តុលាការ​ឲ្យ​ពិធីការិនី​ទូរ​ទស្សន៍​ MyTV​ នៅ​ក្រៅ​ឃុំ ខណៈ​មាន​រឿង​ចម្រូង​ចម្រាស​«ស្នេហា»​ជាមួយ​ឧកញ៉ា​ម្នាក់

កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus)

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ដោះ​លែង​ពិធីការិនី​ទូរទស្សន៍ ​MY TV ​គឺ​កញ្ញា មាន​ ពេជ្រ​រីតា ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ក្រោយ​មាន​ការ​អន្តរាគមន៍​ពី​ក្រុម​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​ចំ​ពេល​មាន​ការ​ពិភាក្សា​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​ប្តឹងផ្តល់​រវាង​ពិធីការិនី​រូប​នោះ​ និង​លោក ​ហេង សៀ ​ក្នុង​ចំណោម​សាធារណ​ជន។​

កញ្ញា ​មាន ពេជ្ររីតា ​អាយុ​២០​ឆ្នាំ ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ ​លោក ​កូយ​ សៅ ​ចោទ​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​និង​ប្រើ​កាំបិត​ចាក់​លោក​ឧកញ៉ា​ ហេង សៀ ​ចំនួន២​កាំបិត ​រួចលួច​យក​ទូរស័ព្ទ​ Iphone ​មួយ​គ្រឿង។​ ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរពី​ដំបូង​ឡើយ​ឲ្យ​ឃុំ​ខ្លួន​នាង​ពេជ្ររីតា ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ព្រះ​រាជអាជ្ញា​រង​ឈ្មោះ ​សុង ឆវ័ន្ត ​ដែល​កាន់​សំណុំ​រឿង​នេះ ​ពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា ​ហេង សៀ។​

នាង​ពេជ្ររីតា ​បាន​ប្តឹង​បក​វិញ​ ដោយ​ចោទ​លោក​ ហេង សៀ ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​និង​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ និង​សំណង​ចំពោះ​ការ​ខូចខាត​ពេល​វេលា​និង​សេវា​ផ្លូវ​ច្បាប់​សរុប​ចំនួន​១១​ម៉ឺន​ដុល្លារ។​

លោក​មេធាវី ​វិរោចន៍ សុផង់ ​ដែល​ការពារ​ក្តី​ឲ្យ​កញ្ញា ​មាន ​ពេជ្ររីតា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មន្ត្រី​តុលាការ​បាន​រៀបចំ​ឲ្យ​កូន​ក្តី​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​លោក​អះអាង​ថា​ ចៅក្រម​ស៊ើប​សួរ​គឺ​លោក ​កូយ សៅ ​រក​មិន​ឃើញ​ភស្តុតាង​គាំទ្រ​ការ​បន្ត​ឃុំ​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទីមួយ​ភស្តុតាង​ វា​ស្ទើរ។ ​ ទីពីរ​ពាក់ព័ន្ធ​ខ្លាំង ​គឺ​បញ្ហា​សុខភាព​កូន​ក្តី​ខ្ញុំ​តែ​ម្តង​សុខ ភាព​សុវត្ថិភាព»។​

បើ​តាម​មេធាវី​ នាង​មាន ​ពេជ្រ រីតា ​នឹង​ត្រូវ​បន្ត​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ថ្ងៃ​មុខ។​ មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​នាង​ ពេជ្រ​រីតា​ បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​កូនក្តី​មាន​ស្មារតី​ល្អ​ឡើង​វិញ ហើយ​ក៏​នៅ​បន្ត​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ នាង​បាន​លួច​យក​ទូរស័ព្ទ​និង​ចាក់​លោក​ឧកញ៉ា​ ហេង សៀ ​ឲ្យ​រង​របួស​នោះ។​

លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)

លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ ចៅក្រម​បាន​សម្រេច​ដោះ​លែង​កញ្ញា ​មាន ពេជ្ររីតា ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​មូលហេតុ​នោះ​ទេ។​

