ថ្ងៃទី២៤ ខែមិថុនា គឺជាខួបពីរឆ្នាំចាប់តាំងពីតុលាការកំពូលបានកែប្រែសិទ្ធិក្នុងការរំលូតកូនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នៅពេលនោះ មធ្យោបាយដើម្បីដំណើរការប្រើសិទ្ធិក្នុងការរំលូតកូននៅទូទាំងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយផ្នែកមួយចំនួនធំនៃប្រទេសបានហាមឃាត់នីតិវិធីមិនឱ្យរំលូតកូននេះប្រកបដោយប្រសិទ្ធភាព ខណៈដែលផ្នែកផ្សេងទៀតនៃប្រទេសបានអនុម័តច្បាប់ដើម្បីការពារសិទ្ធិនេះ។
គ្លីនិកដែលផ្តល់សេវារំលូតកូនរាប់សិបកន្លែងនៅទូទាំងរដ្ឋជាច្រើនបានបិទក្នុងរយៈពេលពីរឆ្នាំ។ ហើយដោយមានច្បាប់រឹតត្បិតកាន់តែខ្លាំងឡើងដែលនឹងចូលជាធរមាន ចំនួនគ្លីនិកដែលនឹងបិទទ្វារអាចនឹងកើនឡើងទៀត។
រដ្ឋចំនួន ១៤ បានចេញបម្រាមយ៉ាងទូលំទូលាយ ដែលធ្វើឱ្យអ្នកដែលរស់នៅក្នុងរដ្ឋទាំងនោះស្ទើរតែមិនអាចទទួលសេវារំលូតកូនដោយស្របច្បាប់នៅក្នុងរដ្ឋរបស់ពួកគេបាននោះទេ។ រដ្ឋមួយចំនួន ដូចជារដ្ឋ Texas មានច្បាប់ដែលចែងអំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើបុគ្គលដែលជួយស្ត្រីឱ្យធ្វើដំណើរចេញពីរដ្ឋក្នុងគោលបំណងរំលូតកូន។
យោងតាមវិទ្យាស្ថាន Guttmacher ដែលជាអង្គការដែលសិក្សាអំពីបញ្ហាផ្លូវភេទ និងសុខភាពបន្តពូជបានឱ្យដឹងថា ផលប៉ះពាល់នៃការផ្លាស់ប្តូរច្បាប់មានលក្ខណៈទូលំទូលាយ និងមិនជាក់លាក់។ ជាឧទាហរណ៍ ស្ត្រីដែលមិនមានលទ្ធភាពទៅមណ្ឌលសុខភាពបន្តពូជ ត្រូវតែពឹងផ្អែកលើការណាត់ជួបតាមទូរសព្ទ ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ ហើយជារឿយៗពួកគេត្រូវបានគេតម្រូវឱ្យរំលូតកូននៅផ្ទះដោយប្រើថ្នាំដែលផ្ញើតាមប្រៃសណីយ៍។
យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Guttmacher បានឱ្យដឹងទៀតថា ការហាមប្រាមមិនឱ្យរំលូតកូននេះបានបណ្តាលឱ្យគុណភាពនៃការថែទាំសុខភាពដែលស្ត្រីទទួលបានមានការថយចុះ។
នៅក្នុងរដ្ឋមួយចំនួនដែលមានច្បាប់រឹតបន្តឹងខ្លាំង ស្ត្រីដែលនឹងអាចមានបញ្ហាក្នុងពេលមានផ្ទៃពោះដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេត្រូវតែរង់ចាំរហូតដល់ពួកគេហៀបនឹងមានហានិភ័យមុនពេលគ្រូពេទ្យត្រូវបានអនុញ្ញាតឱ្យធ្វើការរំលូតកូន។ ក្នុងករណីផ្សេងទៀត ការបិទមណ្ឌលសុខភាពបន្តពូជក្នុងតំបន់បានធ្វើឱ្យស្ត្រីមានផ្ទៃពោះមិនអាចទទួលបានការថែទាំមុនពេលសម្រាលកូនប្រកបដោយគុណភាព ហើយនឹងស្ត្រីផ្សេងទៀតមិនអាចទទួលបានសេវាពន្យារកំណើតនោះទេ។
ការហាមឃាត់មិនឱ្យរំលូតកូន ថែមទាំងបានរារាំងដល់វេជ្ជបណ្ឌិតដែលទើបបញ្ចប់ការសិក្សាថ្មីៗនៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងរដ្ឋដែលមានច្បាប់តឹងរ៉ឹងបំផុតទាំងនោះមិនឱ្យទទួលបានការណែនាំអំពីរបៀបធ្វើការរំលូតកូនទៀតផង។
