អ្នកវិភាគឯករាជ្យវ័យក្មេងមួយក្រុម ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីសំណាក់លោកបណ្ឌិត កែម ឡី បានប្ដេជ្ញាថា ពួកគេនឹងបន្តបេសកកម្មរបស់លោក កែម ឡី តទៅទៀត ទោះបីជាពួកគេនិយាយថា ការងារជាអ្នកវិភាគបែបនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ ដែលពេលខ្លះរហូតដល់អាចបាត់បង់ជីវិតដូចលោក កែម ឡី ក៏ដោយ។
ការលើកឡើងនេះបានធ្វើឡើងមួយសប្ដាហ៍ក្រោយពីលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅក្នុងហាងលក់ទំនិញមួយកន្លែងរបស់ស្ថានីយ៍ប្រេងឥន្ធនៈ Caltex នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅនេះ។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងនេះ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះថា ក្រុមរបស់លោកដែលមានសមាជិកជាអ្នកវិភាគវ័យក្មេងជាង១០នាក់ នៅតែមានឆន្ទៈបន្តវេនពីលោកបណ្ឌិត កែម ឡី។
«យើងបន្តហ្នឹង គឺថាយើងបន្តបេសកកម្មក្នុងការវិភាគ។ ទោះបីជាអត់ពីលោកបណ្ឌិត កែម ឡី ទៅ ក៏យើងនៅតែបន្តឡើងវិភាគ ដោយយើងនៅតែនិយាយពាក្យពិត ដោយយើងអត់មានភ័យខ្លាចអីទេ។ យើងឃើញនរណាខុស យើងថាខុស។ យើងឃើញនរណាត្រូវ យើងថាត្រូវ មិនមែនគេសម្លាប់ប៉ុណ្ណឹងអាចបំបិទមាត់យើងបានទេ»។
លោក កែម ឡី គឺជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលល្បីល្បាញ ដោយសារការវិភាគត្រង់ៗ និងចំៗទៅលើបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេស ដោយមិនខ្លាចរអា ទោះបីជាការវិភាគរបស់លោកពេលខ្លះប៉ះចំលើបុគ្គលផ្ទាល់ ឬផលប្រយោជន៍របស់អ្នកមានអំណាច ឬមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល គណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
មុនពេលលោកត្រូវបានធ្វើឃាត លោក កែម ឡី បានបើកយុទ្ធនាការស្រាវជ្រាវដើម្បីចងក្រងឯកសារមួយឈុត ដែលលោកហៅថា «យុទ្ធនាការ១០០រាត្រី» ដោយគ្រោងធ្វើដំណើរទៅតាមតំបន់ជនបទជាច្រើនទូទាំងប្រទេស ដើម្បីជួបជាមួយពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ និងគ្រោងធ្វើដំណើរទៅទ្វីបអឺរ៉ុបផងដែរក្នុងយុទ្ធនាការស្រាវជ្រាវរបស់លោក។
ប៉ុន្តែ នៅពេលយុទ្ធនាការរបស់លោកបានចាប់ផ្ដើមមិនទាន់បានពាក់កណ្ដាលផ្លូវផង លោកក៏ត្រូវបានបាញ់ស្លាប់យ៉ាងសាហាវព្រៃផ្សៃ។ នេះបើយោងតាមប្រភពម្នាក់ដែលស្និតនឹងរូបលោក កែម ឡី។
មុនពេលលោកត្រូវបានធ្វើឃាត លោក កែម ឡី ក៏បានធ្វើការវិភាគទៅលើរបាយការណ៍ចុងក្រោយបំផុតមួយរបស់អង្គការ Global Witness ដែលមានចំណងជើងថា «Hostile Takeover» ដែលរៀបរាប់ពីបណ្ដាញនៃក្រុមហ៊ុនរកស៊ីចំនួនជាង១០០ក្រុមហ៊ុនរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកវិភាគម្នាក់ដែលធ្លាប់ធ្វើការវិភាគជាមួយលោកបណ្ឌិត កែម ឡី បានលើកឡើងថា ការបាញ់សម្លាប់លោក កែម ឡី អាចបណ្ដាលមកពីការវិភាគចំៗ និងត្រង់ៗរបស់លោក កែម ឡី ដែលបានធ្វើឲ្យប៉ះពាល់អ្នកមានអំណាចណាម្នាក់ ឬក៏ធ្វើឲ្យ«ជនទី៣ ដែលអាចនៅក្នុងស្រុក ឬនៅប្រទេសជិតខាង» ខឹងសម្បារ និងក្ដៅក្រហាយចំពោះការនិយាយចំៗរបស់លោក កែម ឡី។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង បានថ្លែងប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា ក្រុមរបស់លោកបានប្ដេជ្ញាថា នឹងបន្តបេសកកម្មស្រាវជ្រាវ និងចងក្រងឯកសារ ដើម្បីចូលរួមអភិវឌ្ឍសង្គម ដូចលោកបណ្ឌិត កែម ឡី បានធ្វើកន្លងមកតទៅទៀត។
«ដោយសារឥឡូវ យើងនៅមានបញ្ហាខាងផ្នែកថវិកា អញ្ចឹងដូចជាការទៅអឺរ៉ុបនេះ យើងគិតថាមិនអាចធ្វើទៅរួចទេ ប៉ុន្តែនៅក្នុងការស្រាវជ្រាវកោះទាំង៦២ ដែលនៅជាប់ព្រំដែនយួន ព្រំដែនសៀមហ្នឹង យើងគិតថា បើយើងមានសមត្ថភាព យើងនឹងនៅតែបន្តធ្វើ ដើម្បីឲ្យកូនខ្មែរយើងមានឯកសារគ្រប់គ្រាន់អំពីកោះទាំងឡាយហ្នឹង ដែលវាងាយរងគ្រោះពីការឈ្លានពានពីបរទេសហ្នឹង»។
លោក ហង្ស វិទូ ថ្លែងបន្តថា សមាជិកនៃក្រុមវិភាគរបស់លោក ដែលសុទ្ធតែជាយុវជនអាយុក្រោម៣០ឆ្នាំ សុទ្ធតែមានឆន្ទៈក្នុងការបន្តវេនពីលោកបណ្ឌិត កែម ឡី ដើម្បីឈានទៅសម្រេចបេសកកម្មរបស់លោក៕