លទ្ធផលដំបូងៗពីការបោះឆ្នោតបឋមនៅហុងកុងដែលរៀបចំដោយគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីចុងសប្តាហ៍កន្លងទៅនេះបង្ហាញថា សកម្មជនវ័យក្មេងនិងបេក្ខជន«គាំទ្រមូលដ្ឋាន»បានឈ្នះការបោះឆ្នោតភាគច្រើន។
មានពលរដ្ឋហុងកុងប្រមាណ៦០០.០០០នាក់បានសម្រុកទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន២៥០ ដើម្បីជ្រើសរើសបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យខ្លាំងជាងគេដែលនឹងអាចតទល់នឹងបេក្ខជនគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងការបោះឆ្នោតសភាហុងកុងក្នុងខែកញ្ញាខាងមុខ។
ការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅនេះបានធ្វើឡើងបើទោះបីមានការព្រមានពីមន្ត្រីហុងកុងនិងចិនដីគោកដែលថាការបោះឆ្នោតនេះអាចខុសនឹងច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង។
អ្នកគាំទ្រប្រជាធិបតេយ្យនិយាយថា គោលដៅនៃការជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតនៅខែកញ្ញា គឺដើម្បីអាចទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាហុងកុង ដើម្បីអាចបោះឆ្នោតប្រឆាំងនឹងច្បាប់ថវិកានិងច្បាប់សំខាន់ៗផ្សេងទៀត ដែលនេះអាចបង្ខំឲ្យលោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងត្រូវលាលែងពីតំណែង។
ការិយាល័យតំណាងរដ្ឋាភិបាលចិនប្រចាំនៅទីក្រុងហុងកុងបានរិះគន់អ្នករៀបចំការបោះឆ្នោតនេះ ជាពិសេសបានរិះគន់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Benny Tai ថាមានចេតនា «ដណ្តើមអំណាចគ្រប់គ្រងហុងកុង និងធ្វើបដិវត្តន៍ពណ៌នៅហុងកុង»។
ក្រោមច្បាប់សន្តិសុខថ្មី ជនទាំងអស់នៅហុងកុងដែលគេជឿថាបានប្រព្រឹត្តអំពើភេរវកម្ម ការបំបែករដ្ឋ វិទ្ធង្សនា ឬឃុបឃិតជាមួយកម្លាំងបរទេសអាចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត៕