សហរដ្ឋអាមេរិកបានធ្វើការស្មឹងស្មាធមួយសន្ទុះនិងធ្វើការសម្តែងនូវការរំលឹកកាលពីថ្ងៃពុធនៃខួបលើកទី២៣ឆ្នាំនៃការវាយប្រហារភេរវកម្មរបស់ក្រុមអាល់កៃដាលើសហរដ្ឋអាមេរិកដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់។
សាច់ញាតិនៃអ្នកដែលត្រូវបានសម្លាប់នៅពេលដែលយន្តហោះដែលត្រូវបានគេប្លន់បានបើកបុកអាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងក្រុងញូវយ៉កបានប្រមូលផ្តុំគ្នានៅវិមាន Ground Zero នៅពេលព្រឹកបើកថ្ងៃស្រឡះនៃខែកញ្ញានេះដែលដូចជាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោកប្រធានាធិបតី Joe Biden អមដោយអ្នកស្រីអនុប្រធានាធិបតី Kamala Harris បានមើលពិធីនោះ ដូចជាអតីតប្រធានាធិបតីលោក Donald Trump រួមជាមួយអតីតអភិបាលក្រុងញូវយ៉កលោក Michael Bloomberg ដែលបានឈរនៅចន្លោះគូប្រជែងនយោបាយនេះ។
មិនដល់១២ម៉ោងផង បន្ទាប់ពីលោកស្រី Harrisនិងលោក Trump បានបញ្ចប់ការជ ជែកដេញដោលប្រធានាធិបតីនៅក្នុងទីក្រុង Philadelphia បេក្ខជនទាំង២នេះដែលបានជំទាស់ប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកាបានចាប់ដៃគ្នាហើយហាក់ដូចជាសម្តែងនូវភាពរាក់ទាក់ដ៏ឆាប់រហ័ស។
លោក Biden និងលោកស្រី Harris ក្រោយមកបានធ្វើដំណើរទៅក្រុង Shanksville សហគមន៍ដាច់ស្រយាលមួយនៃរដ្ឋ Pennsylvania ជាទីកន្លែងដែលយន្តហោះមួយគ្រឿងទៀតដែលត្រូវបានប្លន់ដោយពួកអាល់កៃដាដែលត្រូវបានគេជឿថាបានហោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនបានធ្លាក់ បន្ទាប់ពីពួកអ្នកដំណើរបានរឹបអូសបន្ទប់បើកបរពីពួកចោរប្លន់យន្តហោះ។
បន្ទាប់មក លោក Biden និងលោកស្រី Harris បានធ្វើដំណើរទៅកាន់ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងដែលយន្តហោះទី៤ដែលត្រូវគេប្លន់បានបុកជញ្ជាំងទីបញ្ជាការដែលមានប្រាំជ្រុងរបស់ក្រសួងការពារជាតិ៕
២៣ឆ្នាំក្រោយមកសហរដ្ឋអាមេរិករំលឹកការវាយប្រហារភេរវកម្មរបស់ក្រុមអាល់កៃដាថ្ងៃទី១១ ខែកញ្ញា

ប្រធានាធិបតី លោក Joe Biden អនុប្រធានាធិបតី អ្នកស្រី Kamala Harris ធ្វើការស្មឹងស្មាធមួយសន្ទុះនិងធ្វើការសម្តែងនូវការរំលឹកកាលពីថ្ងៃពុធនៃខួបលើកទី២៣ឆ្នាំនៃការវាយប្រហារភេរវកម្មរបស់ក្រុមអាល់កៃដាលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៤។