មេដឹកនាំគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សរបស់លោកនិងគណបក្សដែលជាសមាជិកនៃ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»នឹងខិតខំតស៊ូមតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា។
ការថ្លែងរបស់អ្នកនយោបាយជើងចាស់រូបនោះធ្វើឡើងក្រោយគណបក្សរបស់លោកបានសម្រេចចូលរួមក្នុង«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»ដែលមានគណបក្សជំទាស់៤ជាសមាជិក ហើយត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៣។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់វីអូអេនៅថ្ងៃពុធថា ការរួបរួមសាមគ្គីនយោបាយរបស់អ្នកប្រជាធិបតេយ្យជា«ការចាំបាច់បំផុត» ដើម្បីក្លាយជាកម្លាំងមួយ ហើយអាចជ្រើសរើសយកគណបក្សនយោបាយណាមួយទៅប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។ លោកបន្ថែមថា សេរីភាពនយោបាយក្នុងប្រទេសកម្ពុជាមានលក្ខណៈ«តានតឹងច្រើន» ប៉ុន្តែលោកថានឹងព្យាយាមដើម្បីធ្វើឱ្យលំហប្រជាធិបតេយ្យកាន់តែប្រសើរឡើង។
លោកថ្លែងថា៖ «យើងនៅតែមានក្តីសង្ឃឹមក្រោយការរួបរួមនិងបញ្ជីរួមតែមួយ។ យើងចៀសវាងការដាក់បញ្ជីច្រើន ដោយគណបក្សផ្សេងៗពីគ្នា ហើយប្រជាពលរដ្ឋលោកគាំទ្រនូវការរួបរួម។ ហើយយើងនឹងខិតខំធ្វើការតស៊ូមតិ ដើម្បីឱ្យមានលម្ហប្រជាធិបតេយ្យ និងសិទ្ធិសេរី ហើយនឹងជំរុញលើកទឹកចិត្តឱ្យការបោះឆ្នោតហ្នឹងមានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ គណបក្សកម្ពុជានិយមលើកឡើងថា «គណបក្សគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់ឃើញការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យជាធ្លុងមួយ» ដូច្នេះគណបក្សសម្រេចចូលក្នុង«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
ចំណែក«សម្ព័ន្ធភាពទៅអនាគត»បានប្រកាសអបអរសាទរនិងទទួលស្វាគមន៍គណបក្សកម្ពុជានិយមចូលរួមក្នុងសម្ព័ន្ធភាពនេះ។
សម្ព័ន្ធភាពបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែតុលាថា៖ «ការចូលរួមរបស់គណបក្សកម្ពុជានិយមក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតនឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជំរុញនិងលើកទឹកចិត្ត ព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត»។
«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»ក៏ប្រកាសបើកចំហសម្រាប់ការចូលរួមពីគណបក្សនយោបាយផ្សេងទៀតផងដែរ។
នៅមុនការចូលរួមរបស់គណបក្សកម្ពុជានិយម «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»នេះមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច ថ្លែងថា ការចងសម្ព័ន្ធភាពរបស់គណបក្សជំទាស់ជាសិទ្ធិនយោបាយ និងឆន្ទៈរបស់គណបក្សទាំងនោះ ហើយគណបក្សប្រជាជនកម្ពុជាមិនមានការព្រួយបារម្ភឡើយ។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «បញ្ហាសំខាន់ ការបោះឆ្នោត វាអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យ។ តើគណបក្សណាបានកសាងស្នាដៃអីខ្លះ? គុណសម្បត្តិអីខ្លះ? អាហ្នឹងជាបញ្ហាកំណត់»។
លោក សុខ ឥសាន បន្ថែមថា សេរីភាពនយោបាយមិនមានការរឹតត្បិតឡើយ ព្រោះគណបក្សជំទាស់អាចបង្កើតគណបក្សនយោបាយ និងចងសម្ព័ន្ធភាពជាមួយគ្នាបាន ដែលនេះបង្ហាញថា លំហនយោបាយក្នុងប្រទេសកម្ពុជាមានភាពទូលំទូលាយ៕