ទំនាស់​រវាង​ពិធីការិនី​ មាន ​ពេជ្ររីតា​ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​យូប៊ី​ និង​លោក​ ហេង សៀ​ ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​នាំចូល​និង​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ហេង ស្រេងហុង ​និង​ក្រុមហ៊ុន​លក់​កញ្ចក់​ CamboPura Glass​ បាន​ល្បី​ខ្ទរខ្ទារ​លើ​បណ្តាញ​សង្គម ​និង​តាម​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន។​

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នាក់​ បាន​ចែក​រំលែក​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ទំនាស់​នោះ​ ដោយ​មាន​ទាំង​ឃ្លីប​វីដេអូ​ខ្លីៗ ​ដែល​បង្ហាញ​ពី​សកម្មភាព​ទាស់​ទែង​គ្នា​រវាង​លោក​ ហេង​ សៀ ​និង​ពិធីការិនី​រូប​នោះ​ក្នុង​រថយន្ត​ផង​ដែរ។​ ពួកគេ​មួយ​ចំនួន​ក៏​ចែក​រំលែក​ឃ្លីប​វីដេអូ​ដែល​គេ​ឃើញ​បុរស​ម្នាក់​ចាក់​សំឡេង​ស្រែក​យំ​របស់​នាង​ មាន​ ពេជ្រ​រីតា​ ថា​នាង​ស្អប់​ខ្ពើម​ខ្លួន​ឯង​ ពេល​មាន​មនុស្ស​ប្រុស​ចំណាស់​មក​លូក​លាន់​និង​ស្ទាប​អង្អែល​រាង​កាយ​នាង។ ​

ក្នុង​ឃ្លីប​វីដេអូ​នោះ​ នាង​យំ​ស្រែក​ទៅ​កាន់​ស្ត្រី​ម្នាក់​ទៀត​យ៉ាង​ដូច្នេះ៖​ «លួង​គេ ​ គេ​មិន​ព្រម​ចង់​រំលោភ​គេ​ទៀត។​ រំលោភ​មិន​បាន​ហើយ​ចោទ​គេ​ទៀត។​ នៅ​ស្រុក​ខ្មែរ ​អុីចឹង​មែន។​ ខ្ញុំ​ខ្ពើម​ខ្លួន​ឯង​ណាស់​ម៉ាក់​។​ គេ​ប៉ះ​ខ្ញុំ»។​

ក្នុង​ឃ្លីប​វីដេអូ​ផ្សេង​ទៀត ​លោក ហេង សៀ ​ត្រូវ​គេ​ឃើញ​បើក​ទ្វារ​ចេញ​ពី​កន្លែង​ដៃ​ចង្កួត​រថយន្ត ​ឯ​នាង​ពេជ្ររីតា​ចាក​ចេញ​រថយន្ត​ពី​ទ្វារ​ខាង​ក្រោយ​ ដោយ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​ និង​ម្ខាង​ទៀត​កាន់​របស់​ដែល​មើល​ទៅ​ដូច​ជា​កាំបិត​វែង​មុខ​ស្រួច​មួយ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ ហេង​ សៀ ​ កញ្ញា​ មាន ពេជ្ររីតា​ អតីត​បេក្ខនារី​ Miss Grand Cambodia​ ក៏​បាន​ប្រកែក​ថា​ នាង​មាន​មុខ​របរ​អាច​រក​ប្រាក់​កម្រៃ​បាន​និង​ជា​និស្សិត​ដែល​មិន​អាច​ទៅ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​ទេ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ក្រុម​គ្រួសារ ​កញ្ញា​ មាន ​ពេជ្ររីតា ​បាន​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​ហេង សៀ​ បាន​ដែរ។​

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុកលោក ​ហេង ​សៀ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

ការ​ប្តឹង​ផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ​បូក​រួម​នឹង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារ​ព័ត៌មាន​ នាំ​ឲ្យ​មាន​ចម្ងល់​ថា​ តើ​ករណី​នេះ​មាន​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនងស្នេហា​ឬ​យ៉ាងណា។​

