ភាពចម្រូងចម្រាសថា តើមានការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាឬយ៉ាងណា នៅតែជាបញ្ហានៅឡើយ ជាពិសេសការបង្កើតច្បាប់នានាដែលអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស យល់ឃើញថា មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ជាការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជាដែលកំពុងមានវត្តមានបច្ចុប្បន្ននេះ។ រយៈពេល ២៧ ឆ្នាំមកនេះ កម្ពុជាក៏ត្រូវបានរិះគន់ថា មិនអនុវត្តឲ្យបានពេញលេញនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយសារច្បាប់មួយចំនួនត្រូវបានបង្កើតឡើងដោយមិនស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយកម្ពុជាមិនបានផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ បញ្ចេញមតិ និងធ្វើនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោក សឹង សែនករុណា ដែលធ្វើការលើផ្នែកសិទ្ធិមនុស្សច្រើនឆ្នាំមកហើយ មានប្រសាសន៍ថា កន្លងមកច្បាប់ចម្រូងចម្រាសនានាតែងតែអនុម័តដោយរលូនមិនមានការរារាំងពីក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ក្នុងនោះមានច្បាប់អង្គការសមាគម ច្បាប់សហជីព និងវិសោធនកម្មច្បាប់គណបក្សនយោបាយជាដើម ដែលអង្គការសង្គមស៊ីវិលយល់ថា មិនទាន់គោរពតាមរដ្ឋធម្មនុញ្ញនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែកន្លងមកយើងឃើញថា បើកាលណានីតិប្រតិបត្តិខាងរដ្ឋាភិបាលហ្នឹង ស្នើច្បាប់ទៅនីតិបញ្ញត្តិ យើងឃើញថាច្បាប់ហ្នឹងតែងតែរលូន ដោយមិនមានការរារាំងពីក្រុមប្រឹក្សាធម្មនុញ្ញទេ»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលនាំឲ្យតុលាការអាចរំលាយគណបក្សនយោបាយនិងកាត់សិទ្ធិនយោបាយរបស់អ្នកនយោបាយ ត្រូវបានអនុម័តដោយមិនមានការរារាំងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ វិសោធនកម្មនេះនាំឲ្យមានការរំលាយគណបក្សសង្រ្គោះជាតិ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយគណបក្សប្រឆាំងដ៏ធំមួយនេះ មិនអាចចូលរួមការបោះឆ្នោតបាន។
វិសោធនកម្មច្បាប់នេះក៏អនុញ្ញាតឲ្យរំលាយតំណែងរបស់អ្នកនយោបាយថ្នាក់ក្រោមរបស់គណបក្សប្រឆាំងមួយនេះជាង ៥ ពាន់នាក់ និងកាត់សិទ្ធិនយោបាយរបស់សមាជិកគណបក្សចំនួន ១១៨ រូប។ នេះនាំឲ្យមានការរិះគន់ថា មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថាប្រជាពលរដ្ឋមានសិទ្ធិធ្វើនយោបាយ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកបន្តថា ការបែងចែកមិនដាច់គ្នានៃអំណាចធំៗក៏ជាការលំបាកមួយសម្រាប់ការអនុវត្តតួនាទី ដូចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាមន្រ្តីគណបក្សកាន់អំណាចជាដើម។
លោកមានប្រសាសន៍ថា៖ «រួមទាំងក្រុមប្រឹក្សាធម្មនុញ្ញជាដើម យើងឃើញថា សុទ្ធតែជាមនុស្សក្នុងគណបក្សនយោបាយ មាននិន្នាការនយោបាយជាប់ទៅនឹងខ្លួនថា តើគាត់ហ៊ានសម្រេចក្លាហានមិនទទួលយកសំណើរបស់រដ្ឋាភិបាលឬអត់?»