ស្ត្រីជាច្រើនដែលចាកចេញពីរដ្ឋដើម្បីរំលូតកូន ត្រូវតែធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទទួលការថែទាំ ដែលជួនកាលមានបញ្ហាផ្នែកវេជ្ជសាស្ត្រធ្ងន់ធ្ងរ។
អ្នកស្រី Sara Estep នាយិការងនៃមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមវឌ្ឍនភាពស្ត្រីអាមេរិកបានសរសេរនៅក្នុងសារអ៊ីមែលមួយមកកាន់ VOA ថា៖ «ចាប់តាំងពីការសម្រេចកែប្រែដោយតុលាការកំពូលក្នុងរឿងក្តី Roe v. Wade និងផលវិបាកដែលប៉ះពាល់ជាបន្តបន្ទាប់នៃការហាមឃាត់មិនឱ្យមានការរំលូតកូនរបស់រដ្ឋដែលបានធ្វើតាមនោះ បានធ្វើឱ្យចំនួនពេលវេលាបើកបរដើម្បីទៅទទួលសេវារំលូតកូនបានកើនឡើង ៣០០% នៅទូទាំងប្រទេស»។
អ្នកស្រី Estep បាននិយាយទៀតថា៖ «នៅរដ្ឋ Florida ចំនួនពេលវេលាបើកបរបានកើនឡើងជិត ២.៤០០% ហើយនៅភាគខាងត្បូងនៃរដ្ឋ Texas វិញ ស្ត្រីត្រូវបើកបរជាង១១ម៉ោងដើម្បីទៅកន្លែងទទួលសេវារំលូតកូន។ ការហាមឃាត់មិនឱ្យរំលូតកូនទាំងនេះបង្ខំឱ្យស្ត្រីឈប់សម្រាកពីការងារជាច្រើនថ្ងៃ ស្វែងរកកន្លែងមើលថែទាំកុមារ ចំណាយលើថ្លៃសាំង និងការចំណាយទាក់ទងនឹងការធ្វើដំណើរជាច្រើនទៀត ដែលជាញឹកញាប់ស្ត្រីដែលមានប្រាក់ចំណូលទាប វ័យក្មេង ស្បែកខ្មៅ ឬមានដើមកំណើតអាមេរិកឡាទីន មិនអាចមានលទ្ធភាពធ្វើបានឡើយ ហើយនោះយើងមិនទាន់ទាំងគិតការចំណាយលើសេវារំលូតកូនផង»។
អ្នកស្រី Candace Gibson នាយិកាផ្នែកគោលនយោបាយរដ្ឋនៅវិទ្យាស្ថាន Guttmacher សរសេរនៅក្នុងសារអ៊ីមែលមួយមកកាន់ VOA ថា៖ «ខណៈពេលដែលអ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយត្រូវការពេលវេលាដើម្បីស្វែងយល់ឱ្យបានពេញលេញអំពីផលប៉ះពាល់នៃការសម្រេចប្រែក្រឡះដោយតុលាការកំពូលក្នុងរឿងក្តី Roe v. Wade នេះ ការខូចខាតមួយចំនួនបានកើតឡើងយ៉ាងច្បាស់រួចទៅហើយដោយសារភាពច្របូកច្របល់ និងភាពវឹកវរដែលឥឡូវនេះកំពុងគ្របដណ្តប់លើគ្រូពេទ្យផ្តល់សេវា គ្លីនិក និងអ្នកជំងឺ»។
អ្នកស្រី Gibson បានថ្លែងទៀតថា៖ «យើងដឹងថា ក្រុមមនុស្សដែលត្រូវបានរងប៉ះពាល់ដោយប្រព័ន្ធថែទាំសុខភាពនឹងមានអារម្មណ៍ថា ផលប៉ះពាល់ដោយសារ ការសម្រេចប្រែក្រឡះដោយតុលាការកំពូលក្នុងរឿងក្តី Roe v. Wade មានខ្លាំងបំផុត ទាំងនៅក្នុងលក្ខខណ្ឌនៃការត្រូវបានបដិសេធក្នុងការទទួលបានសេវារំលូតកូន និងផលប៉ះពាល់ដូចជា ត្រូវបានកាត់ផ្តាច់ការថែទាំផ្នែកសម្ភព និងហានិភ័យដែលអាចកើតមានសម្រាប់សុខភាពមាតា។ យើងត្រូវតែគាំទ្រជាបន្ទាន់នូវគោលនយោបាយដែលការពារសិទ្ធិរំលូតកូន ដើម្បីធានាបាននូវការថែទាំសុខភាពផ្លូវភេទ និងបន្តពូជប្រកបដោយសមធម៌សម្រាប់ទាំងអស់គ្នា»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់