ដោយព្យាយាមយកឈ្នះ និងមិនចុះចាញ់គ្រប់ឧបសគ្គ នាង Labibah ឥឡូវនេះបានចូលបម្រើការនៅសមាគមអ្នករួរស់រានមានជីវិតពីគ្រាប់មីននៅយេម៉ែន និងក្រសួងសង្គមកិច្ចដើម្បីជួយអ្នកឯទៀតៗ។
Alvin Madjesty មិនមែនត្រឹមតែជាសុនខមួយក្បាលនោះទេ។ វាគឺជាអ្នកសង្រ្គោះជីវិតផងដែរ។ ចាប់តាំងពីឆ្នាំ២០១១ មក វានិងម្ចាស់របស់វាគឺលោក Lance Corporal Nawarathne បានបោសសម្អាតផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រមាណ ៧០.០០០មែត្រការ៉េ នៅប្រទេសស្រីលង្កា។
នាង Labibah សត្វសុនខ Alvin និងលោក Nawarathne ស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានផ្តល់កិត្តិយសកាលពីថ្ងៃទី២៦ ខែតុលា ដោយវិទ្យាស្ថាន Marshall Legacy ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ។ អង្គការនេះជាដៃគូរបស់ក្រសួងការបរទេសអាមេរិកដើម្បីជួយប្រទេសនានាដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម និងដើម្បីលុបបំបាត់ផលប៉ះពាល់ដែលធ្វើឲ្យមានអស្ថិរភាពបង្កឡើងដោយគ្រាប់មីន។
ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ គ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតដែលសេសសល់ពីសង្រ្គាមបានសម្លាប់ និងធ្វើឲ្យប្រជាជនទាំងបុរសទាំងស្រ្តី និងកុមាររបួសប្រមាណ ១០.០០០នាក់ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះជាង៦០ភាគរយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រជាជាតិនានា និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន នេះបើយោងតាមលោក David McKeeby អ្នកនាំពាក្យការិយាល័យកិច្ចការយោធានយោបាយរបស់ក្រសួងការបរទេស។
យោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិកគឺជាអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុធំជាងគេតែមួយគត់នៅលើពិភពលោក ដែលឧបត្ថមដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនកប់ក្នុងដី។ អាមេរិកបានរួមចំណែកឧបត្ថម្ភថវិកាជាង ២.៦ ពាន់លានដុល្លារទៅឲ្យប្រទេសចំនួន ៩៥ ចាប់តាំងពីឆ្នាំ១៩៩៣ មកដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអាវុធដែលប្រើប្រាស់ក្នុងសង្រ្គាម ដែលអាវុធទាំងនោះកំពុងមានហានិភ័យ ត្រូវបានគេជួញដូរដោយខុសច្បាប់ និងត្រូវបានគេយកទៅប្រើប្រាស់ដោយមិនបានបែងចែកត្រឹមត្រូវ។
នៅខណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ឈប់ការនាំចេញ ការផលិតផល និងការទិញយកគ្រាប់មីនប្រឆាំងនឹងមនុស្ស នៅតែមានគ្រាប់មីនជាច្រើនសម្រាប់ប្រើប្រាស់នៅឧបទ្វីបកូរ៉េ ជាទីដែលគេត្រូវការរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាចាំបាច់ដើម្បីការពារប្រទេសកូរ៉េខាងត្បូងប្រឆាំងតទល់ជាមួយកូរ៉េខាងជើង។
ប៉ុន្តែក្រុមអ្នករិះគន់និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែបានធ្វើលើសពីនេះដើម្បីសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងគ្រឿងផ្ទុះផ្សេងទៀតនៅក្នុងប្រទេសនានាដែលយោធារបស់ខ្លួនបានបង្កឡើង។
លោក Firoz Alizada នៃក្រុមចម្រុះយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់គ្រាប់មីន និងគ្រាប់បែកចង្កោមមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនិយាយថា៖ «សហរដ្ឋអាមេរិកគួរតែបំផ្លាញស្តុកគ្រាប់មីនរបស់ខ្លួនឲ្យលឿនជាងនេះ និងលុបចោលឧបសគ្គនៃគោលនយោបាយចុងក្រោយ ដើម្បីអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលក្នុងសន្ធិសញ្ញាហាមប្រាមគ្រាប់មីន»។
សន្ធិសញ្ញាហាមប្រាមគ្រាប់មីន ដែលត្រូវអនុម័តក្នុងឆ្នាំ១៩៩៧ និងបានចូលជាធរមានក្នុងឆ្នាំ១៩៩៩ គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបានចងក្រងតាមផ្លូវច្បាប់។ សន្ធិសញ្ញានេះហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងនឹងមនុស្ស។ កិច្ចព្រមព្រៀងនេះក៏បានបន្ថែមកាតព្វកិច្ចដោយតម្រូវឲ្យប្រទេសនានាសម្អាតតំបន់ដែលរងផលប៉ះពាល់ពីគ្រាប់មីន ជួយសម្រួលដល់ជនរងគ្រោះ និងបំផ្លាញមីនដែលបានស្តុកទុក។
សហរដ្ឋអាមេរិកបានចូលរួមក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចប្រជុំរបស់សន្ធិសញ្ញាហាមប្រាមគ្រាប់មីននេះអស់ជាច្រើនឆ្នាំមកហើយ និងបានសន្យាថា នឹងចូលរួមក្នុងសន្ធិសញ្ញានេះ។ ក្រុមអ្នកតស៊ូមតិបានអំពាវនាវឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជំរុញមន្ទីរបញ្ចកោណឲ្យបញ្ចប់ការស្រាវជ្រាវទៅលើជម្រើសផ្សេងឲ្យបានលឿន ដើម្បីឲ្យការលើកលែងសម្រាប់ប្រទេសកូរ៉េអាចត្រូវបានលុបចោល មុនពេលដែលលោកចុះចេញពីតំណែង។
នាង Alizada បានប្រាប់ VOA ថា ប្រទេសនានានឹងប្រមូលផ្តុំគ្នានៅចុងខែវិច្ឆិកានេះ នៅប្រទេសឈីលីដើម្បីចូលរួមក្នុងកិច្ចប្រជុំដ៏ធំមួយ និងពិភាក្សាពីដំណើរការ និងបញ្ហាប្រឈមជាច្រើនក្នុងការអនុម័តសន្ធិសញ្ញានេះទូទាំងសកលលោក។ នាងនិយាយថា នៅក្នុងកិច្ចប្រជុំនោះ គោលដៅក្នុងការបញ្ចប់ការសម្អាតគ្រាប់មីននៅឆ្នាំ២០២៥ នឹងត្រូវបានបញ្ជាក់ជាថ្មី៕
ប្រែសម្រួលដោយ៖ ទុំ ម្លិះ