រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយឥណ្ឌាដើម្បីជួយឥណ្ឌាផ្លាស់ប្ដូរទៅរកថាមពលកកើតឡើងវិញឱ្យបានលឿន។
អ្នកស្រី Yellen បានជួបជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាអ្នកស្រី Nirmala Sitharaman នៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងប្រទេសឥណ្ឌា។
អ្នកស្រី Yellen បាននិយាយថា៖ «យើងទន្ទឹងរង់ចាំធ្វើការជាមួយឥណ្ឌាលើគោលនយោបាយវិនិយោគទុនដើម្បីផ្ដល់ដើមទុនក្នុងតម្លៃទាប និងលើការបង្កើនការវិនិយោគឯកជនដើម្បីពន្លឿនការផ្លាស់ប្ដូរវិស័យថាមពលរបស់ឥណ្ឌា»។
ដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់អ្នកស្រី Yellen ទៅកាន់ប្រទេសឥណ្ឌាបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចរបស់អ្នកស្រី Yellen ទៅឥណ្ឌាលើកនេះគឺជាដំណើរទស្សនកិច្ចលើកទី ៣ របស់អ្នកស្រីទៅកាន់ប្រទេសនេះនៅក្នុងរយៈពេល ៩ ខែចុងក្រោយនេះ ដែលនេះជាសញ្ញាមួយបង្ហាញអំពីការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។