិត្តភក្តិ បងប្អូន និយាយទៅគាត់យ៉ាងម៉េចខ្លះ? គេថាម៉េចឲ្យអប់រំកូនបែបនេះ បែបអញ្ចេះ។ល។ អញ្ចឹង គាត់មានគំនាបពីខាងក្រៅ។»
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានលើកឡើងថា ឪពុកម្តាយជាច្រើននៅតែគិតថា វាជារឿងគួរឲ្យអាម៉ា់ស់ ដែលមានកូនជាមនុស្សស្រលាញ់ភេទដូចគ្នា ដូចជាស្រីស្រលាញ់ស្រី ឬប្រុសធ្វើចរិតដូចស្រី ឬស្រីធ្វើចរិតដូចប្រុស ឬក៏ជាមនុស្សប្តូរភេទជាដើម។
កញ្ញា លី ពិសី គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជាដែលធ្វើការប្រមូលផ្តុំក្រុមមនុស្សស្រលាញ់ភេទដូចគ្នានេះ។
«អញ្ចឹងក្នុងរង្វង់គ្រួសារហ្នឹងនៅបន្តមានបញ្ហា។ ពេលខ្លះជំរុញឲ្យកូនហ្នឹងត្រូវរត់ចេញពីផ្ទះ ដោយសារការបង្ខំឲ្យកែចរិត។ ខ្លះទៀតត្រូវបង្ខំឲ្យរៀបការជាមួយអ្នកដែលឪពុកម្តាយយល់ថាសក្តិសម ដែលមនុស្សទូទៅទទួលយកបាន។»
កញ្ញា ពិសី បន្តថា កង្វះការទទួលស្គាល់និងការគាំទ្រពីរង្វង់ក្រុមគ្រួសារនេះ អាចនឹងរួមចំណែករុញច្រានអ្នកដែលស្រលាញ់ភេទដូចគ្នា ទៅរកគ្រោះថ្នាក់មិនត្រឹមតែចំពោះខ្លួនពួកគេប៉ុណ្ណោះទេ គឺថែមទាំងចំពោះសង្គមទាំងមូលទៀតផង។
«បើសិនជាស្រីមានចរិតធម្មតា ឬប្រុសពេញលក្ខណៈ គេអត់ដឹងថាយើងស្រលាញ់អ្នកណាគេទេ ប៉ុន្តែមនុស្សដែលមានចរិតខុសពីមនុស្សទូទៅហ្នឹងដូចជា ប្រុសធ្វើជាស្រី ឬស្រីធ្វើប្រុសហ្នឹង គឺពិបាកលាក់គេណាស់។ អញ្ចឹងពេលយើងទៅរកការងារធ្វើ គេរើសអើងយើង។ អញ្ចឹងពេលយើងអត់មានការងារធ្វើ យើងអត់ចំណូល។ ពេលអត់ចំណូល យើងទៅនៅឯណា បានអីញ៉ាំ។ អញ្ចឹងចាប់ផ្តើមចូលរួមនៅក្នុងសកម្មភាពមួយចំនួនដែលខុសច្បាប់។ អញ្ចឹង សួរថាតើកំហុសអ្នកណា? អ្នកណាដែលទទួលខុសត្រូវចំពោះជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹង?»