មាត្រា ៥១ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភាព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រាល់នីតិវិធីច្បាប់ផ្សេងៗត្រូវតែអនុលោមទៅតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យច្បាប់ទាំងនោះអធម្មនុញ្ញភាព។
លោកស្រីថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សាមួយស្តីពី «ការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារយៈពេល ២៧ ឆ្នាំ» ដែលបង្ហោះលើវេបសាយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកស្រីបន្តថា ច្បាប់ដែលត្រូវបានអនុម័តក្នុងរយៈពេលចុងក្រោយនេះ រងការរិះគន់ក្នុងនោះមានច្បាប់អង្គការសមាគម ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីទូរគមនាគមន៍ និងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលសាធារណជនកំពុងចាប់អារម្មណ៍។ លោកស្រីបន្ថែមទៀតថា សេរីភាពរបស់ប្រជាពលរដ្ឋរងការរឹតត្បិត ទាំងសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំ។
លោកស្រីមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងសេរីភាពជាមូលដ្ឋាន ដូចជាសេរីភាពបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី ឬក៏សេរីភាពក្នុងការចងក្រងជាសមាគម ដែលយើងមានសេរីភាពទៅចូលរួមក្នុងបក្ស ឬក៏ទៅចូលរួមក្នុងក្លឹប ឬក៏ក្នុងបណ្តាញណាមួយ គឺត្រូវបានប្រឈមមែនទែន»។
មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញចែងថា កម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារី និងសិទ្ធិកុមារ។
មាត្រានេះចែងបន្តថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។
ត្រង់ចំណុចនេះ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា៖«កន្លែងនេះក្នុងរដ្ឋធម្មនុញ្ញបានឲ្យតម្លៃសំខាន់មែនទែន ដល់ការគោរពទៅដល់និយាមនៃស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ»។
លោក គង់ សំអុន ដែលជាមេធាវីជើងចាស់ម្នាក់នៅកម្ពុជា មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញបានផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ប៉ុន្តែក៏មានចែងថា វាស្ថិតនៅក្រោមច្បាប់។ លោកថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹង យើងមើលឃើញរដ្ឋធម្មនុញ្ញរបស់យើងហ្នឹង គឺថា ទីមួយផ្តល់ (សិទ្ធិសេរីភាព) ឲ្យ អាចថាឲ្យដៃមួយចំហៀង អាដៃមួយចំហៀងទៀតទាញយកវិញ»។
លោកបន្ថែមថា៖ «ហើយខ្ញុំជឿថា អាចមានច្បាប់ខ្លះមានបញ្ហាដែលមិនស្របទៅនឹងគោលការណ៍រដ្ឋធម្មនុញ្ញ ជាពិសេសទាក់ទងទៅនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយចំនួន»។
លោក តាំង រតនា អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីក្នុងបកស្រាយរដ្ឋធម្មនុញ្ញបកស្រាយច្បាប់ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ហើយនិងដោះស្រាយបណ្តឹងនៃការបោះឆ្នោតរដ្ឋសភា និងព្រឹទ្ធសភា។ លោកបន្តថា ក្រុមប្រឹក្សាបានពិនិត្យលើច្បាប់នានា ដោយឈរលើគោលការណ៍ឯករាជ្យ និងអព្យាក្រឹតហើយការយល់ឃើញរបស់អង្គការសង្គមស៊ីវិលថា ច្បាប់អធម្មនុញ្ញភាពជាសិទ្ធិសេរីភាពរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងជាការយល់ឃើញរបស់បុគ្គលជាការយល់ឃើញរបស់ឯកជនទេបាទ។ ដូចជាខ្ញុំបានជម្រាបអ៊ីចឹងថា អ្នកដែលមានសិទ្ធិថា ខុសឬក៏ត្រូវ មានន័យថាស្របឬមិនស្របរដ្ឋធម្មនុញ្ញ គឺមានតែក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានសមត្ថកិច្ចនៅក្នុងការពិនិត្យថា ច្បាប់ហ្នឹងស្របឬក៏មិនស្រប»។
លោកបន្ថែមថា៖ «ស្របឬក៏មិនស្រប គឺក្រុមប្រឹក្សាធម្មនុញ្ញមានមូលដ្ឋានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ និងរឹងមាំ នៅក្នុងការបញ្ជាក់ឈរទៅលើគោលការណ៍ឯករាជ្យអព្យាក្រឹត»។
លោកបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញធ្លាប់ប្រកាសអធម្មនុញ្ញភាពនៃច្បាប់ ដូចជាច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី ដែលកាលនោះចែងថា ក្រសួងកិច្ចការនារីត្រូវដឹកនាំដោយរដ្ឋមន្រ្តីមួយរូបជានារី ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា ចំណុចនេះមានការរើសអើង។
មានការលើកឡើងអំពីសមាសភាពនៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៩ រូប ដែលប្រធានក្រុមប្រឹក្សាបច្ចុប្បន្ននេះគឺលោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាសមាជិកគណៈអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា។
លោក តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៩ រូប ដោយ ៣ រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ៣ រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា និង ៣ រូបទៀត ជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកបញ្ជាក់ថា ការជ្រើសរើស គឺធ្វើឡើងទៅតាមនីតិវិធី។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹង គឺអ្វីៗនីតិវិធីនៃការរើស គឺយើងអនុលោមទៅតាមច្បាប់។ ចំពោះលក្ខណៈបុគ្គល ហើយការយល់ឃើញរបស់បុគ្គលជាឯកជនដូចគ្នាដែរ អាហ្នឹងជាការយល់ឃើញជាលក្ខណៈឯកជនទេ ប៉ុន្តែសូមមើលថា តើនីតិវិធីនៃការរើសហ្នឹងស្របច្បាប់ឬទេ?»
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី ៦ ចាប់តាំងពីប្រទេសកម្ពុជាបានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមប្រទេស ដោយបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូង ក្នុងឆ្នាំ ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមានប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការបែងចែកអំណាច និងនីតិរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយអបអរសាទរខួប ២៧ ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា ការប្រកាសឲ្យប្រើប្រាស់នេះផ្តើមចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១៕