លោក ​ហេងសៀ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​លិខិត​សុំទោស​មួយ​ ដោយ​ទម្លាយ​ថា​ លោក​លួច​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​កញ្ញា ​មាន ពេជ្រ​រីតា​ ដែល​លោក​ថា​ «មាន​ការ​សោក​ស្តាយ​បំផុត»​ ដែល​មាន​រឿង​រ៉ាវ​កើត​ឡើង។​ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន​កម្ពុជា​ថ្មី។​

លោក​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា​ នាង ពេជ្រ​រីតា ​ចង់​ផ្តាច់​ទំនាក់​ទំនង​ស្នេហា​នោះ​ពី​គាត់ ​ដោយ​ទារ​ប្រាក់​មួយ​ចំនួន។​ លោក​មិន​បាន​បញ្ជាក់​ចំនួន ​តែ​ថា​ច្រើន​លើស​លប់។​

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ លោក​ឧកញ៉ា​ ហេង សៀ ​បាន​សរសេរ​រំឭក​ដល់​ថ្ងៃ​កើតហេតុ​ក្នុង​ន័យ​ដើម​ថា៖ ​«ហើយ​ថ្ងៃ​កើត​ហេតុ​នេះ​ បណ្តាល​មក​ពី​កញ្ញា ​មាន ​ពេជ្ររីតា ​បាន​ទំនាក់​ទំនង​ខ្ញុំ​មក​ជួប​បន្ទាប់​មក​គាត់​បាន​ទាម​ទារ​ប្រាក់​ផ្តាច់​ចំណង​សេ្នហា​ច្រើន​លើស​លប់​ពេក ​ដែល​បណ្តាល​ឲ្យ​ខ្ញុំ​បាទ​មិន​អាច​បំពេញ​បំណង​នាង​បាន​ ហើយ​ក៏​ខ្ញុំ​បាទ​មិន​នឹក​ស្មាន​ថា​ នាង​មាន​កាំបិត​មក​ចាក់​ខ្ញុំ​បាទ​ភ្លាម​ទេ»។​

លោកស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ករណី​បំពារ​បំពាន​ផ្លូវ​ភេទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​បើក​ការ​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​និង​ដំណើរ​ការ​កាត់​ក្តី​ ដោយ​ឈរ​លើ​គោល​ការណ៍​ភាព​ឥត​លម្អៀង​ និង​តម្លាភាព​សម្រាប់​គ្រប់​ភាគី​ទំនាស់។​

«ប៉ុន្តែ​សំខាន់​បំផុត​ គឺ​ការ​ធានា​ដល់​ការ​ផ្តល់​នូវ​យន្ត​ការ​គាំពារ​បន្ថែម​ទៀត​ទៅ​ដល់​ជន​រងគ្រោះ ព្រោះ​យើង​ឃើញ​ហើយ​ថា​ ​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​ហើយ​យើង​បាន​ តាម​សារ​ដែល​យើង​បាន​ឃើញ​នេះ​ គឺ​ជន​រង​គ្រោះ​ហ្នឹង​ គឺ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​ការ​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់​ អ៊ីចឹង​ការ​ដែល​ផ្តល់​គាំពារ​ខាង​ពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត​ ហើយ​និង​ផ្តល់​ការ​ធានា​សុវត្ថិភាព​ទៅ​ដល់​ពួក​គាត់​គឺ​ក៏​ចាំបាច់​ផង​ដែរ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៦​ ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ចំនួន​៣​រូប ​គឺ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​យុត្តិធម៌ ​ដោយ​ស្នើ​សុំឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ក្នុង​ទំនាស់​រវាង​លោក​ឧកញ៉ា ហេង សៀ ​និង​នាង ​មាន ពេជ្ររីតា។​

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន​ ម៉ាលីន​ រិះគន់​ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​សង្គម​និង​ប្រជា​ពលរដ្ឋ​ថា​ ​កំពុង​ដើរ​តួ​ជំនួស​ឲ្យ​ស្ថាប័ន​តុលាការ​ ​ខណៈ​គូ​ជម្លោះ​កំពុង​តតាំង​ក្តី​គ្នា​នៅ​ចំពោះ​មុខ​ចៅ​ក្រម៕​