យុវជន​ទាមទារ​តម្លាភាព​និង​ការ​លុប​បំបាត់​អំពើ​ពុករលួយ

កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។​

នៅតែ​ជាង​១​ខែ​មុន​ការ​បោះឆ្នោត សិស្ស និង​និស្សិត​មួយ​ក្រុមមក​ពី​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស​កម្ពុជា និយាយ​ថា ​ពួកគេ​នឹងផ្តល់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ប្រយុទ្ធ​ប្រឆាំង​ និង​លុប​បំបាត់​អំពើ​ពុករលួយ។​

សិស្ស​និស្សិត​ទាំងនេះ ​ដែល​មក​ពី​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីនេះ ក្នុង​សាល​ចតុមុខ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​តម្លាភាព​និងឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខនេះ ផ្តល់​ការ​សន្យា​ឲ្យ​ច្បាស់​លាស់​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុងប្រទេស។​

កញ្ញា​រៀម ចាន់ធី​គឺ​ជា​និស្សិត​សាកល​វិទ្យាល័យមក​ពី​ខេត្ត​កំពង់​ចាម។ នាងនិយាយថា៖ «ខ្ញុំ​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់ ប្រកាស​ចំណូល​ជាតិ​ហើយ​ថា ថវិកា​ទាំង​អស់​ហ្នឹង​គាត់​យក​ទៅ​ធ្វើ​អ្វី​ខ្លះ?»​

ក្រុម​សិស្ស​ និស្សិត​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​យុវជនទូទាំង​ខេត្ត​ក្រុង​ដែល​ប្រមូល​ផ្តុំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។​

លោក​គឹម វណ្ណដា គឺ​ជា​សិស្ស​វិទ្យាល័យ​ មក​ពី​ខេត្ត​ប៉ៃលិន។​ លោកនិយាយថា៖«គណ​បក្សដែល​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គឺ​ជា​គណបក្ស​មួយ​ដែល​ហ៊ាន​សន្យា​ថា គាត់​នឹង​ប្រឆាំង​អំពើ​ពុក​រលួយ​ដាច់​ខាត ​ដែល​គាត់​អាច​ធ្វើ​បាន ហើយ​គាត់​សន្យា​ថា បើ​គាត់​ធ្វើ​មិន​បានទេ​ គាត់សូម​លាចាក​ពី​តំណែង​របស់​គាត់​ផង»។​

​លោក​ព្រាប កុល​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ដែល​មាន​ស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។​

លោក​និយាយ​ថា៖ «វា​រួម​ចំណែក​ពញ្ញាក់​ស្មារតី​ដល់​អ្នក​នយោបាយ​ឲ្យ​ដឹង​ថា នេះ​ជា​ចំណុច​មួយ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ជាពិសេស​យុវជន​ ចង់​បាន ចង់​ឃើញ​គាត់​ប្តេជ្ញា​ចិត្ត ហើយ​ពេល​ដែល​គាត់​ជាប់ឆ្នោត​ទៅ គាត់​គោរព​តាម​ការ​ប្តេជ្ញាចិត្ត គោរព​តាមពាក្យ​សន្យា ហើយ​យើង​នឹង​មើល​ទៅលើ​គាត់​វិញ​ ថា​តើ​គាត់​ធ្វើ​បាន​កម្រិត​ណា?»​

Your browser doesn’t support HTML5

យុវជន​ទាមទារ​តម្លាភាព​និង​ការលុប​បំបាត់អំពើ​ពុករលួយ


នៅក្នុង​ពិធី​ចុះ​ហត្ថលេខា«ប្តេជ្ញាចិត្ត​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ»​ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​ដដែល គណបក្ស​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ទាំង​៨ បាន​ឆ្លើយតប​ទៅនឹង​ការ​ទាមទារ​របស់​ក្រុម​យុវជន​ទាំង​នេះ។​

លោកសុន ឆ័យ​គឺ​ជា​អ្នក​តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង។​

លោក​និយាយថា៖​ «ការងារ​ដែល​យើង​ធ្វើ​គឺ​ដើម្បី​សង្គ្រោះ​ប្រទេស​យើង មិនមែន​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ ហើយ​បើយើង​ធ្វើ​ការងារ​នេះ​មិន​បាន​ទេ ខ្ញុំ​ជឿជាក់​ថា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាកចេញ​ពី​តំណែង មិនចាំបាច់​ចាំ​ឲ្យ​មាន​ការ​ទាមទារ​ឲ្យ​ចុះ​ពី​តំណែង​ណា​មួយ​ទេ»។​

លោក​ក្រវ៉ាញ ដារ៉ន​គឺជា​មេដឹកនាំ​គណបក្ស​ខ្មែរ​ឈប់ក្រ។​ លោក​និយាយថា៖​«បើ​ល្គិក​ណា ខ្ញុំ​ជាប់​ជា​នាយករដ្ឋមន្ត្រី​ ខ្ញុំ​មិនសន្យា​ត្រឹម​តែ​ចុះ​ពី​តំណែង​ទេ គឺ​លោក​ត្រូវ​បញ្ជូន​ខ្ញុំ​ទៅ​កាត់​ទោស​ទៅ​តាម​អ្វី​ដែល​ជា​អំពើ​ពុករលួយនោះ។ ច្បាប់​ស្តីពី​អំពើ​ពុករលួយ​ហ្នឹង​ ខ្ញុំ​នឹង​ធ្វើ»។​

តំណាង​មក​ពី​គណបក្ស​ចំនួន​៤​ទៀត រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​គណ​បក្សហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ ក៏​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​អំពី​គោល​នយោបាយ​កណបក្ស​រៀងៗខ្លួន​ស្តី​ពី​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ ទោះបី​ជា​ពួក​គេមិន​បានអះអាង​ថា ​សុខ​ចិត្ត​ចាកចេញ​ពី​តំណែង ​ប្រសិន​បើ​មិន​អាច​ធ្វើ​តាម​ការ​សន្យា​បាន​ក៏ដោយ។​

ចំណែក​តំណាងគណបក្ស​ពីរ​ទៀត​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ពុំ​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាប្តេជ្ញា​ចិត្ត​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ទេ។

លោក​ព្រាប កុល​ពន្យល់ថា៖ «ខ្ញុំ​ទុក​ឲ្យ​ប្រជាជន​ខ្មែរ​គាត់​គិត​ដោយ​ខ្លួន​គាត់។ ក្នុង​នាម​ពួក​យើង​ខ្ញុំ​ជា​អ្នក​រៀបចំ យើង​គ្រាន់​តែ​សោកស្តាយ ដែល​យើង​បាន​អញ្ជើញ​គាត់ ហើយ​គាត់​បាន​បដិសេធ​ មិន​ព្រម​ចូលរួម»។​

យ៉ាង​ណាក៏ដោយ​ មន្ត្រី​នៃ​គណបក្ស​ដែល​អវត្តមាន​ទាំង​ពីរ​បាន​និយាយ​នៅ​ពេល​ក្រោយ​មក​ទៀត​ថា គណបក្ស​របស់​ពួក​គេ​រៀងៗ​ខ្លួន​ជាប់​រវល់​ពេក​ រហូត​ដល់​មិន​អាច​ចូលរួម​ក្នុង​ពិធី​នេះ​បាន៕