ក្រុម​ហ៊ូធី​នៅ​យេម៉ែន​ថា ខ្លួន​បាន​វាយប្រហារ​លើ​កប៉ាល់​បស្ចិម​ប្រទេស

  • ​Reuters

អ្នកគាំទ្រ​កងកម្លាំង​ Houthi បានបង្ហាញ​ការគាំទ្រ​ជនជាតិប៉ាឡេស្ទីន​ក្នុង​តំបន់ហ្កាហ្សា​

កងកម្លាំង​ក្រុម​ហ៊ូធី (Houthi) នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​បាន​បាញ់​រ៉ុក្កែត​និង​ដ្រូន​ដាក់​កប៉ាល់​របស់​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។ នេះ​គឺជា​យុទ្ធនាការ​នៃ​ការវាយ​ប្រហារ​ថ្មី​ចុងក្រោយ​បង្អស់​របស់​ក្រុម​ហ៊ូធី​លើ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដើម្បី​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ក្នុង​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា (Gaza)។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុម​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នេះ​បាន​និយាយ​ថា​ខ្លួន​បាន​ដៅ​ការ​វាយ​ប្រហារ​លើ​កប៉ាល់​មួយ​គ្រឿង​របស់​ចក្រភព​អង់គ្លេស​និង​នាវា​ចម្បាំង​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​ក្រហម និង​ថា​ខ្លួន​បាន​វាយ​ប្រហារ​លើ​កប៉ាល់ ២ គ្រឿង​របស់​អ៊ីស្រាអែល​នៅ​សមុទ្រ​អារ៉ាប់​និង​មហា​សមុទ្រ​ឥណ្ឌា​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ផែ​អ៊ីស្រាអែល។

ប្រតិបត្តិការ​ទាំង​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​បី​បួន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រុម​ហ៊ូធី​លោកYahya Saree នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្សាយ​តាម​ទូរទស្សន៍។

ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​វាយប្រហារ​សងសឹក​ទៅវិញ​ប្រឆាំង​នឹង​ក្រុម​ហ៊ូធី។

កងកម្លាំង​សហរដ្ឋ​អាមេរិក​បាន​កម្ទេច​ប្រព័ន្ធ​បាញ់​មីស៊ីល​ចល័ត​ពី​ដី​ទៅលើ​អាកាស​មួយ​គ្រឿង​នៅ​ក្នុង​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ហ៊ូធី​នៃ​ប្រទេស​យេម៉ែន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM)។

កងទ័ព​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​នៅ​ពី​លើ​សមុទ្រ​ក្រហម និង​បាន​បន្ថែម​ថា នាវា​ក្រុម​ចម្រុះ​បាន​ចាប់​សញ្ញា​ឃើញ​និង​បាញ់​កម្ទេច​មីស៊ីល​មួយ​គ្រាប់​ដែល​បាញ់​ចូល​មក។ មិន​មាន​សេចក្តី​រាយការណ៍​ណាមួយ​ថា​មាន​អ្នក​រងគ្រោះ​ឬ​ក៏​ការ​ខូចខាត​ណាមួយ​ទេ។

ការ​វាយ​ប្រហារ​របស់​ក្រុម​ហ៊ូធី​កន្លងមក​បាន​បង្អាក់​ដល់​ការ​ដឹកជញ្ជូន​អន្តរជាតិ​កាត់តាម​ព្រែកជីក​ស៊ុយអេ ដោយ​បង្ខំ​ឱ្យ​កប៉ាល់​ដឹក​ទំនិញ​នានា​ធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ​និង​ចំណាយ​កាន់តែ​ច្រើន​ព័ទ្ធ​តាម​ទ្វីប​អាហ្វ្រិក​ភាគ​ខាងត្បូង​វិញ៕