បើទោះបីជាកម្ពុជាគ្មានច្បាប់ដែលហាមឃាត់ទំនាក់ទំនងមនុស្សស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏ការទទួលស្គាល់ក្រុមមនុស្សទាំងនេះឲ្យស្មើមុខស្មើមាត់ជាមួយក្រុមមនុស្សស្រលាញ់ភេទផ្ទុយគ្នានៅក្នុងសង្គមនៅមិនទាន់ទូលំទូលាយនៅឡើយ។
លោកស្រី ចក់ សុភាព គឺជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកស្រីថ្លែងថា៖ «ទោះបីជាពលរដ្ឋណាមួយក៏ដោយ បើទោះបីជាជនភាគតិចនៅក្នុងសង្គមប្រជាធិបតេយ្យ បញ្ហារបស់គាត់ត្រូវតែលើកយកមកពិភាក្សា និងពិចារណា ដើម្បីធានាពួកគាត់អាចទទួលបាននិងប្រើប្រាស់សិទ្ធិដូចពលរដ្ឋដទៃ។»
លោកស្រី ម៉ារី ដូមីនិក ប៉ារ៉ង់ (Marie-Dominique Parent) តំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមានប្រសាសន៍ថា សាធារណជនទូទៅគួរតែបើកផ្នត់គំនិតឲ្យទូលាយ ដើម្បីទទួលយកភាពចម្រុះនៃបុគ្គលដែលមានទំនោរផ្លូវភេទនិងអត្តសញ្ញាណយ៉េនឌ័រផ្សេងៗគ្នា។
«អ្នកមិនមែនក្លាយជាឧក្រិដ្ឋជន ដោយគ្រាន់តែកើតមកជាស្រីតែចរិតប្រុស ឬជាប្រុសតែចរិតស្រី ឬក៏គ្រាន់តែស្រលាញ់នរណាម្នាក់ដែលមានភេទផ្សេងឬដូចអ្នកនោះទេ។»
លោកស្រីមានប្រសាសន៍បន្ថែមថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏ជាកោសិការសង្គមមួយដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដូចជាពលរដ្ឋទូទៅដទៃទៀតដែរ។
«ទស្សនៈរបស់អង្គការសហប្រជាជាតិគឺថា ការអភិវឌ្ឍត្រូវតែរួមបញ្ចូលមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា និងគោរពតម្លៃនៃចម្រុះភាពរបស់មនុស្សទាំងនោះ ដែលរួមចំណែកដល់ការអភិវឌ្ឍនោះ។ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវដកសិទ្ធិរបស់ពួកចេញពីការរួមចំណែកក្នុងការអភិវឌ្ឍ សហគមន៍ សង្គមនិងប្រទេសកម្ពុជា។ ក្រុមជនស្រលាញ់ភេទដូចគ្នាអាចធ្វើការ គិត សរសេរ និងថែទាំក្រុមគ្រួសារ បានដូចមនុស្សគ្រប់គ្នាផ្សេងទៀតដែរ។»
ថ្លែងនៅក្នុងពិធីជួបជុំគ្នាមួយរវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នានិងឪពុកម្តាយរបស់ពួកគេដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រទី១៦ខែឧសភានេះ លោក សេង វី មកពីខេត្តកំពង់ធំ មានប្រសាសន៍ថា ពីមុន លោកនិងភរិយាបានព្យាយាមបំបែកកូនស្រីរបស់លោកចេញពីដៃគូរបស់នាងដែលជាស្រីដូចគ្នា ដើម្បីកុំឲ្យអ្នកស្រុកសើចចំអកនិងពេបជ្រាយដាក់។
ប៉ុន្តែក្រោយមក លោកនិងភរិយាបានប្តូរចិត្តវិញ ក្រោយពីដឹងនិងព្រមទទួលស្គាល់ការណ៍ពិតថា មិនមែនមានតែកូនស្រីរបស់លោកម្នាក់ទេដែលជាមនុស្សស្រលាញ់ភេទដូចគ្នានោះ។
«សង្គមនេះគេកំពុងតែប្រែប្រួលហើយ។ ម្ល៉ោះហើយ វាស្រលាញ់គ្នាយ៉ាងម៉េចក៏ស្រលាញ់ទៅ ទៅតាមសិទ្ធិរបស់គេទៅ។ យើងជាម៉ែជាឪបានត្រឹមតែបង្កើតនិងចិញ្ចឹម ប៉ុន្តែសិទ្ធិរបស់គេ យើងមិនអាចគ្រប់គ្រងបានទេ។»
ដូចគ្នាដែរ លោកយាយ សំ ប៊ុនស៊ាប វ័យ៧០ឆ្នាំ មកពីខេត្តសៀមរាប ដែលមានកូនស្រីជាអ្នកស្រលាញ់ភេទដូចគ្នាម្នាក់ដែរ មានប្រសាសន៍ថា ពេលនេះលោកយាយក៏បណ្តោយទៅតាមចិត្តកូនដែរ ជាជាងព្យាយាមបង្វែរទំនោរផ្លូវភេទរបស់កូន។
«បើខ្ញុំបង្វែរនិងបំបែកបំបាក់មិនឲ្យកូនសេពគប់ភេទដូចគ្នាទេ ខ្ញុំត្រូវជាម្តាយនេះ ខុស ព្រោះខ្ញុំជាម្តាយនាមត្រឹមតែបង្កើតគេមកទេ។ ប៉ុន្តែរឿងស្វែងរកសុភមង្គលគឺគេជាកូន។»
លោកយាយ មានប្រសាសន៍បន្ថែមថា សុភមង្គលរបស់កូនគឺអាស្រ័យលើការស្រលាញ់របស់កូនផ្ទាល់ មិនមែនស្ថិតនៅលើការចង់បានដើម្បីតម្រូវចិត្តខ្លួនជាម្តាយឪពុកនោះទេ៕